ត្បូងឃ្មុំៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃជាង ៥០ លានដុល្លារ គ្រោងបញ្ចប់ការសាងសង់នាចុងខែវិច្ឆិកាឆ្នាំនេះ និងដាក់ឱ្យដំណើរការនៅដើមឆ្នាំក្រោយ ដែលមន្ត្រីអះអាងថា មន្ទីរពេទ្យថ្មីនេះនឹងបម្រើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើប ស្តង់ដាខ្ពស់ ដែលខេត្តមិនធ្លាប់មានពីមុនមក។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យខ្នាតយក្សប្រកបដោយបរិក្ខារទំនើបបានកសាងឡើងក្នុងទំហំទឹកប្រាក់ជាង ៥០ លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសចិនស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខនេះ។
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំក្រសួងមន្ទីរពាក់ព័ន្ធខេត្តត្បូងឃ្មុំបានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ និងបំពាក់ឧបករណ៍បរិក្ខារពេទ្យនៅមន្ទីរពេទ្យនេះ។
លោក អេក ឃាង ប្រធានមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ បានឱ្យដឹងថា មន្ទីរពេទ្យនេះមានអគារចំនួន ៨ ខ្នង ៥ ជាន់ កម្ពស់ ២៤ ម៉ែត្រដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកសម្រាប់អគារសម្រាកពេទ្យមានចំនួន ៥ ជាន់ អគារសម្ភពរោគស្ត្រី និងកុមារចំនួន ៥ ជាន់ អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ ជាន់ និងអគារផ្សេងៗទៀត ១ ជាន់ ដែលមានផ្ទៃដីសរុប ៧៥ ៥៧០ ម៉ែត្រការ៉េ ដោយសាងសង់លើផ្ទៃដីចំនួន ៥៥ ៨១៤ ម៉ែត្រការ៉េ ក្នុងនោះអគារមន្ទីរពេទ្យមានចំនួន ២៤ ៣០០ ម៉ែត្រការ៉េ។
លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៥ វិច្ឆិកាថា បន្ទាប់ពីអគារថ្មីនេះត្រូវបានសាងសង់រួចរដ្ឋាភិបាលខេត្តគ្រោងដាក់ឱ្យដំណើរការក្នុងការបម្រើសេវាដល់អ្នកជំងឺចាប់ពីឆ្នាំ ២០២២ ខាងមុខ។
លោកថា ក្នុងអំឡុងពេលជិតបញ្ចប់គម្រោងសាងសង់នេះមន្ទីរសុខាភិបាលខេត្តក៏កំពុងបង្កើតគណៈកម្មការមួយ ដើម្បីត្រៀមរៀបចំធនធានមនុស្សសម្រាប់បំពេញការងារក្នុងមន្ទីរពេទ្យនេះដោយជ្រើសរើសមន្ត្រីសុខាភិបាលពីបណ្តាស្ថាប័នទូទាំងខេត្ត ដែលបានដាក់ពាក្យស្នើសុំ។
លោក កែវ វណ្ណៈ បានបញ្ជាក់ថា៖ «មន្ទីរពេទ្យនេះ យើងគ្រោងដាក់ដំណើរការ ៣០០ គ្រែ ហើយយើងមានជំនាញច្រើនដែលត្រូវទទួល។ អ្វីដែលជាក្តីបារម្ភនៅក្នុងខេត្តត្បូងឃ្មុំយើងគឺមន្ត្រីយើងមិនទាន់មានជំនាញច្រើនសម្រាប់គ្រប់តម្រូវការរបស់មន្ទីរពេទ្យនៅឡើយទេ។ យើងនឹងប្រឹងប្រែងអភិវឌ្ឍធនធានយើងដែលមានហ្នឹង ដើម្បីដាក់ឱ្យនៅតាមសេវាដែលយើងបានបំពាក់សម្ភារ»។
លោកបានបន្តថា៖ «មន្ទីរពេទ្យនេះយើងត្រៀមនឹងទទួលសេវាពហុបច្ចេកទេសឱ្យបានជំនាញច្រើនដែលមកប្រើប្រាស់សេវានេះ។ នៅពេលយើងដាក់ដំណើរការគ្រប់ពេញលេញតាមស្តង់ដានោះយើងសង្ឃឹមថាវិស័យសុខាភិបាលនៅក្នុងខេត្តត្បូងឃ្មុំនឹងល្អប្រសើរព្រោះយើងមិនមែនបម្រើសេវាសម្រាប់តែប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទេគឺយើងបម្រើសម្រាប់ប្រជាពលរដ្ឋនៅតំបន់ភូមិភាគឦសានដែលជាប់ខេត្តត្បូងឃ្មុំ»។
ទន្ទឹមនឹងនេះលោក កែវ វណ្ណៈ បានអះអាងដែរថា មន្ទីរសុខាភិបាលក៏បានរៀបចំកញ្ចប់ថវិកាសម្រាប់ចំណាយរបស់មន្ទីរពេទ្យនៅក្នុងផែនការប្រចាំឆ្នាំរបស់ខេត្តផងដែរ ដើម្បីស្នើទៅរដ្ឋាភិបាលសុំការអនុម័ត ដែលលោករំពឹងថា រដ្ឋាភិបាលនឹងឯកភាពតាមសំណើនេះ។
អ្នកស្រី ស្រី ឡែន ជាពលរដ្ឋរស់នៅក្នុងខេត្តត្បូងឃ្មុំ បានលើកឡើងថា ការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋនៅក្នុងខេត្តគឺល្អហើយក្នុងករណីដែលខេត្តនេះ មានមន្ទីរពេទ្យថ្មីដែលមានស្តង់ដា និងអាចបម្រើសេវាដល់ពលរដ្ឋ បានច្រើនទៀតនោះ គឺរឹតតែប្រសើរ។
អ្នកស្រីបន្តថា បើសិនករណីនេះ មន្ទីរពេទ្យនេះអាចបម្រើសេវាដល់អ្នកជំងឺបានល្អ និងបានគ្រប់ជំនាញនោះ គឺពលរដ្ឋ មិនចាំបាច់ចំណាយពេលធ្វើដំណើរទៅទទួលសេវានៅខេត្តផ្សេងជាពិសេសនៅភ្នំពេញ៕