ភ្នំពេញៈ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវសហការគ្នា ពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីបង្កបរិយាកាសល្អ ដល់ការរៀបចំការបោះឆ្នោត។
លោក ស ខេង ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែងតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ ឱ្យដឹងថា អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ពិសេសអាស្រ័យដោយការប្ដេជ្ញាចិត្តចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ទោះបីជាជួបប្រទះនឹងបញ្ហានានាក្នុងវិបត្តិជំងឺកូវីដ ១៩ នេះយ៉ាងណាក្ដី ក៏អាជ្ញាធរ និងកងកម្លាំង បានខិតខំពុះពារលើកស្ទួយ និងធ្វើឱ្យសម្រេចបានកិច្ចការសំខាន់ៗស្របទៅតាមផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ ដែលមកដល់ពេលនេះក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ក៏កំពុងបំពេញភារកិច្ច និងសកម្មភាពដឹកនាំសមាជិកបក្ស និងអ្នកគាំទ្រគណបក្សពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ព្រមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀត។
លោកថ្លែងថា ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ ២០២២ រួមមានបន្តណែនាំក្រុមសមាជិកបក្ស និងអ្នកគាំទ្រទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត ជំរុញការទទួលបានអត្តសញ្ញាណប័ណ្ណ ពង្រឹងភ្នាក់ងារគណបក្ស ដើម្បីទប់ស្កាត់ការបំពានច្បាប់បោះឆ្នោត បញ្ចៀសការធ្វើការងាររដ្ឋពាក់ព័ន្ធនឹងការងារនយោបាយដែលរងការរិះគន់ និងត្រៀមរៀបចំសន្និបាតគណបក្សឃុំ- សង្កាត់ឱ្យបានទាន់ពេលវេលា។
លោក សោម សូរីដា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះឱ្យដឹងថា ការរៀបចំដំណើរការបោះឆ្នោត ចាំបាច់ត្រូវមានការការពារ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត កុំឱ្យមានការភ័យខ្លាច និងមានការគំរាមកំហែង។
លោកថ្លែងថា៖ «កន្លងមកនេះ យើងឃើញដំណើការចុះឈ្មោះបោះឆ្នោត យើងដែលរាប់តាំងពីការរៀបចំបញ្ជីបោះឆ្នោត ការរៀបចំចុះបញ្ជីគណបក្សនយោបាយ ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះឆ្នោត គឺ ត្រូវស្ថិតនៅក្នុងសុវត្ថិភាព និងសណ្តាប់ធ្នាប់»។
រាជរដ្ឋាភិបាលបានកំណត់កាលបរិច្ឆេទនៃការរៀបចំដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២៕