ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រមាណ​ ៣០ ​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅមុខ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា ទាមទារ​រក​ដំណោះស្រាយ​ដីធ្លី​ពី​គម្រោង​សាងសង់​ផ្លូវ​ឈ្មោះ​សម្ដេច ហ៊ុន នាង ដែល​តភ្ជាប់​ពី​ផ្លូវ​ ៦០ ​ម៉ែត្រ​ (​ផ្លូវ​សម្ដេច​តេជោ​ ហ៊ុន សែន​) ​មក​ផ្លូវ​ ៣៧១ ដែល​បាន​ប៉ះពាល់​ទៅលើ​ខ្នងផ្ទះ​របស់​ពួកគេ​ជាង​ ១០ ​គ្រួសារ ដោយ​មិនទាន់មាន​សំណង​ច្បាស់លាស់​។ គ្រួសារ​ទាំងនោះ ស្ថិតនៅក្នុង​ប្រជាសហគមន៍​ព្រែកតាគង់​ ១ ភូមិ​ព្រែកតាគង់ ១ សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ​បានដាក់​ញត្តិ​ទៅ​លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ស្នើសុំ​ដំណោះស្រាយ​ដីធ្លី ដោយ​ពួកគេ​បាត់ឈ្មោះ​ពី​បញ្ជី​ចុះឈ្មោះ​ដីធ្លី​ជា​ប្រព័ន្ធ​។

លោក គង់ ស៊ីថន អ្នក​ចូលរួម​តវ៉ា​ម្នាក់​បាន​អះអាង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួកគេ បាន​​រស់នៅ​លើដី​នេះ​ជាយូរ​ឆ្នាំ​មកហើយ ព្រមទាំង​មាន​បង្កាន់ដៃ​ក្បាលដី​ក្នុង​ការទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ប្រទានកម្ម​របស់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។ ប៉ុន្តែ​នៅពេល​គណៈកម្មការ​បិទផ្សាយ​ទិន្នន័យ​ជា​សាធារណៈ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​វាស់វែង​ដី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ ស្រាប់តែ​ពុំមាន​លេខ​ក្បាលដី​របស់គេ​ទៅវិញ​ដែល​ដី​របស់​ពួកគេ​ស្ថិតក្នុង​គម្រោង​ផ្លូវ ៣០ ​ម៉ែត្រ​។

អ្នកស្រី វាំង សំណាប់ អ្នកតវ៉ា​ម្នាក់ទៀត​ថ្លែងថា​សំណើ​របស់​ពួកគាត់​គឺ​សុំឱ្យ​មាន​ការដោះដូរ​ដី​ឱ្យនៅ​ផ្លូវ​ហ្នឹង​វិញ បើសិន​ជា​គម្រោង​អភិវឌ្ឍន៍​នេះ ពិតប្រាកដ តែ​បើសិនជា​គម្រោង​នេះ មិន​ពិតប្រាកដ​ទេ គឺ​ស្នើឱ្យ​ផ្តល់​សិទ្ធិ​ស្របច្បាប់​លើ​ទីតាំង​ដី​ដែល​ពួកគេ​បានរស់នៅ​មក​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សាលារាជធានី​បាន​ទទួល​ញតិ្ត​របស់​ពលរដ្ឋ​ហើយៗ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​នឹង​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ​លើ​សំណើ​របស់​ពលរដ្ឋ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិនិត្យ​លើ​គម្រោង​ផលប៉ះពាល់​នេះ​៕

វីដេអូ៖