ភ្នំពេញៈ នាយករដ្ឋមន្ត្រីចិនលោក លី កេឈាង (Li Keqiang) ប្រកាសថា ចិនសន្យាបន្តផ្តល់វ៉ាក់សាំងកូវីដ ១៩ ក៏ដូចជាជំនួយផ្នែកសុខាភិបាល និងគ្រូពេទ្យព្យាបាលជំងឺកូវីដ ១៩ ដល់កម្ពុជាក្នុងពេលឆាប់ៗនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជា ហើយនឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ចំនួន ៥៥០ កន្លែងផងដែរ ខណៈការបើកឱ្យនិស្សិតកម្ពុជាត្រឡប់ទៅសិក្សានៅប្រទេសចិនវិញកំពុងស្ថិតក្នុងការពិចារណា។
ការប្រកាសសន្យាបែបនេះបានធ្វើឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាងរូបលោក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា។
លោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១៥ ខែវិច្ឆិកាថា៖ «ភាគីចិននឹងបន្តជួយដល់កម្ពុជាយើងផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំង ដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ១៩ ហើយនៅពេលឆាប់ៗនេះប្រទេសចិននឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាផ្ដល់នូវជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដដល់កម្ពុជាផងដែរ»។
លោកសរសេរថា ចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចំនួន ៥៥០ កន្លែង សម្រាប់រយៈពេល ៥ ឆ្នាំហើយចិនក៏កំពុងតែពិនិត្យពិចារណាផងដែរ ក្នុងការបើកឱ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនាពេលឆាប់ៗនេះ។
លោក ហ៊ុន សែន ក៏បានអបអរសាទរការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១០០ ពីការបង្កើតបក្សកុម្មុយនីស្តចិន កាលពីខែកក្កដា ឆ្នាំ ២០២១ ផងដែរ ហើយបានកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនចំពោះការលុបបំបាត់បានទាំងស្រុងនូវភាពទីទ័លក្រក្នុងប្រទេសចិន និងបានអបអរសាទរចំពោះកំណើនសេដ្ឋកិច្ចចិន ៩,៨ ភាគរយសម្រាប់រយៈពេល ៩ ខែនៃឆ្នាំ ២០២១។
លោកជឿជាក់ថា ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនភីង និងមានការចូលរួមពីថ្នាក់ដឹកនាំចិន ប្រទេសចិននឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាឡើងថែមទៀត។
ជាមួយគ្នានេះ លោក ហ៊ុន សែន និងលោក លី កេឈាង បានពិភាក្សាគ្នាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ កិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីទាំង ២ បានជជែកគ្នាពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម បញ្ហាកសិកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
បើតាមហ្វេសប៊ុកដដែល លោក លី កេឈាង ប្រាប់លោក ហ៊ុន សែន ថា ចិននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ហើយចិនសន្យាផ្ដល់ជំនួយដល់កម្ពុជាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំក្រោយនេះ។
ស្ថានទូតចិនប្រចាំកម្ពុជាបញ្ជាក់ក្នុងហ្វេសប៊ុកពីថ្ងៃទី ១៦ ខែវិច្ឆិកាថា ចិន និងកម្ពុជាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យដោយរួមបញ្ចូលនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍។
ទូរទស្សន៍ CCTV របស់ចិន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកាបានដកស្រង់សម្ដីលោក លី កេឈាង ក្នុងជំនួបនេះថា ចិន និងកម្ពុជាដែលជាមិត្តជិតខាងដ៏ជិតស្និទ្ធស៊ីជម្រៅបាននិងកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យនានា។
លោកត្រូវបានដកស្រង់សម្ដីថា ប្រទេសចិនយកចិត្តទុកដាក់ខ្លាំងលើការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយនឹងបន្តជួយកម្ពុជាក្នុងមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងបរិបទរបស់ខ្លួន។
CCTV ស្រង់សម្ដីលោក លី ថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជាក្នុងការទប់ទល់នឹងជំងឺកូវីដ ១៩ ស្តារសេដ្ឋកិច្ចឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន»។
CCTV ក៏បានដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជាផងដែរថា លោក ហ៊ុន សែន បានអរគុណប្រទេសចិនសម្រាប់ការគាំទ្រ និងជំនួយដ៏រឹងមាំរបស់ចិនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយកម្ពុជាសង្ឃឹមថានឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យនានារួមមានកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលសាធារណៈ ការអប់រំ និងវប្បធម៌។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ពីថ្ងៃទី ១៦ ខែវិច្ឆិកាថា នេះជាការអះអាងជាថ្មីទៀតរបស់ចិនបន្ថែមទៅលើការប្តេជ្ញាចិត្តដែលចិនតែងមានកន្លងមកចំពោះកម្ពុជា ហើយក៏ជាការបង្ហាញពីភាពស៊ីជម្រៅពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនដែលគេចាត់ទុកជាមិត្តដែកថែប និងជាបងប្អូនដែលជួយគ្នានៅគ្រប់កាលៈទេសៈ។
លោកថ្លែងថា៖ «វាក៏បង្ហាញឱ្យឃើញថា ចរន្តនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយហ្នឹង គឺខណៈដែលអាមេរិកដាក់ទណ្ឌកម្មលើមេទ័ពកម្ពុជា ចិនឯណោះវិញគឺពង្រឹងទំនាក់ទំនងរបស់ខ្លួនដាក់ចេញនូវការប្តេជ្ញាចិត្ត និងការអះអាងជាថ្មីជាម្តងទៀតចំពោះការជួយប្រទេសកម្ពុជា។ អ៊ីចឹង វាបង្ហាញឱ្យឃើញចរន្តបញ្ច្រាសទិសគ្នានៅក្នុងទំនាក់ទំនងទ្វេភាគីរបស់កម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក និង [ទំនាក់ទំនងទ្វេភាគី] របស់កម្ពុជាជាមួយនឹងប្រទេសចិន»។
លោក ភា បន្តថា ការប្តេជ្ញារបស់ចិននេះក៏ជាការបង្ហាញឱ្យឃើញនូវទស្សនវិស័យស្របគ្នារបស់កម្ពុជា និងចិនដែលកម្ពុជាតែងប្រាថ្នាចង់ឃើញទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនកាន់តែស៊ីជម្រៅ និងផ្តល់នូវប្រយោជន៍ទៅវិញទៅមក៕
វីដេអូ៖