ភ្នំពេញៈ សកម្មជន​បរិស្ថាន​-​សង្គម និង​នយោបាយ​ចំនួន ១១ នាក់ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​សម្រេច​ដោះលែង​ជា​បន្តបន្ទាប់ ក្នុងនោះ ៧ ​នាក់ បាន​ដោះលែង​កាលពី​ថ្ងៃទី ​២៦ ខែតុលា ​កន្លងទៅនេះ និង ៤ ​នាក់​ទៀត នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី ​១០ និង​ទី​ ១២ ខែវិច្ឆិកា​នេះ​។ នេះ​បើតាម​លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែង​នៅ​ថ្ងៃទី ​៩ ខែវិច្ឆិកា​​។​

លោក ប្លង់ សុផល បាន​ថ្លែងថា​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជា​បន្តបន្ទាប់ និង​បានប្រកាស​សាលក្រម​កាលពី​ថ្ងៃទី​ ២៦ ខែ តុលា ឆ្នាំ​ ២០២១ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ពាក់ព័ន្ធ​នឹង​ជនជាប់ចោទ​មួយចំនួន​ដែលជា​សកម្មជន​យុវជន សកម្មជន​បរិស្ថាន​-​សង្គម និង​នយោបាយ និង​បានប្រកាស​សាលក្រម​កាលពី​ថ្ងៃទី ​១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ចំពោះ​ករណី​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលមាន​ជនជាប់ចោទ​ឈ្មោះ កាក់ សុវណ្ណ​ច្ឆ័​យ​។​

តាម​ការសម្រេច​របស់​តុលាការ ជនជាប់ចោទ​ទាំងនោះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំពោះ​បទល្មើស​ដែល​ត្រូវបាន​ចោទប្រកាន់ ប៉ុន្តែ​ទោស​នោះ ត្រូវអនុវត្ត​មួយផ្នែក​ក្នុង​ពន្ធនាគារ និង​ទោស​មួយផ្នែក​ទៀត​ដែល​នៅសល់ គឺ​ត្រូវបាន​តុលាការ​សម្រេច​ព្យួរទោស ហើយ​ក្នុងនោះ ឈ្មោះ ហុង លីម ដែលជា​អនិកជន​ខ្មែរ​-​អូស្ត្រាលី ក៏​ត្រូវបាន​តុលាការ​សម្រេច​ឱ្យ​រួច​ផុតពី​ការចោទប្រកាន់​ផងដែរ​។​

លោក ប្លង់ សុផល ថ្លែងថា​៖«​ការសម្រេច​របស់​តុលាការ ធ្វើឡើង​បន្ទាប់ពី​ក្រសួងយុត្តិធម៌​បានចេញ​គោល​ការណែនាំ​កាលពី​ថ្ងៃទី​ ២៥ ខែ តុលា ឆ្នាំ​ ២០២១ ជំរុញ​លើកទឹកចិត្ត​ឱ្យ​តុលាការ​សម្រេច​អំពី​ការដោះលែង​នៅក្រៅ​ឃុំ និង​ការប្រើប្រាស់​ការព្យួរទោស​ក្នុងការ​កាត់ក្តី ដើម្បី​រួមចំណែក​ក្នុងការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​»​។​

តាម​ការសម្រេច​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ សកម្មជន ៧ នាក់ ហើយ ដែល​តុលាការ​បាន​ដោះលែង កាលពី​សប្តាហ៍​មុន រួមមាន ១ ទុំ វុទ្ធី ២ ឈួ ផេង ៣ មាន ព្រហ្ម​មុនី ៤ កើត សា​រ៉ា​យ ៥ ថា ឡា​វី ៦ អេង ម៉ាឡៃ និង​ទី​៧ ឈ្មោះ សាត ផា ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​នៅមុខ​ស្ថានទូត​ចិន កាលពី​ថ្ងៃទី​ ២៣ ខែ តុលា ឆ្នាំ​ ២០២០​។ តាម​សេចក្ដីសម្រេច​ពួកគេ​ត្រូវបាន​តុលាការ​ស​ម្រ​ច​ដាក់ពន្ធនាគារ ២០ ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​រៀល ប៉ុន្ដែ​ត្រូវអនុវត្ត​ទោស​ដាក់ពន្ធនាគារ ១៥ ខែ ចំណែក​ទោស​ដែល​នៅសល់​គឺ​ត្រូវ​ព្យួរ​សាកល្បង​រយៈពេល​ ២​ ឆ្នាំ តាម​បទ​ចោទ ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ដល់​សន្ដិសុខ​សង្គម​។​

