ភ្នំពេញៈ លោករដ្ឋមន្ត្រីក្រសួងកសិកម្មបង្ហាញពីឧបករណ៍កសិកម្មប្រើថាមពលព្រះអាទិត្យដែលមានសក្ដានុពលធន់នឹងការប្រែប្រួលអាកាសធាតុដែលមានប្រសិទ្ធភាពរួមចំណែកកាត់បន្ថយថ្លៃដើមក្នុងការផលិត និងកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស ជាពិសេសចូលរួមកាត់បន្ថយការចំណាយលើការប្រើថាមពលដែលគ្មាននិរន្តរភាព និងសុវត្ថិភាព។
តាមរយៈហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ១០ ខែវិច្ឆិកា បានឱ្យដឹងថា ឧបករណ៍ទាំងនោះរួមមាន ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ ទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ និងទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ម៉ូទ័របូមទឹកប្រើថាមពលព្រះអាទិត្យ (Solar Water Pump) គឺសម្រាប់ស្រោចស្រពដំណាំជាលក្ខណ:គ្រួសារ។ ប្រយោជន៍នៃម៉ូទ័រនេះគឺអាចដំឡើងផ្ទាំងសូឡាទៅតាមកម្លាំងម៉ាស៊ីនបូមទឹកចាប់ពី ២ ទៅ ៥ គុប/ម៉ោង អាចប្រើប្រាស់បូមទឹកពីស្រះអណ្តូង ឬប្រភពទឹកធម្មជាតិក្នុងជម្រៅចាប់ពី ១៥ ទៅ ២០ ម៉ែត្រ អាចទាញយកថាមពលព្រះអាទិត្យនៅពេលថ្ងៃសម្រាប់បូមទឹកមានអាយុកាលប្រើប្រាស់ចាប់ពី ១០ ទៅ ១៥ ឆ្នាំ និងកាត់បន្ថយការចំណាយជួសជុល និងថែទាំថែមទាំងមិនចំណាយថវិកាជាប្រចាំថ្ងៃ និងកាត់បន្ថយកម្លាំងពលកម្ម។
ចំណែកប្រយោជន៍នៃទូភ្ញាស់ស៊ុតមាន់ប្រើថាមពលព្រះអាទិត្យ (Solar Egg Incubator) លោករដ្ឋមន្ត្រីបានលើកឡើងថា អាចប្រើប្រាស់ថាមពលព្រះអាទិត្យភ្ជាប់ជាមួយផ្ទាំងសូឡា និងអាគុយសម្រាប់យកភ្លើងទៅបើកអំពូលកម្ដៅពងមាន់ក្នុងសីតុណ្ហភាពជាមធ្យម ៣៧,៥ អង្សាសេ និងសំណើម ៦៥% ដែលកាត់បន្ថយការចំណាយប្រតិបត្តិការដោយអាចបង្កើនការភ្ញាស់ចាប់ ពី ៣០០ ទៅ ១ ០០០ ពងក្នុងរយ:ពេល ២១ ថ្ងៃតាមទំហំទូភ្ញាស់។
ដោយឡែក ទូហាលសម្ងួតប្រើថាមពលព្រះអាទិត្យ (Solar Dryer) វិញ គឺប្រើសម្រាប់ហាលសម្ងួតត្រី សាច់ បន្លែ និងផ្លែឈើ ដែលអាចរក្សាគុណភាព និងអនាម័យ។ ទូនេះអាចស្រូបយកកម្ដៅព្រះអាទិត្យសម្រាប់ហាលសម្ងួតចាប់ពី ៦០ ទៅ ៨០ អង្សាសេ និងបំពាក់ផ្ទាំងសូឡាសម្រាប់បង្វិលកង្ហារឱ្យមានខ្យល់ចេញចូលស្ងួតក្រៀមបានល្អ ប្រើប្រាស់ប្លាស្ទិកបិទជិត និងអាចផ្លាស់ប្តូរទីតាំងបាន ថែមទាំងមានអនាម័យល្អដោយមិនមានរុយ ឬសត្វល្អិតចូលទៀតផង ។
លោក វេង សាខុន លើកឡើងថា ដើម្បីរួមចំណែកកាត់បន្ថយចំណាយក្នុងផលិតកម្ម ការប្រែប្រួលអាកាសធាតុ និងការបំពុលបរិស្ថានដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញក្នុងផលិតកម្មកសិកម្ម ក៏ដូចជាការកែច្នៃកសិផលគឺជាជម្រើសដ៏ប្រសើរ។
