ភ្នំពេញៈ អង្គការសង្គមស៊ីវិលចំនួន ១០ អបអរសាទរការអះអាងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ដែលលើកឡើងថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការមិនបង្កើតរោងចក្រថាមពលធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនី នៅតាមដងទន្លេមេគង្គ។
ក្នុងកិច្ចប្រជុំកំពូលលើកទី២៦ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា លោកសាយ សំអាល់ ថ្លែងថា ក្នុងនាមជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ដោយបានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង៤០០មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥ ភាគរយ នៃប្រភពថាមពលរបស់កម្ពុជា។
លោកដ្ឋមន្ត្រីបរិស្ថាន បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការមិនបង្កើតរោងចក្រថាមពល ដើរដោយធ្យូងថ្មថ្មី និងមិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ។ លើសពីនេះ លោកក៏បានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើត្រឹមពាក់កណ្តាលត្រឹមឆ្នាំ២០៣០ និងមិនមានការបញ្ចេញឧស្ម័នពីព្រៃឈើត្រឹមឆ្នាំ២០៤០។
អង្គការទាំង១០បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី ១៥ វិច្ឆិកាថា ការអះអាងជាថ្មីរបស់រដ្ឋាភិបាលចំពោះការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនសាងសង់ទំនប់វារីអគ្គិសនីណាមួយនៅលើដងទន្លេមេគង្គ គឺជាសញ្ញាវិជ្ជមាន ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការប្រែប្រួលអវិជ្ជមាននៃទន្លេមេគង្គនាពេលបច្ចុប្បន្ន និងនិរន្តរភាពប្រព័ន្ធអេកូឡូស៊ី។
អង្គការទាំង ១០ រួមមាន សមាគមថែរក្សាបរិស្ថាននិងវប្បធម៌ អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល អង្គការអភិវឌ្ឍន៍ជនបទភូមិភាគឦសាន អ្នកអភិវឌ្ឍន៍សហគមន៍ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ អង្គការភូមិខ្ញុំ អង្គការ OXFAM សំលេងស្ត្រីសហគមន៍ និងអង្គការបណ្តាញការពារទន្លេសេសានស្រែពក សេកុង។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ការព្រួយបារម្ភកាន់តែខ្លាំងឡើងនេះបើយោងតាមការសិក្សារបស់ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ២០១៧ បានបង្ហាញថាប្រសិនបើទំនប់វារីអគ្គិសនីទាំងអស់នៅលើដងទន្លេមេ និងដៃទន្លេ របស់វានៅអាងទន្លេមេគង្គ ដែលត្រូវបានរៀបចំផែនការសាងសង់នៅត្រឹមឆ្នាំ២០៤០ នឹងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចនិងសន្តិសុខស្បៀងក្នុងតំបន់។
រំហូរទាបក្នុងរដូវខ្យល់មូសុងក្នុងឆ្នាំ ២០១៩-២០២០ ធ្វើឱ្យកម្ពស់ទឹកក្នុងទន្លេមេគង្គត្រូវបានកត់ត្រាថាមានកម្ពស់ទាបបំផុតក្នុងប្រវត្តិសាស្ត្រ ដែលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ ដែលបានពឹងផ្អែកលើធនធានពីទន្លេ សម្រាប់មនុស្សជាច្រើនជំនាន់។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ពិតជាឆ្លើយតបទៅនឹងការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមកនៃទន្លេមេគង្គក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យើងក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការស្វែងរកជម្រើសថាមពលជំនួស ដោយការបង្កើនសមាមាត្រថាមពលពន្លឺព្រះអាទិត្យ ទៅក្នុងល្បាយថាមពល របស់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តមិនសាងសង់រោងចក្រថាមពលធ្យូងថ្មថ្មីណាមួយឡើយ»។
សេចក្តីថ្លែងការណ៍បន្តថា៖«យើងជាអង្គការសង្គមស៊ីវិលនៅកម្ពុជា សូមគាំទ្រចំពោះការប្តេជ្ញាចិត្ត ដ៏រឹងមាំ[របស់]រដ្ឋាភិបាលកម្ពុជា ហើយយើងសូមសម្តែងការកោតសរសើរជាខ្លាំង ប្រសិនបើរដ្ឋាភិបាល ជាពិសេសក្រសួងពាក់ព័ន្ធសំខាន់ៗធ្វើឱ្យការប្តេជ្ញាចិត្តនេះទៅជាការអភិវឌ្ឍ ឬគោលនយោបាយរបស់ខ្លួនហើយប្រកាន់ខ្ជាប់នូវការអនុវត្តចំពោះការប្តេជ្ញាចិត្តនេះ»។
លោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល (NGO Forum) ដែលស្ថិតក្នុងចំណោមអង្គការទាំង១០នេះមិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បន្ថែមបានទេ នាថ្ងៃទី១៦ ខែវិច្ឆិកា។
លោកសាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំនេះថា ហិរញ្ញវត្ថុអាកាសធាតុអន្តរជាតិនៅតែមិនទាន់គ្រប់គ្រាន់តាមតម្រូវការនៅឡើយ ជាពិសេសសម្រាប់ផ្នែកការបន្ស៊ាំ ដែលនៅតែមានការលំបាកក្នុងការទទួលបានសម្រាប់ប្រទេស ដែលងាយរងគ្រោះបំផុតដោយសារអាកាសធាតុ។
លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ទាំងអស់ បង្កើនការរួមចំណែករបស់គេ ចំពោះយន្តការហិរញ្ញវត្ថុក្រោមអនុសញ្ញា ហើយជួយសម្រួលបន្ថែមទៀតក្នុងការទទួលបានមូលនិធិទាំងនេះដោយផ្ទាល់»។
កម្ពុជាបានដាក់ជូននូវរបាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ របស់កម្ពុជា Updated NDC ជាមួយនឹងគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័ន៤២ភាគរយត្រឹមឆ្នំា២០៣០៕
វីដេអូ៖