តាកែវៈ ក្រុមអភិរក្សសត្វស្លាបនៅកម្ពុជា បន្តរកឃើញសម្បុកសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅខេត្តតាកែវ នៅឆ្នាំ ២០២១ បើធៀបទៅនឹងឆ្នាំមុន។
តាមទំព័រហ្វេសប៊ុករបស់អង្គការ BirdLife បានឱ្យដឹងនៅថ្ងៃទី ១៤ ខែវិច្ឆិកានេះថា កំណើនសត្វស្លាបនេះ ដោយផ្អែកលើការជំរឿនសម្បុកសត្វស្លាបជាសកម្មភាពអង្កេតតាមដានថ្មី ដែលត្រូវបានអនុវត្តន៍នៅទីតាំងពងកូននៃសត្វស្លាបទឹកក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងឆ្នាំ ២០២០ និង ២០២១ នេះ។
អង្គការនេះបានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ សង្កេតឃើញថា សម្បុកសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅឆ្នាំមុន ដែលបានបង្ហាញថា បឹងព្រែកល្ពៅ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សត្វស្លាបទឹករស់នៅនិងពងកូន។
អង្គការ BirdLife បានបន្តថា៖ «ក្នុងឆ្នាំនេះ សម្បុកសត្វស្លាបទឹកចំនួន០៦ប្រភេទត្រូវបានកត់ត្រាដែលក្នុងនោះរួមមាន សម្បុកសត្វចង្កៀលខ្យងចំនួន ២ ៩៣១ សម្បុក ក្អែកទឹកតូចចំនួន ២៨៥ សម្បុក សត្វខ្វែក ១៨០ សម្បុក សត្វស្មោញ ៣២ សម្បុក ក្រសារប្រផេះ ៣០ សម្បុក និង សាធ្នង់ ២២ សម្បុក»។
លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការកើនឡើងសម្បុកសត្វស្លាបទឹកនេះ ដោយសារកត្តាសុខសុវត្ថិភាពរបស់សត្វ និងការការពារទីជម្រកសម្រាប់ពពួកសត្វទាំងនោះ។
លោកថា៖ «យើងការពារបាន មិនមានជនខិលខូចចូលបរបាញ់ ហើយយើងខំប្រឹងការពារទីជម្រកសត្វ បានន័យថា ការពារសម្បុក ការពារដើមឈើព្រៃលិចទឹកទាំងអស់ ហើយការពារបានកាន់តែប្រសើរជាងមុន ដូច្នេះសត្វទាំងនោះមកធ្វើជាទ្រនំ ធ្វើជាសម្បុកពងកូន»។
លោកបន្តថា បន្ថែមពីនេះអង្គការដៃគូកំពុងដាំកូនឈើប្រភេទព្រៃលិចទឹកបន្ថែមទៀត ដូចជាដើមរាំង ព្រោះដើមរាំង គឺជាប្រភេទឈើព្រៃលិចទឹកដែលសត្វស្លាបចូលចិត្តរស់នៅ។
លោក លឹម វ៉ាត បានគូសបញ្ជាក់ថា៖ «យើងមានមោទនភាពសម្រាប់ខេត្តតាកែវ ដែលយើងការពារបានធនធានធម្មជាតិទាំងអស់ ហើយមានការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិនៅតំបន់នេះ ហើយសាធារណជនទាំងអស់កាន់តែមើលឃើញថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅពិតជាសក្តានុពលមែន»។ «កាលពីមុនកូវីដ ១៩ តំបន់នេះទាក់ទាញភ្ញៀវទេសចរច្រើនណាស់ បើភ្ញៀវបរទេសវិញមកមើលម្តងៗជិត ១០ ប្រទេស ព្រោះតំបន់នេះផ្ទៃដីធំ ហើយសម្បូរសត្វស្លាប»។
បើតាមលោក លឹម វ៉ាត ក្រោយបង្កើតតំបន់អភិរក្សច្រើនឆ្នាំមកនេះ សត្វស្លាបបានចាប់ផ្តើមកើនឡើងគួរឱ្យកត់សម្គាល់ ទើបតែមួយរយៈចុងក្រោយនេះ ពោលចាប់ពីឆ្នាំ ២០២០ និង ២០២១។
សម្រាប់គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ សហការអនុវត្តដោយក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវជាសេនាធិការ អង្គការជីវសត្វស្លាបអន្តរជាតិ (BirdLife) អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife) និងអង្គការ WWT។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅត្រូវបានរដ្ឋាភិបាលបង្កើតកាលពីឆ្នាំ ២០១៦ លើផ្ទៃដីទំហំជាង ៨ ពាន់ហិកតា នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ក្នុងគោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវៈចម្រុះ៕