ភ្នំពេញៈ មន្ត្រីបរិស្ថានកម្ពុជាអំពាវនាវឱ្យមានការគាំទ្រមូលនិធិពីបណ្តាប្រទេសនានា ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩។
លោក ស៊ុំ ធី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពថ្លែងថា៖ «ប្រទេសកម្ពុជា ត្រូវការការគាំទ្រពីគ្រប់ដៃគូទាំងអស់ រួមទាំងមូលនិធិបរិស្ថានសកល មូលនិធិអាកាសធាតុបៃតង និងជំនួយទ្វេភាគី ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក្នុងដំណាក់កាលនៃការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩»។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថាននៅថ្ងៃទី ៦ វិច្ឆិកា។
លោកថ្លែងដូច្នេះក្នុងកិច្ចប្រជុំជាមួយលោក Carlos Manuel Rodriguez នាយកមូលនិធិបរិស្ថានសកល (GEF) ក្នុងឱកាសលោកចូលរួមសន្និសីទលើកទី២៦ បណ្តាភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាសហ្កូ (Glasgow) ចក្រភពអង់គ្លេសកាលពីថ្ងៃទី៥ វិច្ឆិកា។
លោក ស៊ុំ ធី បន្តថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងដឹកនាំរៀបចំចំណាត់អាទិភាព និងវិធានការបន្ថែមពាក់ព័ន្ធនឹងភាពធន់នឹងអាកាសធាតុ និងការស្តារបៃតងនៅក្នុងផែនការស្តារសេដ្ឋកិច្ចឆ្នាំ ២០២១-២០២៣។
កម្ពុជាបានរៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ រយៈពេល ១០ ឆ្នាំ និងបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុនូវផែនការបច្ចុប្បន្នភាពការចូលរួមចំណែកជាតិ (Updated NDC)។
លោកបន្តថា កម្ពុជាចង់ឃើញការគាំទ្រទាំងបច្ចេកវិទ្យា និងហិរញ្ញប្បទានសម្រាប់អនុវត្តផែនការដែលមានស្រាប់ ដើម្បីលើកកម្ពស់ជីវភាពរបស់សហគមន៍ និងសេដ្ឋកិច្ចជាតិ៕