
ប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យយានយន្តត្រូវបានដំឡើងរួចរាល់នៅលើផ្លូវជាតិលេខ ៣។ រូបថត ក្រសួងសាធារណការ
ភ្នំពេញៈ មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បាននិយាយនៅថ្ងៃអង្គារថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃ ចំនួន ២០ គ្រឿង លើ ១០ ទីតាំង និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបលើផ្លូវជាតិលេខ ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត បានដំឡើងរួចរាល់ នឹងគ្រោងដាក់ឱ្យដំណើរការសាកល្បងជាបណ្ដោះអាសន្នក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យានិងទំនាក់ទំនងសាធារណៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំងត្រូវបានចាប់ផ្តើមដំឡើងចាប់ពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២១ និងបានបញ្ចប់នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅដល់បែកគូសជាផ្លូវ ៤ គន្លងមានចំនួន ៤ ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពតជាផ្លូវ ២ គន្លង មានចំនួន ៦ ទីតាំង។
ចំណែកភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើប ២ ទីតាំង ត្រូវបានដំឡើងនៅត្រង់ចំណុចវត្តស្លែងនិងផ្សារអង្គតាសោមដែលភ្លើងសញ្ញាចរាចរណ៍ទាំង ២ ទីតាំងបំពាក់នូវប្រព័ន្ធ Wireless សម្រាប់ភ្ជាប់ពីបង្គោលមួយទៅបង្គោលមួយ និងធ្វើការបញ្ជាដំណើរការតាមទូរសព្ទដៃព្រមទាំងបំពាក់នូវប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យសម្រាប់ផ្គត់ផ្គង់អគ្គិសនី។
លោកបានថ្លែងថា៖ «កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង ១០ ទីតាំង នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីទទួលបានការឯកភាពពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោកនិងឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ចំណែកភ្លើងស្តុបចរាចរណ៍ទាំង២ទីតាំងត្រូវបានដាក់ដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃនេះតទៅ»។
បើតាមលោក សុទ្ធាយុត្តិ ការដាក់កាមេរ៉ាចាប់ល្បឿនឆ្លាតវៃនិងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបទាំងនេះ ក្នុងគោលបំណង តាមដានការពារសុវត្ថិភាពនិងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ ៣ ដែលក្នុងនោះអគ្គស្នងការនគរបាលជាតិនឹងគ្រប់គ្រងរាល់សកម្មភាពនិងប្រតិបត្តិការរបស់កាមេរ៉ាចាប់ល្បឿនទាំង ១០ ទីតាំងទាំងការគ្រប់គ្រងទិន្នន័យ និងការពិន័យបទល្មើសផងដែរ។
លោកបានបញ្ជាក់ថា៖ «កាមេរ៉ាចាប់ល្បឿនទាំងនេះអាចឱ្យមន្ត្រីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារនិងប្រើទូរស័ព្ទពេលបើកបរ។ យ៉ាងណាក៏ដោយ នៅចម្ងាយ ១ គីឡូម៉ែត្រ មុនទៅដល់ចំណុចទីតាំងកាមេរ៉ាចាប់ល្បឿននីមួយៗ យើងបានដំឡើងស្លាកសញ្ញាជូនដំណឹងដល់អ្នកបើកបរឱ្យប្រុងប្រយ័ត្នអំពីកាមេរ៉ាចាប់ល្បឿននៅខាងមុខផងដែរ»។
លោកបានបន្តថា មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាជ្ញាធរពាក់ព័ន្ធនឹងចុះអប់រំផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ដឹងទូលំទូលាយអំពីច្បាប់ចរាចរណ៍និងពីគោលបំណងនៃការដាក់កាមេរ៉ាចាប់ល្បឿននេះបន្ថែមទៀត៕
វីដេអូ៖