ភ្នំពេញៈ តំណាងគណបក្សប្រជាជនកម្ពុជា (CPP) ប្រចាំសន្និសីទអន្តជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties – ICAPP) បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី២០ ឆ្នាំ នៃការបង្កើតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី តាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី ០៨ ខែវិច្ឆិកា ដោយមានការចូលរួមពីសមាជិកគណបក្សនយោបាយជាច្រើនរូប។
ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ ២០ ឆ្នាំ នៃការបង្កើត ICAPP នេះ ក៏មានការចូលរួមពីលោកស្រី ឃួន សុដារី សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍អង្គការ ICAPP និងប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី ដែលត្រូវបានបង្កើតឡើង នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ ២០០០ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងគណបក្សនយោបាយ នៅទ្វីបអាស៊ី គឺជាបណ្តាញគណបក្សនយោបាយធំជាងគេមួយ នៅទ្វីបអាស៊ីដែលមានសមាជិកជាង ៣៥០ គណបក្សនយោបាយ មកពី ៥២ ប្រទេស។
ប្រភពដដែលបានបន្តថា៖ «បច្ចុប្បន្ន អង្គការ ICAPP ដឹកនាំដោយ លោក Jose de Venecia ប្រធានស្ថាបនិក ICAPP និងជាអតីតប្រធានសភាហ្វីលីពីន ៥អាណត្តិ លោក Chun Eui-yong សហប្រធាន ICAPP និងជារដ្ឋមន្ត្រីការបរទេស (សាធារណៈរដ្ឋកូរ៉េ) និងអនុប្រធាន ៤ រូប មកពីគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តចិន គណបក្សប៉ាគីស្ថានមូស្លីមលីក និងគណបក្សរួបរួមរុស្ស៊ី និងមានលេខាធិការដ្ឋាននៅសាធារណៈរដ្ឋកូរ៉េ»។
គណបក្សប្រជាជនកម្ពុជា ក្រោមចក្ខុវិស័យ និងការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ គណបក្សនយោបាយ នៅក្នុងតំបន់មួយនេះ។
គួរបញ្ជាក់ថា តំណាងគណបក្សប្រជាជនកម្ពុជា នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP រួមមាន លោកហោ ណាំហុងនិងបច្ចុប្បន្ន លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា ក្នុងតួនាទីជាអនុប្រធាន ICAPP បានបន្តដឹកនាំចូលរួមចំណែកពង្រឹង និងពង្រីកកិត្យានុភាព និងការចូលរួមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ពហុភាគី នៅក្នុងតំបន់អាស៊ីមួយនេះ។
ជាមួយគ្នានេះដែរ គណបក្សប្រជាជនកម្ពុជា ក៏មានតំណាងប្រចាំការនៅក្នុងស្ថាប័នចម្រុះរបស់ ICAPP រួមមាន លោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) លោកស្រី អ៊ឹង កន្ថាផាវី នៅក្នុងវេទិកាស្ត្រី ICAPP លោក ហ៊ុយ វណ្ណៈ នៅក្នុងវេទិកាសារព័ត៌មាន ICAPP និងលោក សុខ សូកេន នៅក្នុងវេទិកាយុវជន ICAPP។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលនេះ គណបក្សប្រជាជនកម្ពុជា ក៏តែងតែបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំនិងសកម្មភាពនានារបស់ ICAPP និងបន្តប្តេជ្ញាចូលរួមក្នុងបុព្វហេតុ ដើម្បីលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន សារព័ត៌មាន ការលើកកម្ពស់សិទ្ធិស្ត្រីនិងយុវជន នវានុវត្តន៍និងការតភ្ជាប់ ដើម្បីសន្តិភាព ស្ថិរភាព និងការកសាងសហគមន៍អាស៊ីរួបរួម៕