ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារអបអរសាទរខួបលើកទី២០ នៃការបង្កើតសន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដោយកម្ពុជាប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយ ICAPP ដើម្បីលើកកម្ពស់ការគោរពគ្នាទៅវិញទៅមក ភាពជឿទុកចិត្តគ្នា និងបម្រើផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាព។
ក្នុងលិខិតចុះថ្ងៃទី ៨ វិច្ឆិកា ដែលផ្ញើទៅកាន់លោក Jose de Venecia ប្រធានស្ថាបនិក ICAPP លោក Chun Eui-yong សហប្រធាន ICAPP និងសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍ផ្សេងទៀតរបស់ ICAPP លោក ហ៊ុន សែន បញ្ជាក់ថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអបអរសាទរ ICAPP សម្រាប់សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។ ICAPP បានក្លាយជាស្ថាប័ននយោបាយដែលមានការគោរព និងមានឥទ្ធិពលបំផុតក្នុងពិភពលោក។ ការគោរពគ្នាទៅវិញទៅមក និងការឯកភាពគ្នាចម្រុះ គឺជាចំណុចខ្លាំងរបស់ ICAPP»។
លោកបានវាយតម្លៃខ្ពស់ចំពោះសមាជិក ICAPP ក្នុងការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ផ្សេងៗរបស់ពិភពលោក ការលើកកម្ពស់វប្បធម៌សន្តិភាព និងសន្ទនា និងការកសាងស្ពានទំនុកចិត្តនៅក្នុងតំបន់ និងរវាងតំបន់។ ទំនុកចិត្ត គឺជាទ្រព្យសម្បត្តិដ៏សំខាន់បំផុតក្នុងការកសាង និងអភិវឌ្ឍន៍សន្តិភាព។
លោក ហ៊ុន សែន ក៏បានកោតសរសើរផងដែរចំពោះសមិទ្ធផលរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) របស់ ICAPP ដែលបានក្លាយជាវេទិកាដ៏លេចធ្លោមួយ ក្នុងការលើកកម្ពស់កិច្ចសន្ទនារវាងអរិយធម៌ផ្សេងៗគ្នា ការអនុវត្តគំរូអភិវឌ្ឍន៍ផ្អែកលើវប្បធម៌ និងទីកន្លែងដែលស្ថិតក្រោមគម្រោងតេជោភូមិ ១០០ និងជំរុញការអភិវឌ្ឍច្រករបៀងវប្បធម៌ទូទាំងតំបន់។
លោកលើកឡើងថា នៅក្នុងបរិបទនៃការកើនឡើងនូវភាពមិនច្បាស់លាស់ ភាពងាយរងគ្រោះ និងពហុនយោបាយអន្តរជាតិ អ្នកពាក់ព័ន្ធទាំងអស់ត្រូវជំរុញជានិច្ចនូវវិធានការកសាងទំនុកចិត្ត និងភាពជឿជាក់គ្នាលើការទូតដើម្បីបង្ការជម្លោះ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ គណបក្សនយោបាយដើរតួនាទីពាក់ព័ន្ធកាន់តែខ្លាំងឡើងក្នុងការជំរុញកិច្ចសន្ទនារួម ពង្រឹងពហុភាគីនិយម បើកចំហផ្អែកលើច្បាប់ និងពិនិត្យឡើងវិញនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្តោតលើតម្លៃ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅឆ្នាំនេះ និងអាស៊ាននៅឆ្នាំក្រោយ លោក ហ៊ុន សែន បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត «យ៉ាងមុតមាំ» របស់កម្ពុជាក្នុងការបន្តជំរុញពហុភាគីនិយមផ្អែកលើច្បាប់ បើកចំហ និងប្រកបដោយបរិយាប័ន្នដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថា យើងអាចសម្រេចបានលទ្ធផលដ៏មានអត្ថន័យបន្ថែមទៀតដោយតម្កល់ផលប្រយោជន៍ប្រជាជននៅខាងមុខ និងនៅកណ្តាលនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរបស់យើង។ ដូច្នេះកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើផលប្រយោជន៍ប្រជាជនគឺជាការចាំបាច់ណាស់»។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ICAPP នឹងបន្តមានភាពរស់រវើក មានភាពសកម្ម និងមាននវានុវត្តន៍ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល ដែលកំពុងកើតមាន និងតម្រូវការរបស់ប្រជាជន។ កម្ពុជានឹងបន្តប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមាជិកសហគមន៍ ICAPP ដើម្បីជំរុញចក្ខុវិស័យ និងផលប្រយោជន៍រួមរបស់យើង រួមទាំងការលើកកម្ពស់ការគោរពគ្នាទៅវិញទៅមកការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក ដើម្បីសន្តិភាព និងវិបុលភាព»។
គួរបញ្ជាក់ថា ICAPP ត្រូវបានបង្កើតឡើង នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន នៅក្នុងខែកញ្ញា ឆ្នាំ ២០០០ ក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយនៅទ្វីបអាស៊ី។
ICAPP គឺជាបណ្តាញគណបក្សនយោបាយធំជាងគេមួយនៅទ្វីបអាស៊ី ដែលមានសមាជិកជាង ៣៥០ គណបក្សនយោបាយមកពី ៥២ ប្រទេស។
តំណាងគណបក្សប្រជាជនកម្ពុជានៅក្នុងគណៈកម្មាធិការអចិន្រៃ្តយ៍ ICAPP រួមមាន លោក ហោ ណាំហុង និងបច្ចុប្បន្ន លោកស្រី ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ក្នុងតួនាទីជាអនុប្រធាន ICAPP បានបន្តដឹកនាំការចូលរួមចំណែកពង្រឹង និងពង្រីកកិត្យានុភាព និងការចូលរួមដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ ពហុភាគី នៅក្នុងតំបន់អាស៊ីមួយនេះ។
គណបក្សប្រជាជនកម្ពុជាក៏មានតំណាងប្រចាំការនៅក្នុងស្ថាប័នចម្រុះរបស់ ICAPP រួមមានលោក សួស យ៉ារ៉ា អគ្គនាយកក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) លោកស្រី អ៊ឹង កន្ថាផាវី នៅក្នុងវេទិកាស្ត្រី ICAPP លោក ហ៊ុយ វណ្ណៈ នៅក្នុងវេទិកាសារព័ត៌មាន ICAPP និងលោក សុខ សូកេន នៅក្នុងវេទិកាយុវជន ICAPP។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីថ្ងៃទី ៩ វិច្ឆិកាថា កន្លងមក កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុង ICAPP នេះ ដែលមានគណបក្សប្រជាជនកម្ពុជាជាតួអង្គសំខាន់មួយក្នុងយន្តការពហុភាគីមួយនេះ។
សម្រាប់ប្រទេសតូចៗនយោបាយការបរទេសរបស់ខ្លួនគឺផ្តោតខ្លាំងទៅលើយន្តការពហុភាគី ដើម្បីឱ្យសំឡេងរបស់ខ្លួនមានឥទ្ធិពល។ រាល់ការថ្លែងរបស់កម្ពុជាជាទូទៅផ្តោតលើយន្តការពហុភាគីនិយម ក្នុងការដោះស្រាយផ្សេងៗនៅក្នុងតំបន់ និងពិភពលោកដើម្បីជំរុញសណ្តាប់ធ្នាប់តំបន់ និងពិភពលោកផ្អែកលើច្បាប់។
លោកថ្លែងថា៖ «ប្រទេសតូចៗ គឺយើងអត់អាចមានឥទ្ធិពលខ្លាំងទៅលើប្រទេសផ្សេងៗបានទេ ក្រៅពីយើងចេះរួមផ្តុំប្រមូលកម្លាំងគ្នា ក្នុងសំឡេងតែមួយ ដើម្បីដោះស្រាយបញ្ហារួមនៅក្នុងតំបន់ និងពិភពលោក»។ វាជាការមួយសំខាន់ដែលគណបក្សនយោបាយទាំងអស់ហ្នឹងរួមគ្នាហើយអាចនឹងដោះស្រាយបញ្ហាធំៗជាច្រើន នៅក្នុងតំបន់ និងពិភពលោក ពីព្រោះជាទូទៅគណបក្សដែលមាននៅក្នុងយន្តការ ICAPP ហ្នឹងមួយចំនួនធំ គឺជាគណបក្សកាន់អំណាច។ អ៊ីចឹង គាត់មានលទ្ធភាពច្រើនក្នុងការយកបញ្ហារួមហ្នឹងដោះស្រាយជាមួយគ្នា»៕