ភ្នំពេញៈ កម្ពុជាបានដាក់ឯកសារចំនួន ២ បន្ថែមទៀតគឺ «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» ទៅអង្គការយូណេស្កូ ដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។
ការដាក់ស្នើនេះ ត្រូវបានធ្វើឡើង នៅក្នុងឱកាសព្រះរាជកិច្ច នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង របស់ព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ឱ្យលោកស្រី Audrey AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ ចូលថ្វាយបង្គំគាល់សម្តែងការគួរសម កាលពីថ្ងៃទី១៣ វិច្ឆិកាឆ្នាំ២០២១។
ក្នុងកិច្ចសវនការនេះដែរ កម្ពុជាបានជូនដំណឹងដល់អង្គការយូណេស្កូថា កម្ពុជាមានឯកសារចំនួន ២ ដែលកំពុងដំណើរការមាន «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ដែលនឹងសុំបញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី១៤ វិច្ឆិកា។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងនៅថ្ងៃទី ១៤ វិច្ឆិកាថា ការដាក់ស្នើរបស់កម្ពុជានូវឯកសារចំនួន ២ គឺ «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ» បន្ថែមទៀត ដើម្បីស្នើសុំអង្គការយូណេស្កូ បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនេះ គឺក្រោយពីកម្ពុជាបានរៀបចំឯកសារគ្រប់គ្រាន់។
លោកថ្លែងថា៖ «នេះគឺជាការដាក់ស្នើសុំបន្ថែមទៀតរបស់យើង ដើម្បីស្នើសុំអង្គការយូណេស្កូ បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេ តិកភណ្ឌវប្បធម៌ពិភពលោក។ ក្រោយដាក់ទៅនេះ ខាងអង្គការយូណេស្កូ នឹងមានគណៈកម្មការ អនុសញ្ញានីមួយៗរបស់គេថែមទៀតនឹងចុះមកពិនិត្យ វាយតម្លៃ លើការស្នើសុំរបស់យើងនេះបន្ថែមទៀត ទើបអាចឈានទៅដល់ការដាក់បញ្ចូលជា សម្បត្ដិ បេតិកភណ្ឌវប្បធម៌ពិភពលោកបានឬអត់»។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បញ្ជាក់ថា មុននឹងឈានដល់ការដាក់ឯកសារស្នើសុំនាពេលនេះ ដោយអនុវត្ដតាមនីតិវិធីរបស់អង្គការយូណេស្កូ គឺកម្ពុជាបានដាក់ឯកសារត្រៀម ដើម្បីស្នើសុំមុនជាច្រើនឆ្នាំរួចមកហើយ។
ក្នុងកិច្ចសវនការជាមួយព្រះមហាក្រត្ស លោកស្រី Audrey AZOULAY បានសម្តែងនូវសេចក្តីរំភើបរីករាយ និងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅ ថ្វាយចំពោះព្រះរាជវត្តមាន ព្រះអង្គ ដែលស្តេចយាងប្រោសព្រះរាជទាន សុន្ទរកថា ប្រកបដោយអត្ថន័យ នៅក្នុងពិធីបើកកិច្ចប្រជុំ មហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួប គម្រប់ ៧៥ ឆ្នាំ របស់អង្គការយូណេស្កូ នៅថ្ងៃទី ១២ ខែវិច្ឆិកាផងដែរ។
ព្រះមហាក្សត្រខ្មែរ ក៏បានសម្តែងនូវការចូលរួមអបអរស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Audrey AZOULAY ដែលបានជាប់ឆ្នោតសាជាថ្មី ជាអគ្គនាយិកា នៃអង្គការយូណេស្កូ។
ព្រះអង្គក៏បានចូលរួមអបអរសាទរ និងថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ របស់អង្គការយូណេស្កូនៅកម្ពុជា លើវិស័យវប្បធម៌ ដោយរាប់បញ្ចូលពីភាពជោគជ័យ នៃយន្តការនៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (ICC) អង្គរ ដែលនឹងប្រារព្ធខួបលើកទី៣០ នៅឆ្នាំ ២០២៣ ខាងមុខ។
ព្រះមហាក្សត្រក៏បានសព្វព្រះរាជហឫទ័យ អញ្ជើញ លោកស្រី Audrey AZOULAY មកបំពេញទស្សនៈកិច្ចជាថ្មីម្តងទៀត នៅកម្ពុជា ក្នុងពេលវេលា សមស្របណាមួយ៕
វីដេអូ៖