ភ្នំពេញៈ លោក ជាម យៀប ដែលបច្ចុប្បន្នជាតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសរើសជាបេក្ខជន អនុប្រធានទី១ នៃរដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ វិច្ឆិកាថា គណបក្សប្រជាជនកម្ពុជាបានស្នើលោក ជាម យៀប ជាបេក្ខជន សម្រាប់អនុប្រធានទី១ នៃរដ្ឋសភា។ ប៉ុន្តែមកទល់ពេលនេះ រដ្ឋសភាមិនទាន់រៀបចំសម័យប្រជុំ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅឡើយទេ ដោយរង់ចាំនៅក្រោយបុណ្យអុំទូក។
លោកបន្តថា លោកមិនបានដឹងពីនីតិវិធីនៃការជ្រើសរើសលោក ជាម យៀប ជាបេក្ខជនតំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់គណបក្សប្រជាជនដូចម្តេចនោះទេ ប៉ុន្តែលោកគ្រាន់តែដឹងថា លោក ជាម យៀប បានធ្វើជាមន្ត្រីគណបក្សប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្ន និងមានស្នាដៃធំជាច្រើន។
លោកថ្លែងថា៖ «គាត់ធ្វើយូរហើយ (មន្ត្រីគណបក្សប្រជាជន) តាំងពីចៅហ្វាយខេត្ត រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការអចិន្រៃ្តយ៍នៃគណបក្ស និងរដ្ឋសភា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងថា លោក ជាម យៀប គឺជាមន្ត្រីគណបក្សប្រជាជនកម្ពុជាយូរណាស់មកហើយ និងស័ក្តិសមបំផុតក្នុងការទទួលបានតំណែងជាអនុប្រធានទី១ នៃរដ្ឋសភានេះ ព្រោះលោក ជាម យៀប មានគុណសម្បត្តិ និងមានឋានៈខ្ពស់នៅក្នុងគណៈអចិន្រៃ្តយ៍របស់គណបក្ស។
លោកថ្លែងថា៖ «ឯកឧត្តម ជាម យៀប មានស្នាដៃច្រើន សម្រាប់ការងារបក្ស បានឡើងឋានៈរហូតដល់សមាជិកគណៈអចិន្រៃ្តយ៍របស់គណបក្សប្រជាជនកម្ពុជា អាហ្នឹងមិនធម្មតាទេ»។
លោក ជាម យៀប ដែលមានស្រុកកំណើតនៅភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានបម្រើការងារនៅក្នុងរដ្ឋសភាជាង ៤០ ឆ្នាំមកហើយនោះបានប្រាប់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១៥ វិច្ឆិកាថា លោកទើបបានទទួលបានព័ត៌មានពីការជ្រើសតាំងរូបលោកជាបេក្ខជនអនុប្រធានទី១ រដ្ឋសភា។
លោកបានបញ្ជាក់ថា តាមព័ត៌មានដែលលោកទើបបានទទួលនៅព្រឹកថ្ងៃទី ១៥ វិច្ឆិកា រដ្ឋសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២៥ វិច្ឆិកា ដើម្បីបោះឆ្នោតជ្រើសរើសរូបលោកជាអនុប្រធានទី ១ រដ្ឋសភា ជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាព។
លោក ជាម យៀប មានប្រសាសន៍ថា ការជ្រើសតាំងរូបលោកជាបេក្ខជន សម្រាប់តំណែងអនុប្រធានទី១ នៃរដ្ឋសភា ជំនួស លោក ងួន ញ៉ិល ដែលបានទទួលមរណភាពនេះ គឺជារឿងធម្មតា និងដើម្បីបំពេញបន្ថែមឱ្យស្របទៅតាមរចនាសម្ព័ន្ធរបស់រដ្ឋសភា។
លោកបានលើកឡើងថា នៅពេលដែលលោកចូលកាន់តំណែងជាអនុប្រធានទី១ នៃរដ្ឋសភា លោកនឹងជំរុញឱ្យរដ្ឋសភា ក្លាយទៅជារដ្ឋសភា ដែលអនុវត្តតាមបច្ចេកវិទ្យាទំនើប (IT) ឱ្យស្របទៅតាមតម្រូវការចាំបាច់របស់រដ្ឋសភាពិភពលោក និងរដ្ឋសភាក្នុងតំបន់អាស៊ាន។
ជាមួយគ្នានេះ លោកនឹងជួយរដ្ឋសភាកម្ពុជាឱ្យគោរព និងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ និងបទដ្ឋានដែលស្តីអំពីតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ។
លោក ជាម យៀប បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមជម្រាបថា ខ្ញុំនឹងខិតខំ ធ្វើយ៉ាងណា បម្រើរដ្ឋសភាឱ្យល្អប្រសើរឱ្យស្របតាមតម្រូវការចាំបាច់របស់សភាកម្ពុជា និងគោរពអនុវត្តទៅតាមការដឹកនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាប្រធានរដ្ឋសភា ក៏ដូចជា ការចង្អុលទិសដែលជាកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សបានជាប់ឆ្នោត ១០០% នៅក្នុងនីតិកាលទី៦ កន្លងមកនេះ»៕