កោះកុងៈ អង្គការ WCS និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការពិនិត្យសុខភាពអណ្តើកហ្លួងចំនួនមួយភាគបីក្នុងចំណោមអណ្តើកហ្លួងចំនួន ២០៥ ក្បាលនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ហើយលទ្ធផលបញ្ជាក់ថាអណ្តើកហ្លួងទាំងអស់មានសុខភាពល្អ និងមានអត្រាប្រូតេអ៊ីនខ្ពស់សម្រាប់ការបន្តពូជ។
អង្គការ WCS បានឱ្យដឹងតាមរយៈហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ១១ ខែវិច្ឆិកាថា នៅក្នុងការពិនិត្យសុខភាពប្រចាំឆ្នាំនេះ ក្រុមការងារបានធ្វើការជ្រើសរើសអណ្តើកចេញពីក្រុមដែលមានអាយុខុសៗគ្នា និងយកឈាមមកវិភាគរកមើលចំនួនគ្រាប់ឈាម និងបរិមាណប្រូតេអ៊ីនសរុបក្នុងខ្លួនពួកវាកាលពីថ្ងៃទី ៩ និងទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដើម្បីឱ្យប្រាកដថាអណ្តើកទាំងនោះមានសុខភាពល្អ មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងអាចបន្តពូជបាន។
អង្គការនេះសរសេរថា «លទ្ធផលនៃការធ្វើតេស្តឈាមបានបង្ហាញថា អណ្តើកហ្លួងដែលបានពិនិត្យទាំងអស់មានសុខភាពល្អ និងមានអត្រាប្រូតេអ៊ីនខ្ពស់សម្រាប់ការបន្តពូជ»។ បច្ចុប្បន្ន មានអណ្តើកហ្លួងចំនួន ២០៥ ក្បាលកំពុងទទួលបានការចិញ្ចឹមថែទាំនៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង ស្ថិតនៅក្នុងភូមិទួលគគីរ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ អណ្តើកហ្លួងទាំងនេះ ត្រូវបានក្រុមការពារសម្បុកសហគមន៍ប្រមូលយកពីឆ្នេរខ្សាច់ពងកូនតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងខេត្តកោះកុងក្រោយពេលពួកវាបានញាស់ចេញពីសម្បុកភ្លាម បន្ទាប់មកបញ្ជូនមកកាន់មជ្ឈមណ្ឌលនេះ ដើម្បីចិញ្ចឹមថែទាំរហូតដល់ធំពេញវ័យទើបយកវាទៅលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។
អណ្តើកប្រភេទនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ ២០០៥។
កិច្ចការថែទាំអណ្តើកហ្លួងនៅក្នុងមជ្ឈមណ្ឌលទទួលបានការគាំទ្រថវិកាពីអង្គការ Mandai Nature, Allan & Patricia Koval Foundation, Turtle Survival Alliance និងម្ចាស់ជំនួយផ្សេងៗទៀត។ ចំណែកឯការងារ អភិរក្សនៅតាមទីវាលគាំទ្រថវិកា ដោយសហភាពអឺរ៉ុបតាមរយៈគម្រោងដៃគូប្រឆាំងបទល្មើសសត្វព្រៃ (Partners against Wildlife Crime) អង្គការ Mandai Nature, US Forest Service, Rainforest Trust និង USAID-Feed the Future៕