ភ្នំពេញៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានឹងយាងទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូក្នុងឱកាសខួបលើកទី៧៥ នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ៨ ខែវិច្ឆិកា បានឱ្យដឹងថា ការយាងទៅនេះគឺតបទៅតាមការយាងរបស់លោកស្រី Audrey Azoulay អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ)។
សេចក្តីប្រកាសព័ត៌មាននេះ បន្តថា នៅថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជសុន្ទរកថា នៅក្នុងពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាតនេះ ដោយផ្តោតលើសមិទ្ធផលសំខាន់ៗនៃអង្គការយូណេស្កូ នៅក្នុងប្រទេសកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៥ អង្គការយូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការប្រាស្រ័យទាក់ទងគ្នានៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការពហុភាគី។
ភ្នំពេញប៉ុស្តិ៍ មិនអាចទាក់ទងលោក កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ ដើម្បីសុំធ្វើអត្ថាធិប្បាយបន្ថែមបានទេ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ។
ប៉ុន្តែលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី ៧៥ នៃអង្គការនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងថ្លែងព្រះរាជសុន្ទរកថា ស្ដីពីសមិទ្ធផលនានា ដែលកម្ពុជាធ្លាប់ទទួលបាន ក្នុងនាមជាសមាជិករបស់អង្គការយូណេស្កូ ពាក់ព័ន្ធនឹងការចុះបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីមនុស្សជាតិ ជាដើម។
លោកបានបន្តថា លោកស្រី ភឿង សក្កណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏នឹងចូលរួមអមព្រះរាជដំណើរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងមហាសន្និបាតផងដែរ ដែលពេលនេះ លោកស្រីកំពុងតែស្ថិតនៅក្នុងប្រទេសបារាំង។ ក្រៅពីនេះក៏មានឯកអគ្គរាជទូតកម្ពុជា មន្ត្រីអ្នកមុខអ្នកការផ្សេងទៀត និងអ្នកជំនាញ គណៈកម្មាធិការជាតិយូណេស្កូប្រចាំកម្ពុជាបានទៅដល់ទីក្រុងប៉ារីសរួចហើយដែរ។
លោកបានបញ្ជាក់ថា៖ «លោកជំទាវ ភឿង សក្កណា ជាប្រធានគណៈកម្មធិការជាតិយូណេស្កូកម្ពុជាចូលរួមក្នុងនាមតំណាងនៃរាជរដ្ឋាភិបាលកម្ពុជាហើយព្រះករុណា ព្រះមហាក្សត្រ យាងធ្វើជាប្រមុខរដ្ឋ ដើម្បីថ្លែងព្រះរាជសុន្ទរកថានៅទីនោះ។ តាមរយៈទំនាក់ទំនងល្អ និងជាសមាជិក អង្គការយូណេស្កូ កម្ពុជាបានលើកស្ទួយ ការថែរក្សាការពារ និងអភិវឌ្ឍ ទៅលើវប្បធម៌ សេដ្ឋកិច្ចសង្គម និងវិទ្យាសាស្ត្រជាដើម»។
បើតាម លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ នៅពេលដែលកម្ពុជាចូលជាសមាជិកនៃអង្គការយូណេស្កូ កម្ពុជាមានកាតព្វកិច្ចសិក្សាដាក់បញ្ចូលប្រាសាទ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គេនឹងដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងគ្រោះថ្នាក់ណាមួយដែលកើតឡើង និងការចូលរួមផ្នែកអភិរក្ស និងថែរក្សាការពារតាមរយៈសម្របសម្រួល ជាមួយប្រទេសជាដៃគូនានា ដើម្បីផ្តល់ជំនួយមកកាន់កម្ពុជា។
ក្រៅពីនេះ អង្គការយូណេស្កូនឹងចូលរួមជ្រោមជ្រែងក្នុងការថែរក្សាការពារបេតិកភណ្ឌរបស់កម្ពុជាទៅក្នុងឆាកអន្តរជាតិ តាមរយៈការចុះបញ្ជីបេតិកភណ្ឌពិភពលោក និងបញ្ជីបេតិកភណ្ឌអរូបីមនុស្សជាតិពិភពលោកផងដែរ៕