ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្តាញសម្ព័ន្ធសហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិភាគតិចជិត ៩០ ស្ថាប័ន បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដែលត្រូវបានចាប់ និងឃុំខ្លួនកន្លងមក។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងប្រទេសប្រជាធិបតេយ្យ មិនដែលមានការស្នើឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ទៅដល់អ្នកដែលបានប្រព្រឹត្តខុសនោះទេ។
តំណាងស្ថាប័នចំនួន ៨៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី ១៥ វិច្ឆិកា ដោយទទូចសូមឱ្យមានការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិទាំងអស់ ដោយឥតលក្ខខណ្ឌ។
អ្នកដែលក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យមានការដោះលែងរួមមាន លោក ឆន ផល្លា ជាសកម្មជនការពារព្រៃឈើជនជាតិដើមភាគតិច នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ២០ ខែកញ្ញា។ លោក ផុន សុផល តំណាងសហគមន៍ដីធ្លីឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចច្រកចូលក្រុមហ៊ុន ឃីជេ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២០ និងត្រូវបានយកទៅឃុំខ្លួននៅពន្ធនាគារខេត្តត្បូងឃ្មុំ។
លោក ចាន់ ធឿន ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាតពីជនល្មើសកាប់ឈើ ឈ្មោះ ប៉ាក យ៉ាងគួ គឺជាកូនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ។ ក្រៅពីនេះមានលោក ខេម សុឃី និងលោក សូ ថាល់ ជាសមាជិកបណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ។
សេចក្តីថ្លែងការណ៍លើកឡើងថា៖ «យើងខ្ញុំទាំងអស់គ្នាជាអង្គការសង្គមស៊ីវិល សមាគម បណ្តាញសម្ព័ន្ធ សហជីព សហគមន៍ សង្កេតឃើញថា មានការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរ ការចោទប្រកាន់ពីស្ថាប័នតុលាការ ដោយភាគច្រើនពួកគេត្រូវរងការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទល្មើសផ្សេងៗទៀត ដែលមានលក្ខណៈនយោបាយ ដើម្បីបំបិទសំឡេងរិះគន់របស់អ្នកទាំងនោះ»។
អង្គការសមាគមទាំងនេះបានស្នើសុំឱ្យរាជរដ្ឋាភិបាល ធានាសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិសេរីភាព បញ្ចេញមតិ ការជួបជុំ និងសិទ្ធិសេរីភាពជាមូលដ្ឋានផ្សេងទៀត ផ្អែកតាមរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្ស អន្តរជាតិ និងជាពិសេសស្នើសុំឱ្យទម្លាក់ចោលរាល់ការចោទប្រកាន់ទាំងឡាយដោយមិនមានលក្ខខណ្ឌទៅលើសកម្មជនសង្គម បរិស្ថាន និងដីធ្លីទាំងអស់ដែលដោះលែងរួច នាពេលថ្មីៗនេះផងដែរ។
ទាក់ទងនឹងការស្នើសុំនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែវិច្ឆិកាដោយចាត់ទុកការទាមទារនេះថា ចម្លែក ខុសពីក្នុងសង្គមប្រជាធិបតេយ្យដែលវាមិនដែលមានការស្នើសុំឱ្យតុលាការដោះលែង និងទម្លាក់បទចោទអ្នកដែលប្រព្រឹត្តបទល្មើសនោះទេ។
លោកបញ្ជាក់ថា៖ «មធ្យោបាយការពារខ្លួន គឺមានតែការចូលរួមក្នុងដំណើរការតាមនីតិវិធីតុលាការ ហើយនឹងការពារខ្លួនតាមផ្លូវច្បាប់ បង្ហាញភ័ស្តុតាងសក្ខីកម្មដោះបន្ទុកឱ្យរឹងមាំក្នុងការតតាំងនឹងបទចោទ។ វាមិនដែលមានអ្នកណាសុំឱ្យគេទម្លាក់ចោលបទចោទ ដោះលែងអ្នកដែលប្រព្រឹត្តខុសនោះទេ។ វាមិនដែលមានឡើយនៅក្នុងសង្គមប្រជាធិបតេយ្យ»។
ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្តាញសម្ព័ន្ធសហជីព សហគមន៍មូលដ្ឋានទាំងនោះមានដូចជា សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក), សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC),សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), អង្គការវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID), គណ:កម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COM-FREL), អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស និងស្ថាប័នជាច្រើនទៀត៕