ភ្នំពេញៈ ក្រសួងអប់រំរំកិលថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ពីថ្ងៃទី៦ ធ្នូ មកថ្ងៃទី២៧ ធ្នូ វិញ ដើម្បីឱ្យសិស្សមានពេលគ្រប់គ្រាន់ក្នុងការរៀនត្រៀមប្រឡង។
ក្រសួងអប់រំបានជូនដំណឹងតាមរយៈហ្វេសប៊ុកកាលពីយប់ថ្ងៃទី៥ ខែវិច្ឆិកា ថា៖«២៧ ធ្នូ ២០២១ (ជា) កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សទុតិយភូមិ»។
ក្រសួងអប់រំ បានអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញនៅគ្រប់កម្រិតនៅទូទាំងរាជធានី ខេត្ត ចាប់ពីថ្ងៃទី១ វិច្ឆិកា។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ថា សាលាដែលបើកដំណើរការឡើងវិញមានជាង១ ៣០០ សាលា ដែលមានសិស្សជាង ២ លាននាក់បានចូលរៀនឡើងវិញ។ គ្រូបង្រៀនជាង ៩០ ភាគរយបានចាក់វ៉ាក់សាំងកូវីដ១៩ ដែលអាចបង្កើតភាពស៊ាំក្នុងសង្គមនិងមិនធ្វើឱ្យមានការឆ្លងជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។
លោកថ្លែងថា៖ «ក្រសួងនឹងពិនិត្យមើលពន្យារពេលប្រឡង (បាក់ឌុប) ដើម្បីឱ្យសិស្សមានពេលគ្រប់គ្រាន់ដើម្បីរៀន។ អ៊ីចឹងសំខាន់គឺគាត់ត្រូវខំរៀន...។ ការប្រឡងទៀតសោតគឺដើម្បីលើកទឹកចិត្តឱ្សសិស្សខំប្រឹងរៀន។ បើសិនជាយើងមិនឱ្យគាត់ប្រឡង គឺច្បាស់ជាគាត់ឈប់រៀន»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ៦ វិច្ឆិកាថា៖ «ក្រសួងអប់រំ យុវជន និងកីឡា បានរំកិលកាលបរិច្ឆេទប្រឡងបាក់ឌុបទៅថ្ងៃ២៧ ធ្នូ ២០២១ ដើម្បីទុកឱកាសជូនសិស្សថ្នាក់ទី១២ មានពេលបន្ថែមរៀនត្រៀមប្រឡង»។
លោកថ្លែងថា ការប្រឡងបាក់ឌុបត្រូវបន្តអនុវត្តន៍គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាពសុខភាព៕