លោកបានបញ្ជាក់ថា៖ «ប្រទេសទាំងអស់លើពិភពលោកបានចាត់ទុកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ គឺជាថាមពលបៃតង ឬថាមពលស្អាតដែលត្រូវលើកកម្ពស់ទាំងអស់គ្នា។ ជាទិសដៅបន្តនាយកដ្ឋានវិស្វកម្មកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មនឹងសហការជាមួយវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថាមពលកកើតឡើងវិញឱ្យមានភាពទូលំទូលាយ ដើម្បីផ្តល់អត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ» ។
លោក សុខ ប្រុសតូច ប្រជាពលរដ្ឋនៅភូមិ ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានថ្លែងនៅថ្ងៃទី ១០ ខែវិច្ឆិកាថា ការប្រើប្រាស់សូឡាផ្តល់ភាពងាយស្រួលសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះដែលនៅឆ្ងាយពីទីតាំងមានភ្លើង អគ្គិសនី។ លោកថា ភ្លើងអគ្គិសនីសូឡាក៏បានជួយសម្រួលដល់កិច្ចការងារមួយចំនួនក្នុងចម្ការផងដែរ ក្នុងនោះមានដូចជាការបូមទឹកស្រោចដំណាំជុំវិញផ្ទះ និងបូមទឹកចេញពីអណ្តូងយកមកប្រើប្រាស់ប្រចាំថ្ងៃ។
លោកបញ្ជាក់ថា ការប្រើប្រាស់សូឡាវាមានភាពងាយស្រួល ប៉ុន្តែមិនមែនមានន័យថា ឈប់ប្រើភ្លើងអគ្គិសនីនោះទេ ហេតុនេះ បើប្រើទាំង ២ ប្រភេទក៏ជារឿងល្អ ព្រោះវាអាចជំនួសគ្នាបាននៅពេលមានបញ្ហាកើតឡើង។
លោកថ្លែងថា៖ «ជុំវិញផ្ទះខ្ញុំមានដីជិត ២ ហិកតា ខ្ញុំដាំដំណាំផ្សេងៗ សម្រាប់រកចំណូលប្រចាំថ្ងៃ មានត្រប់ ឆៃថាវ ម្ទេស និងដំណាំបន្ទាប់បន្សំផ្សេងៗទៀត អ៊ីចឹងខ្ញុំប្រើសូឡាវាងាយស្រួលសម្រាប់ខ្ញុំ មិនបាច់ចំណាយលុយដាក់ភ្លើងអគ្គិសនីព្រោះត្រូវចំណាយថ្លៃខ្សែភ្លើង ហើយបង់ប្រចាំខែទៀតផង ពេលខ្លះដាច់ភ្លើងធ្វើអីមិនកើត តែសូឡាស្រួលទិញតែម្តងប្រើ ១០ ឆ្នាំ ឯណោះ» ។
យ៉ាងណាក៏ដោយ លោក ហូ ដារីណា ពលរដ្ឋនៅរាជធានីភ្នំពេញថ្លែងថា ការប្រើសូឡារមិនបានច្រើនដូចអគ្គិសនីទេ ប្រសិនបើយើងប្រើដោយមានអាគុយ ហើយការចំណាយអស់ច្រើន។ លោកថា ផ្ទះរបស់លោកប្រើផ្ទាំងសូឡា ៨ សន្លឹកអាគុយ ២០០ អំពែ ៨ គ្រាប់។
លោកបញ្ជាក់ថា ប្រសិនបើយើងប្រើតែសម្រាប់ពេលថ្ងៃ ដោយមិនមានអាគុយបូក ជាមួយភ្លើងរដ្ឋខ្លះស្រួលជាងមានអាគុយ តែវាត្រូវការទីតាំងដំឡើងផ្ទាំងសូឡាច្រើនទៅតាមចំនួនគីឡូវ៉ាត់ដែលយើងចង់ប្រើនៅក្នុងផ្ទះរបស់យើងក្នុង ១ ថ្ងៃប៉ុន្មានគីឡូវ៉ាត់ ។
លោកថ្លែងថា៖ «ខ្ញុំប្រើសូឡាហ្នឹងដោយសារពីមុនមកភ្លើងដាច់ខ្លាំងពេក អ៊ីចឹងរកធ្វើអីអត់កើតទើបខ្ញុំដំឡើងប្រព័ន្ធសូឡាដោយមានអាគុយ ខ្ញុំអាចប្រើបានដូចជាទូរទស្សន៍ អំពូលភ្លើង ឆ្នាំងដាំបាយ ពេលខ្លះក៏ប្រើម៉ាស៊ីនបោកគក់ខោអាវ អ៊ីចឹងដែរទៅ»៕
វីដេអូ៖