ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តេជ្ញាលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២២។
លោកថ្លែងដូច្នេះតាមរយៈសារលិខិតដែលផ្សព្វផ្សាយនៅថ្ងៃទី ៦ វិច្ឆិកា ដើម្បីអបអរទិវាជាតិអាហារូបត្ថម្ភលើកទី៨ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ ក្រោមប្រធានបទ «ការពង្រឹងប្រព័ន្ធស្បៀងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ក្នុងបរិបទវិបត្តិកូវីដ ១៩ កម្ពុជាមិនត្រឹមតែអាចបញ្ចៀសបានវិបត្តិស្បៀងអាហារប៉ុណ្ណោះទេ តែថែមទាំងបានចាប់យកឱកាសវិបត្តិកូវីដ ១៩ នេះដើម្បីពង្រឹងប្រព័ន្ធស្បៀងតាមរយៈការដាក់ចេញវិធានការផលិតនិងផ្គត់ផ្គង់ផលិតផលកសិកម្មនិងស្បៀងអាហារមានគុណភាព និងសុវត្ថិភាពទៅទីផ្សារក្នុងតំបន់ និងពិភពលោក។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ដោយឈរលើកត្តាសន្តិភាព និងស្ថិរភាពនយោបាយ ដែលបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំឈានទៅសម្រេចបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ ២០៣០។ រាជរដ្ឋាភិបាលបាននិងកំពុងចូលរួមយ៉ាងសកម្មនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់និងពិភពលោក»។
លោកនាយករដ្ឋមន្ត្រីបន្តថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២ រាជរដ្ឋាភិបាលនឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ានដែលជាតំបន់ដ៏មានសារៈសំខាន់មួយសម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពិភពលោក។
លោក ហ៊ុន សែន ថ្លែងថា៖ «រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បីលើកកម្ពស់ប្រព័ន្ធស្បៀងឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះវិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាននិងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង»៕