ភ្នំពេញៈ ប្រមុខ​ការពា​រជាតិ លោក​ ទៀ បាញ់ ​អំពាវ​ដល់​ប្រទេស​អាស៊ាន​ រក្សា​ភាពរឹងមាំ ​ខណៈ​កំពុង​ប្រឈម​សម្ពាធ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ ឧក្រិដ្ឋកម្ម​ឆ្លងដែន ​និង​ជំងឺ​រាតត្បាត ​ដើម្បី​បន្តដំណើរ​ទៅមុខ​រក​សន្តិសុខ ​និង​សន្តិភាព។

លោក​អំពាវ​នាវ​បែបនេះ​ ក្នុង​ឱកាស​នៃ​ការទទួល​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន​ (ADMM) ​សម្រាប់​ឆ្នាំ ២០២២ ​ក្នុង​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​អាស៊ាន ​(ADMM Retreat) ​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន-​សាធារណរដ្ឋ​កូរ៉េ ​និង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន-​អូស្រ្តាលី​ តាមរយៈ​ប្រព័ន្ធ​វីដេអូ ​នា​ថ្ងៃ​ទី ១០ ​ខែវិច្ចិកា​ ដែល​ប្រទេស​ប៊្រុយណេ​ធ្វើជា​ម្ចាស់​ផ្ទះ។

លោក ​ទៀ បាញ់ ​ថ្លែងថា​៖«អាស៊ាន​ត្រូវតែ​រួបរួម​គ្នា​ រក្សា​ភាព​រឹងមាំ ​និង​ភាពធន់​របស់​ខ្លួន​នៅពេល​ដែល​កំពុង​ប្រឈម​នឹង​សម្ពាធ​និង​ឥទ្ធិពល ​ដែល​កើត​ចេញពី​ការកើន​ឡើង ​នៃ​ការប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ អំពើ​ភេរវកម្ម ​ការប្រែប្រួល​អាកាស​ធាតុ ​និង​ជំងឺ​ឆ្លង។ ការធ្វើ​បែបនេះ ​នឹង​ធានា​ថា ​យើង​បន្ត​ដើរ​ទៅមុខ​ឆ្ពោះទៅ​រក​សន្តិភាព​ សន្តិសុខ​ និង​វិបុលភាព ​ប្រកប​ដោយ​ចីរភាព»។

ខណៈ​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាស៊ាន​នៅ​ឆ្នាំ ២០២២ ​ប្រមុខ​ការពារជាតិ​រូបនេះ ​បាន​បញ្ជាក់​ការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​ចំពោះ​ការរក្សា​សន្តិភាព ​ស្ថិរភាព ​និង​វិបុលភាព​ក្នុង​តំបន់​តាមរយៈ​ការគោរព​តាម​គោលការណ៍​ដំណោះ​ស្រាយ​ឈ្នះ-​ឈ្នះ​ ចំពោះ​រាល់បញ្ហា​ទាំងអស់ ​ព្រមទាំង​បង្កើន​នូវ​តួនាទី​ស្រ្តី​ក្នុង​អាស៊ាន​ និង​ការចូលរួម​របស់​ពួកគេ​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ។

លោក​ថ្លែងថា​៖ «[យើង​នឹង]​ជំរុញ​កិច្ចសហ​ប្រតិបត្តិការ​នៅតាម​ព្រំដែន ​រវាង​កងកម្លាំង​ នៃ​បណ្តា​ប្រទេស​អាស៊ាន​ ដើម្បី​ឆ្លើយ​តបទៅ​នឹង​ការរីក​រាលដាល​ជំងឺ​រាតត្បាត​សកល ​បង្កើន ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ ក្នុង​ការអនុវត្ត​ពេញលេញ​នៃ​ផែនការ​សកម្ម​ភាព ​រយៈពេល​ ៣ ឆ្នាំ ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​[និង] ​លើកកម្ពស់​កិច្ចការ​កសាង​ទំនុក​ចិត្ត​និង​តម្លាភាព»។

លោក​ ទៀ បាញ់ ​បន្តថា ​កម្ពុជា ​ក៏នឹង​ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​តួនាទី​ស្នូល​របស់​អាស៊ាន ​និង​សាមគ្គីភាព​អាស៊ាន​សម្រាប់​យន្តការ​ទំនាក់​ទំនង​ក្នុង​តំបន់ ​និង​ជាមួយដៃ​គូ​ខាង​ក្រៅ។ ការយក​ចិត្ត​ទុកដាក់​នេះ ​នឹង​ផ្អែកលើ​មាគ៌ា​អាស៊ាន​ និង​គោល​ការណ៍​នានា​ដែល​បានចែង​ក្នុង​ធម្មនុញ្ញ​អាស៊ាន ​សន្ធិសញ្ញា​មិត្តភាព ​និង​កិច្ចសហ​ប្រតិបត្តិការ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ទស្សន​វិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-ប៉ាស៊ី​ហ្វិក។

លោក​ថ្លែងថា​៖ «យើង​ជឿជាក់​ថា ​អាទិភាព ​ដែល​បាន​ដាក់​ចេញ​សម្រាប់​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ឆ្នាំ ២០២២​ នេះ​ គឺ​ពិតជា​នឹង​បន្ត​ពង្រឹង​នូវ​សាមគ្គីភាព​អាស៊ាន ​និង​ពង្រឹង​តួនាទី​ស្នូល ​និង​ការដើរ​តួ​នាំមុខ​របស់​អាស៊ាន​ទាំង​ក្នុង​តំបន់ ​និង​លើ​ឆាក​អន្តរជាតិ»។

កម្ពុជា​ជ្រើសរើស​មូលបទ​ «សាមគ្គីភាព​ដើម្បី​សន្តិសុខ ​ប្រកប​ដោយ​ភាព​សុខដុម» ​សម្រាប់​ភាព​ជាប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ឆ្នាំ ២០២២។

ក្នុង​នាម​ជាប្រធាន​កិច្ច​ប្រជុំ​នេះ​ នាឆ្នាំ​ក្រោយ ​លោក​ ទៀ បាញ់ ​បាន​ប្រកាស​ពី​ការប្តជ្ញា​ចិត្ត​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ដោយ​ជំរុញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ប្រឹងប្រែង​រួមគ្នា ​ដើម្បី​ជួយឱ្យ​តំបន់​ទទួល​បាន​ នូវ​សន្តិសុខ ​និង​អាចរក្សា​កិច្ចការ​ស្តារ​ឡើង​វិញ​ក្រោយ​ពេល​កូវីដ ១៩៕