ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផេន (Marise Payne) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ វិច្ឆិកា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ក្រសួងការបរទេសបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន ផ្សព្វផ្សាយនៅថ្ងៃទី ៥ ខែវិច្ឆិកាថា ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីនឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកស្រី ម៉ារីស ផេន ក៏នឹងមានជំនួបទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនានា និងបញ្ហាតំបន់និងអន្តរជាតិ ព្រមទាំងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២ របស់កម្ពុជាផងដែរ។
លោកស្រីក៏នឹងទៅទស្សនាអង្គការកម្ពុជា ដើម្បីជួយស្ត្រីមានវិបត្តិ ដែលនឹងទទួលស្វាគមន៍ ដោយលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកជំទាវ ម៉ារីស ផេន មកកាន់កម្ពុជានឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការធ្វើការកាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង ទាំងនៅក្នុងក្របខ័ណ្ឌ ទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំង ២»៕