ភ្នំពេញៈ ខណៈ​ពេល​ចំនួន​សត្វ​ខ្ទីង ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ការ​ធ្លាក់​ចុះ​ទាំង​នៅ​ក្នុង​សកលលោក និង​កម្ពុជា វត្តមាន​កូនខ្ទីង​និង​ខ្ទីងជំទង់​ជាច្រើន​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការការពារ​ជម្រក​និងសុវត្ថិភាព​សត្វ​ព្រៃ​កាន់​តែ​ប្រសើរ។

លោក នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ឱ្យ​ដឹង​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ក្រសួង​បរិស្ថាន​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ថត​បាន​ហ្វូង​សត្វខ្ទីង ដែល​មាន​ទាំង​សត្វ​ខ្ទីង​ធំ សត្វ​ខ្ទីង​តូចៗ ជាច្រើន​តាម​រយៈម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​កម្ពុជា។

លោក​ថ្លែង​ថា៖ «វត្តមាន​នៃ​កូន​សត្វខ្ទីង​ជាច្រើន គឺ​ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​សម្រាប់​ក្រុម​អ្នក​អភិរក្ស​និង​សម្រាប់​ជីវៈ​ចម្រុះ​ពិភពលោក ខណៈ​សត្វខ្ទីង​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​លើ​ពិភព​លោក ហើយ​ចំនួន​របស់​វា​ត្រូវ​បានកត់​សម្គាល់​ថា មាន​និន្នាការ​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក»។

លោក​បាន​ឱ្យ​ដឹង​បន្ត​ថា គេ​នៅ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា នៅ​កម្ពុជា​នៅ​សល់​សត្វ​ខ្ទីង​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​នោះ​ទេ។ ប៉ុន្តែ​យោងតាម ទិន្នន័យ​ទទួល​បាន​ពី​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ និង​ពី​មន្ត្រី​ឧទ្យានុរក្ស​ដែល​បាន​ចុះ​ល្បាត​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​នានា​បាន​ឱ្យ​ដឹង​ថា សត្វ​ខ្ទីង​មាន​វត្តមាន​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ផ្សេងៗ។ នៅ​ក្នុង​ហ្វូង​ខ្ទីង​ដែល​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ គឺ​មាន​វត្តមាន​កូន​ខ្ទីងនិង​សត្វខ្ទីង​ជំទង់​ជាច្រើន​ដែល​នេះ​បង្ហាញ​ថា សត្វ​ខ្ទីង​បន្ត​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា និង​បាន​បន្ត​ពូជ​បង្កើត​កូន​តូចៗជាច្រើន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​បាន​ប្រភេទ​ពូជ​សត្វ​ដ៏​កម្រ​របស់​ពិភព​លោក​នៅ​កម្ពុជា និង​ការ​ថែរក្សា​បាន​នូវ​ទីជម្រក​ប្រកប​ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ​រស់​នៅ និង​ការ​ចូលរួម​អភិរក្ស​ជីវៈ​ចម្រុះ​ពិភព​លោក។

សត្វខ្ទីង​ធ្លាប់​មាន​វត្ត​មាន​នៅ​តាម​តំបន់​ព្រៃ​ក្នុង​តំបន់​អាស៊ី​ភាគ​ខាង​ត្បូង​និង​ភាគ​អាគ្នេយ៍ និង​ប្រទេស​ស្រីលង្កា។ ចំនួន​សត្វ​ខ្ទីង​ត្រូវ​បាន​សិក្សាថា​មាន​ការ​ថយ​ចុះ​ជាង ៨០ ភាគរយ​ក្នុង​រយៈពេល​មួយ​សតវត្សរ៍​ចុងក្រោយ​នេះ។

សត្វខ្ទីង​នៅ​លើ​ពិភព​លោក​បាន​ថយ​ចុះ​ប្រមាណ ៩០ ភាគរយ ចាប់​ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី ២០ មក។ តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ សត្វ​ខ្ទីង​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ជាង ៥០​ភាគរយ នៅ​ក្នុង​អំឡុង ពេល​ចន្លោះ​ពី​ឆ្នាំ ១៩៦០ មក​ដល់​ដើម​ឆ្នាំ ១៩៩០។ ចំនួន​នេះត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​រហូត​មក​ដល់​ពេល​នេះ។

លោក នេត្រ ភក្រ្តា បាន​បញ្ជាក់​ថា៖​«បើ​ទោះ​បី​ជា​ការ​សិក្សា​បាន​បង្ហាញ​ថា ចំនួន​សត្វ​ខ្ទីង​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ស្រប​តាម​និន្នាការ​នៃ​ការថយ​ចុះ​របស់​ពិភព​លោក តែ​របាយ ប្រជាសាស្ត្រ​សត្វ​ខ្ទីង​មាន​នៅ​ស្ទើរ​គ្រប់​តំបន់​ការពារ​ធម្មជាតិ​នានា ហើយ​វត្តមាន​នៃ​កូន​ខ្ទីង​តូចៗ និង​ខ្ទីង​វ័យ​ជំទង់​ច្រើន ដែល​ថត​បាន​ក្នុង​តំបន់​ការពារ​ធម្មជាតិ គឺ​ជា​ក្តី​សង្ឃឹម​ដ៏​មុតមាំ​ពី​ការ​បន្ត​ពូជ​និង​ការ​រីក​ធំ​នៃ​គ្រួសារ​សត្វ​ខ្ទីង»។

យោងតាម​ការ​សិក្សា​របស់​អ្នក​ជំនាញ បច្ចុប្បន្ន​នេះ ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ខ្ទីង​នៅ​លើ​ពិភព​លោក​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​ចន្លោះ​ពី១៥០០០ ទៅ ៣៥០០០ ក្បាល។ ខ្ទីង​កំពុង​មាន​វត្តមាន​រស់​នៅ​ក្នុង​ប្រទេស ប៊ូតង់ កម្ពុជា ចិន ឥណ្ឌា ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា នេប៉ាល់ ថៃ​និង​វៀតណាម ប៉ុន្តែ​បាន​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា និង​ប្រទេស បង់ក្លាដែស។

ដោយឡែក​នៅ​កម្ពុជា តំបន់​ខ្លះ​មាន​សត្វ​ខ្ទីង​ចំនួន​ច្រើន​ ដូចជា នៅ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែល​ជា​តំបន់​ដែល​មានសត្វ​ខ្ទីង​រស់​នៅ​ច្រើន​នៅ​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៩០ ចន្លោះ​ពី​ជាង ៥០០ ទៅ​ជាង ១០០០ក្បាល។ ប៉ុន្តែ​ចំនួន​នេះ​បាន​ថយ​ចុះ​នៅ​ពេល​បច្ចុប្បន្ន។ នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​កែវសីមា ត្រូវ​បាន​ប៉ាន់​ស្មាន​ថា មាន​សត្វ​ខ្ទីង​ប្រមាណ​ជាង ១០០​ក្បាល​នៅ​ឆ្នាំ​ ២០២០​កន្លង​ទៅ ខណៈនៅ​ឆ្នាំ ២០១០ មាន​សត្វ​ខ្ទីង​ប្រមាណ ៥០០ ក្បាល​រស់នៅ៕

វីដេអូ៖