បើតាម​លោក សុផល ក្រៅពី​សកម្មជន​ទាំង ៧ នាក់​នោះ សកម្មជន ៤ នាក់​ទៀត តុលាការ​រាជធានី​ភ្នំពេញ អាច​នឹងត្រូវ​ដោះលែង​ផងដែរ​បន្ទាប់ពី​អនុវត្ត​ផ្នែក​ខ្លះ​នៃ​ទោស​ចប់សព្វគ្រប់​។ ក្នុងនោះ​មាន ទី​១ ឈ្មោះ កាក់ សុវណ្ណ​ច្ឆ័យ នឹង​អាច​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​ ១០ ខែ វិច្ឆិកា ឆ្នាំ ​២០២១ ទី​២ មួង សុ​ភ័​ក្រ នឹង​អាច​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​ ១១ ខែ វិច្ឆិកា ឆ្នាំ​ ២០២១​។ ទី​៣​ឈ្មោះ ហ៊ុន វណ្ណៈ ទី​៤ ឈ្មោះ ឈឿន ដា​រ៉ាវី នឹង​អាច​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​ ១៤ ខែ វិច្ឆិកា ឆ្នាំ ​២០២១​។ ប៉ុន្តែ​ដោយសារតែ​ថ្ងៃ​ផុតកំណត់​ការអនុវត្ត​ផ្នែក​នៃ​ទោស​ដែល​ត្រូវអនុវត្ត​ត្រូវចំ​ថ្ងៃ​ឈប់សម្រាក​អ្នក​ទាំង ២​ នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី ​១២ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ វិញ​។​

ដោយ​ឡែក​​មនុស្ស​ចំនួន ៤ នាក់​ផ្សេងទៀត ដែល​មិនទាន់​អាច​ដោះលែង​បាន​ដោយ​មូលហេតុ​ជន​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន និង​ផ្តន្ទាទោស​ក្នុង​សំណុំរឿង​ផ្សេងទៀត ដែល​រួមមាន​ឈ្មោះ ទី​១​ឈ្មោះ គង់ សំអាន (​សកម្មជន​ប្រឆាំង​) ទី​២ ឡុង គ​ន្ធា​, ទី​៣ ភួ​ន កែវ​រស្មី និង​ទី​៤ ថុ​ន រដ្ឋា (​ជន​ទាំង​៣​នាក់​នេះ​ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ​)​។ នេះ​បើតាម​លោក ប្លង់ សុផល​។​

ចំណែក​ករណី​អនីតិជន កាក់ សុវណ្ណ​ច្ឆ័​យ ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា នឹងត្រូវ​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃទី ​៨ ខែ វិច្ឆិកា ឆ្នាំ ​២០២១​ នេះ បន្ទាប់ពី​ជាប់ឃុំ​រយៈពេល​ជិត ៤​ ខែ ១៥ ​ថ្ងៃ ដោយ​ត្រូវ​ប្រគល់ជូន​អាណាព្យាបាល​ធ្វើការ​អប់រំ ណែនាំ និង​មើល​ការខុស​ត្រូវឱ្យ​បានល្អ​។ ប៉ុន្ដែ​ត្រូវបាន​ពន្យា​រពេល​ដោះលែង​ទៅវិញ​។

លោក ជិន ម៉ា​លីន បញ្ជាក់ថា​៖«​ករណី​ឈ្មោះ កាក់ សុវណ្ណ​ច្ឆ័​យ នេះ​ក៏បាន​សម្រេច​ផ្ដន្ទាទោស​ហើយ​ដែរ ក៏ប៉ុន្ដែ​ទោស​ពន្ធនាគារ​ក៏​នឹង​ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះហើយនឹងដោះលែង​។ ក៏ប៉ុន្ដែ​ទោស​ដែល​នៅសល់​នឹងត្រូវ​ព្យួរ អ៊ីចឹង​ដូចគ្នា អត់​មានអី​ខុសគ្នា​ទេ​»​។​

លោក អំ សំអាត នាយករង​អង្គការសិទ្ធិមនុស្ស លីកាដូ លើកឡើងថា ការដោះលែង​សកម្មជន​បរិស្ថាន សង្គម និង​នយោបាយ​ជា​បន្តបន្ទាប់​នេះ មួយផ្នែក​គឺជា​ការ​ផុតកំណត់​នៃ​ការ​អនុវត្ដ​ទោស​ទៅតាម​សាលក្រម​របស់​តុលាការ និង​មួយផ្នែក​ទៀត​អាចមកពី​មានការ​រិះពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ពី​មតិ​ជាតិ អន្តរជាតិ និង​អង្គទូត​មួយចំនួន លើ​ការប្រើប្រាស់​ប្រព័ន្ធតុលាការ​ជាដើម​។

