ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន ៣ ។
លោក ឃួង ស្រេង បានស្នើបែបនេះក្នុងពេលអនុញ្ញាត ឱ្យ លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលជួបសម្តែងការសួរសម និង រាយការណ៍ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី ១៦ វិច្ឆិកា។ នេះបើយោងតាមរដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បន្តថា លោកមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលលោកមើលឃើញនោះគឺលោកចង់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត។
លោក ឃួង ស្រេង ស្នើឱ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធនធានទឹក ដើម្បីសិក្សា សាងសង់រោងចក្រផលិតទឹកស្អាតនេះតាមដែលអាចធ្វើទៅបាន ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ខណៈដែលការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់បានគ្រប់គ្រាន់នៅឡើយ។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងក៏បានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេសលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញត្រូវណែនាំអាជ្ញាធរមូលដ្ឋានឱ្យចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពី កម្មករ កម្មការិនី នៅតាមផ្ទះជួល ដោយលោកស្នើឱ្យអាជ្ញាធរធ្វើយ៉ាងណាសម្របសម្រួលជាមួយ ម្ចាស់ផ្ទះជួល ដើម្បីកុំឱ្យពួកគាត់យកតម្លៃទឹកស្អាត ថ្លៃហួសហេតុពេក គឺយកតែតម្លៃផ្ទះជួលទៅបានហើយ កុំយកចំណេញពីការប្រើប្រាស់ទឹកថែមទៀត។
លោក ម៉េត្រ មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ថ្លែងនៅថ្ងៃទី ១៧ វិច្ឆិកាថា ពាក់ព័ន្ធនឹងបច្ចេកទេសការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិច រាជធានីភ្នំពេញនេះ លោកមិនមានព័ត៌មានលម្អិតទេ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន និងបានបើកការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងកាលពីដើមឆ្នាំ ២០២១ បានឱ្យដឹងថា បច្ចុប្បន្នទីក្រុងភ្នំពេញត្រូវការ ទឹកស្អាតប្រមាណ ៧៥ ម៉ឺនម៉ែត្រគុប ហើយការផលិតបានត្រឹមជាង ៦០ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃពោលគឺខ្វះទឹកស្អាត ប្រើប្រាស់ប្រមាណ ១៥ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀតថា៖ «តម្រូវការទឹកស្អាតក្នុងរាជធានីភ្នំពេញគឺកើនឡើងរាល់ថ្ងៃ ដូច្នេះយើងត្រូវតែប្រឹងប្រែង ក្នុងការអភិវឌ្ឍសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតឱ្យបានច្រើនជាងមុន»៕