ភ្នំពេញៈ អូស្ត្រាលីដាក់ឱ្យដំណើរការគម្រោងភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP) សម្រាប់ប្រទេសកម្ពុជា ដើម្បីពង្រឹងការស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច ភាពធន់នៃបរិស្ថាន និងការកសាងធនធានមនុស្សនៅប្រទេសកម្ពុជា។
ការប្រកាសដាក់ឱ្យដំណើរការគម្រោងនេះធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកស្រី ម៉ារីស ផេន (Marise Payne) រដ្ឋមន្ត្រីការបរទេស និងជារដ្ឋមន្ត្រីកិច្ចការនារីអូស្ដ្រាលីកាលពីថ្ងៃទី ៨ ខែវិច្ឆិកា ក្នុងឱកាសលោកស្រីមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា។
គំនិតផ្តួចផ្តើមគម្រោង MAP សម្រាប់ប្រទេសចំនួន ៥ នៅក្នុងអនុតំបន់មេគង្គ ដែលក្នុងនោះមានកម្ពុជាផងនោះ ត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី លោក Scott Morrison នៅក្នុងកិច្ចប្រជុំអូស្ត្រាលី-អាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ដែលមានទឹកប្រាក់ចំនួន ២៣២ លានដុល្លារអូស្ត្រាលី (១៧០ លានដុល្លារអាមេរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាកាលពី ថ្ងៃទី ៩ ខែវិច្ឆិកា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «គម្រោងនេះផ្តល់ការគាំទ្រដល់ប្រទេសចំនួន ៥ នៅក្នុងអនុតំបន់មេគង្គ ដើម្បីពង្រឹងការស្តារឡើងវិញនូវវិស័យសេដ្ឋកិច្ច ភាពធន់នៃបរិស្ថាន និងការកសាងធនធានមនុស្ស ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើការផ្សារភ្ជាប់នូវគម្លាតនៃការអភិវឌ្ឍនៅក្នុងបណ្តារដ្ឋជាសមាជិកអាស៊ាន»។
ប្រភពដដែលបន្តថា៖ «អនុតំបន់មេគង្គបានប្រឈមរួចទៅហើយទៅនឹងបញ្ហាប្រឈមនានា ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងយុទ្ធសាស្ត្រ ហើយជំងឺកូវីដ ១៩ បានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរថែមទៀត។ ក្នុងនាមជាមិត្តនិងដៃគូយូរអង្វែង ប្រទេសអូស្ត្រាលី បានប្រមូលធនធានបន្ថែម ដើម្បីជួយស្តារឡើងវិញប្រកបដោយបរិយាប័ន្ន និងមានភាពឆាប់រហ័សសម្រាប់ប្រទេសកម្ពុជា និងតំបន់ផងដែរ»។
សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោង MAP នេះនឹងផ្តល់ដំណោះស្រាយបញ្ហាទឹកទន្លេមេគង្គ ដែលជាបណ្តាញថ្មីក្នុងការពង្រឹងនូវការគ្រប់គ្រងធនធានទឹក ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ បណ្តាញនេះនឹងបង្កើតបាននូវគំរូសម្រាប់ប្រព័ន្ធទន្លេសំខាន់ៗទាំង ១៥ របស់ប្រទេសកម្ពុជា ដោយផ្តល់ដល់កសិករ និងទីក្រុងនូវសន្តិសុខទឹកប្រសើរជាងមុនក្នុងស្ថានភាព ការប្រែប្រួលអាកាសធាតុ។
បើតាមសេចក្តីប្រកាសព័ត៌មាន គម្រោងនេះគាំទ្រជាលើកទី១ ដល់យុទ្ធសាស្ត្រថាមពលកកើតឡើងវិញ ដែលកំណត់តួនាទីរបស់ថាមពលកកើតឡើងវិញក្នុងទីផ្សារថាមពលរបស់ប្រទេសកម្ពុជា។ យុទ្ធសាស្ត្រនេះក៏បានផ្តល់នូវមូលនិធិក្នុងការផ្តល់អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ខ្នាតតូច សម្រាប់សហគមន៍ នៅជនបទដាច់ស្រយាល ដែលមិនអាចភ្ជាប់ជាមួយបណ្តាញថាមពលរបស់រដ្ឋ។ គម្រោងនេះនឹងផ្តល់ភាពជាដៃគូក្នុងការអភិវឌ្ឍនៅសួនកសិឧស្សាហកម្មដើម្បីចាប់ផ្តើមដំណើរការលើវិស័យកែច្នៃម្ហូបអាហារ នៅប្រទេសកម្ពុជា ក្នុងការជួយពិពិធកម្មសេដ្ឋកិច្ច និងវិស័យដទៃទៀតក្នុងគ្រាលំបាក។