លោក​ថ្លែងថា​៖«​យើង​ឃើញថា ទោះជា​មានការ​ដោះលែង​ជា​បន្តបន្ទាប់ តាម​អំណាច​សាលក្រម និង​សាលដីកា​ក៏ដោយ ក៏​បញ្ហា​ការរិះគន់​នេះ​នៅតែមាន​បន្តទៅទៀត ពីព្រោះ​ដោយសារ​ការដោះលែង និង​ការ​បន្ធូ​របន្ថយ​នេះ យើង​មើលទៅ​ហាក់បីដូចជា​ការចង់​បន្ធូ​របន្ថយ​នូវ​ស្ថានភាព​នៃ​ភាព​តានតឹង ព្រមទាំង​បញ្ហា​សិទ្ធិមនុស្ស​ក៏ដូចជា​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​»​។​

លោក អំ សំអាត សង្កេតឃើញ​ការដោះលែង​សកម្មជន​ទាំងនេះ​គឺជា​រឿង​មួយ ដែល​ក្នុងនោះ​ពួកគេ​នៅតែ​ត្រូវបាន​ស្ថិតនៅក្នុង​ការត្រួត​ពិន​ត្យ​ឃ្លាំមើល​ពី​អាជ្ញាធរ និង​តុលាការ​ដដែល មិន​អាចឱ្យ​សកម្មជន​ទាំងនោះ ទៅធ្វើ​សកម្មភាព​ក្នុង​កិច្ចការងារ​របស់ខ្លួន ដូចជា​កិច្ចការងារ​បរិស្ថាន ធនធានធម្មជាតិ ការពារ​សិទ្ធិមនុស្ស កិច្ចការងារ​សង្គម​ដូច​មុន​ជាដើម​។

ទោះជាយ៉ាងណាក៏ដោយ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្ដិធម៌ ថ្លែង​នៅ​ថ្ងៃទី ​៩ វិច្ឆិកា​ ដោយអះអាង​ថា ការដោះលែង​សកម្មជន​បរិស្ថាន សង្គម និង​នយោបាយ ជា​បន្តបន្ទាប់​នេះ គឺជា​ការ​អនុវត្ដ​នីតិវិធី​របស់​តុលាការ​។ ការដោះលែង​នេះ គឺ​បានន័យថា​តុលាការ​សម្រេចសេចក្ដី​ផ្ដន្ទាទោស ក៏ប៉ុន្ដែ​ការ​អនុវត្ដ​ទោស​ក្នុង​ពន្ធនាគារ​បាន​ចប់ ហើយ​ទោស​នៅសល់​គឺ​បាន​ព្យួរ​។

លោក​ថ្លែងថា​៖​​ «​ការសម្រេច​នេះ គឺជា​ការសម្រេច​របស់​តុលាការ តុលាការ ជា​អំណាច​ឆន្ទា​នុ​សិទ្ធ​ដោយ​ផ្អែកលើ​អង្គហេតុ អង្គច្បាប់ និង​ផ្អែកលើ​គោល​ការណ៍ណែនាំ​របស់​ក្រសួង​យុត្ដិធម៌​ដែល​បាន​ដាក់ចេញ​នៅក្នុង​យុទ្ធនាការ គឺ​ក្នុងការ​ព​ន្លឿ​ន​សំណុំរឿង ការសម្រេចសេចក្ដី​ក្នុងការ​ផ្ដន្ទាទោស ដែល​ផ្ដល់នូវ​ការអនុគ្រោះ​ចំពោះ​សំណុំរឿង​បទល្មើស​តូចតាច​មួយចំនួន​ដែល​បាន​អនុវត្ដ​ក្នុង​យុទ្ធនាការ​នេះ​»​។

​លោក ម៉ា​លីន លើកឡើងថា ក្រសួង​ក៏បាន​ណែនាំ​ថ្មីៗ​ទៀត​ដែរ​ថា គោល​ការណ៍ណែនាំ​ដែល​អនុវត្ដ​នៅក្នុង​យុទ្ធនាការ គឺ​ត្រូវ​បន្ត​អនុវត្ដ​ទៀត មិនមែន​យុទ្ធនាការចប់​ហើយ ការ​អនុវត្ដ​ចប់​នោះទេ​។

លោ​កញ្ជាក់​ថា​៖«​អ៊ីចឹង នេះ​ជាការ​សម្រេច​របស់​តុលាការ ហើយ​ការសម្រេច​នេះ​គឺ​មិនមែន​តែ​ទៅលើ​សកម្មជន​ទេ​គឺជា​ទូទៅ​ឱ្យតែ​ផ្អែក​ទៅតាម​លក្ខខណ្ឌ ផ្អែក​ទៅតាម​គោល​ការណ៍ និង​នីតិវិធី​ច្បាប់​ដែលមាន​ជា​ធរមាន​»​៕

វីដេអូ៖