ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្រសួងមិនទាន់មានគោលការណ៍ណាមួយតម្រូវឱ្យអ្នកដំណើរដែលមកពីបរទេសបង់ប្រាក់សម្រាប់ការធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ ពេលមកដល់កម្ពុជានោះទេ ខណៈដែលកម្ពុជាទើបបានលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ដូសមូលដ្ឋានរួចរាល់ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំនេះតទៅ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ ខែវិច្ឆិកា ថា ក្រសួងមិនទាន់មានគោលការណ៍ណាមួយក្នុងការតម្រូវឱ្យអ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសដែលចូលមកក្នុងប្រទេសកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ត្រូវចំណាយថវិកាលើការធ្វើតេស្តរហ័សរកមេរោគកូវីដ ១៩ នៅពេលពួកគេមកដល់នោះទេ។
ចំណែកឧត្តមសេនីយ៍ត្រី ថោង សុផាត នាយរងប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដូចគ្នាផងដែរថា មិនទាន់មានការយកថ្លៃធ្វើតេស្តរហ័សរកកូវីដ ១៩ ពីអ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសនោះទេ។
លោកបានមានប្រសាសន៍ថា៖ «បើតាមការឱ្យដឹងពីមន្ត្រីនៃក្រសួងសុខាភិបាលប្រចាំនៅអាកាសយានដ្ឋានគឺនៅពេលនេះមិនទាន់មានគោលការណ៍យកលុយពីភ្ញៀវខ្មែរ និងភ្ញៀវបរទេសដែលចុះមកដល់ព្រលានយន្តហោះ ហើយធ្វើតេស្តរហ័សនោះទេ គឺយើងនៅធ្វើតេស្តជូនពួកគាត់ដោយមិនគិតថ្លៃនៅឡើយ ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេ ថាតើថ្ងៃក្រោយមានការវិវឌ្ឍយ៉ាងណាទៀតនោះ»។
ជាមួយគ្នានេះដែររដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏បានជូនដំណឹងពីការលុបចោលការធ្វើចត្តាឡីស័កដល់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ដូសមូលដ្ឋានផងដែរ ប៉ុន្តែលោកបានបញ្ជាក់ថាគ្រប់អ្នកដំណើរដែលមកពីក្រៅប្រទេសត្រូវមានបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ ១៩ ដែលមានសុពលភាពរយៈពេល ៧២ ម៉ោងមុនពេលមកដល់កម្ពុជា។
លោក ម៉ម ប៊ុនហេង បានលើកឡើងកាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ ទាក់ទងនឹងការអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ពេញលេញចូលមកកម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កថា អ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ហើយធ្វើដំណើរចូលមកកម្ពុជាគឺតម្រូវឱ្យឆ្លងកាត់ការធ្វើតេស្តកូវីដ ១៩ ដោយម៉ាស៊ីន PCR និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃស្របទៅតាមនីតិវិធីជាធរមាន។
លោកបានបញ្ជាក់ថា៖ «អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ពេញលេញ ហើយចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ត្រូវភ្ជាប់មកជាមួយនូវបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ ១៩ (តេស្ត PCR) ដែលមានសុពលភាពរយៈពេល ៧២ ម៉ោងមុនពេលមកដល់កម្ពុជាដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី»។
លោករដ្ឋមន្ត្រីបានបន្តថា ពេលមកដល់កម្ពុជា សាមីអ្នកដំណើរត្រូវធ្វើតេស្តរហ័ស (Rapid Test) កូវីដ ១៩ នៅតាមច្រកចូលប្រទេសហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័សរយៈពេលពី ១៥ ទៅ ២០ នាទី។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមានបុគ្គលនោះអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។
ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុនហេង ក៏បានអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក, សណ្ឋាគារ និងគេហដ្ឋាននៅទូទាំងប្រទេស ដែលមិនមានវិជ្ជមានកូវីដ ១៩ ចេញពីការធ្វើចត្តាឡីស័កចាប់ពីថ្ងៃ ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ តទៅ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី ១ ខែវិច្ឆិកា និងបានសម្រេចលុបចោលនូវការធ្វើចត្តាឡីស័កអ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់ដូសពេលចូលមកដល់កម្ពុជា។ ការសម្រេចដូចនេះក៏ដោយសារប្រជាពលរដ្ឋទូទាំងប្រទេសចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ បានរហូតដល់ជិត ៨៨ ភាគរយនៃចំនួនប្រជាពលរដ្ឋ ១៦ លាននាក់រួចទៅហើយ។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាបានអបអរសាទរចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការលុបចោលការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ គ្រប់ដូស។
លោកបានលើកឡើងនៅថ្ងៃទី ១៥ ខែវិច្ឆិកាថា៖ «ចាប់ពីថ្ងៃនេះកម្ពុជាឈានមួយជំហានទៀត ដើម្បីស្វាគមន៍ប្រជាពលរដ្ឋកម្ពុជាពីក្រៅប្រទេស អ្នកវិនិយោគ អ្នកការទូត ក៏ដូចជាភ្ញៀវទេសចរដែលធ្វើដំណើរមកកម្ពុជា តាមច្រកអន្តរជាតិនានាដោយមិនតម្រូវឱ្យពួកគេមានការធ្វើចត្តាឡីស័ក។ នេះជាភាពជោគជ័យដ៏ជាទីមោទនៈដែលកើតចេញពីការប្រឹងប្រែងរបស់យើង»។
គួរបញ្ជាក់ផងដែរថា កម្ពុជានៅតែបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃដដែលសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩៕
វីដេអូ៖