កំពង់ចាមៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារប្រវែងជាង ១ គីឡូម៉ែត្ររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលជាស្ពានទី៨ និងជាជំនួយរបស់ចិន នៅថ្ងៃទី ២៣ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសាលាខេត្តកំពង់ចាម។
លោក ឃន ប្រុស អ្នកនាំពាក្យសាលាខេត្តកំពង់ចាមប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកាថា៖ «[សម្ភោធ] ថ្ងៃ ២៣ ខែ ១១ ហ្នឹង។ ឯកឧត្តម យូ ស៊ុនទ្បុង [រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី] បានមកប្រជុំដាក់ផែនការរៀចំអស់ហើយនៅតែជិតដល់ថ្ងៃហ្នឹង បានយើងទៅរៀបចំ ប៉ុន្តែសម្អិតសម្អាតទីតាំងអីរួចរាល់អស់ហើយ»។
លោក ឃន ប្រុស ថ្លែងថា ស្ពាននេះ បានជួយដល់ប្រជាពលរដ្ឋបានច្រើនដោយចំណេញទាំងថវិកា និងពេលវេលា។ «[ដូច] ដែលសម្តេចនាយកថា ដាក់លុយចូលហោរប៉ៅគាត់ដោយមិនដឹងខ្លួន។គាត់ឆ្លងស្ពាន ពន្លឿនពេលវេលាគាត់។ គាត់ចង់មកពេទ្យឬមានកិច្ចការងារអីយប់ព្រលប់...គឺវាបានអីបានគ្រប់បែបយ៉ាងទាំងអស់។ហ្នឹងផលប្រយោជន៍គឺប្រជាពលរដ្ឋយើងហើយ»។
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែមីនា បានសម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្នស្ពាននេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋពិសេសក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ស្ថានទូតចិនប្រចាំកម្ពុជាកាលពីថ្ងៃទី ១២ ខែវិច្ឆិកា បានបង្ហោះសារក្នុងហ្វេសប៊ុកថា៖ «គម្រោងស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិនត្រូវបានបញ្ចប់រួចរាល់។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធស្ពានខាងលើ។ នេះ គឺជាស្ពានទី៨ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា»។
គេហទំព័រក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិច ទន្លេមេគង្គ ឱ្យបានងាយស្រួល និងឆាប់រហ័ស។
ស្ពាននេះមានទីតាំងស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ។ ។
ស្ពាននេះមានប្រវែងសរុប ១ ១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងអាមេ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រីមន្ត្រី ហ៊ុន សែន។
យោងតាមគេហទំព័រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ចាមបានឱ្យដឹងថា ក្រៅពីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៧១C នៅថ្ងៃទី ២៣ ខែវិច្ឆិកា ផងដែរ។ ពិធីនេះនឹងធ្វើឡើងនៅត្រើយខាងលិចស្ពាននេះដែលស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