គម្រោងនេះនឹងចាប់ផ្ដើមភាពជាដៃគូរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការប្រើប្រាស់ និងប្រកួតប្រជែងរបស់ប្រទេសអូស្ត្រាលីក្នុងការការពារអ្នកប្រើប្រាស់។ ការអនុវត្តនូវច្បាប់ថ្មីស្តីពីការការពារអ្នកប្រើប្រាស់ ដើម្បីផ្តល់ដល់ប្រជាជនកម្ពុជានូវការការពារល្អជាងមុន ប្រឆាំងនឹងហានិភ័យ ដូចជាការក្លែងក្លាយឱសថ ជំនួញឆបោក (pyramid schemes) និងការផ្សាយពាណិជ្ជកម្មមិនពិត។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ ថា គម្រោងក៏នឹងផ្តល់អាហារូបករណ៍ប្រចាំឆ្នាំ ១០ កន្លែងបន្ថែមដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសអូស្ត្រាលីក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាលខ្លីលើប្រធានបទគោលនយោបាយអាទិភាពនានា ដូចជាការទាក់ទាញការវិនិយោគបរទេសផ្នែកផលិតកម្ម ខណៈដែលមានហានិភ័យខ្លាំងក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ១០ វិច្ឆិកា ថា នៅក្រោម «ភាពជាដៃគូមេគង្គ-អូស្ត្រាលី» កម្ពុជាទទួលបាននូវជំនួយជាបច្ចេកទេស ក៏ដូចជាហិរញ្ញប្បទានជាច្រើន ពីរដ្ឋាភិបាលអូស្ត្រាលីក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ បច្ចេកទេសកសិកម្ម អាហារូបករណ៍ និងការកសាងធនធានមនុស្ស ថាមពល កិច្ចការពារធនធានធម្មជាតិ និងការអភិវឌ្ឍបន្ថែមទៀត នៅក្នុងកិច្ចការពាណិជ្ជកម្ម និងឧស្សាហកម្ម។ កិច្ចសហប្រតិបត្តិការទាំងអស់នេះនឹងលើកស្ទួយទំនាក់ទំនងរវាងប្រទេសទាំង ២ និងជួយលើកកម្ពស់សេដ្ឋកិច្ច និងប្រជាជនកម្ពុជាឱ្យកាន់តែល្អប្រសើរឡើងនាពេលអនាគត។
លោកបន្តថា ជាក់ស្តែងកាលពីខែសីហា អូស្ត្រាលី បានចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចកម្ពុជាលើ «ចង្វាក់គុណតម្លៃវិស័យកសិកម្មកម្ពុជា-អូស្ត្រាលី (Cambodia-Australia Agricultural Value Chain)» និងជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់កម្ពុជាក្នុងការបង្កើតសួនឧស្សាហកម្មម្ហូបអាហារកសិផល (Agri-Food Industrial Parks) សម្រាប់ជួយទ្រទ្រង់វិស័យកសិកម្ម ក៏ដូចជាលើកស្ទួយគុណភាព និងគុណតម្លៃកសិផលកម្ពុជាក្នុងការនាំចេញទៅក្រៅប្រទេស និងជំនួយហិរញ្ញប្បទានចំនួន ៤៨ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ឆ្នាំ ២០២១-២០២២។
លោក ថុង ម៉េងដាវិត ថ្លែងថា៖ «ដំណើរទស្សនកិច្ចមកកម្ពុជារបស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) ជាសក្ខីភាពក្នុងការរឹតចំណងទំនាក់ទំនងល្អ រវាងប្រទេសទាំង ២ ក្នុងរយៈពេល ៧០ ឆ្នាំមកនេះ និងការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការគាំទ្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំក្រោយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩»៕