ក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើដល់ធនាគារពិភពលោកបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងភាពជាដៃគូជិតស្និទ្ធ និងផ្តល់ជាជំនួយបច្ចេកទេសក្នុងការកសាងសមត្ថភាពមន្ត្រី ដើម្បីជួយអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរនៅកម្ពុជា។
សំណើនេះត្រូវបានលើកឡើង នាឱកាសដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាជាមួយ លោកស្រី Mariam Sharman នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា ប្រទេសឡាវ និងមីយ៉ាន់ម៉ា និងគណៈប្រតិភូអមដំណើរ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកានេះ។
លោក ស៊ុន ចាន់ថុល បានស្វាគមន៍ និងអបអរសាទរចំពោះលោកលោកស្រី Mariam Sharman ដែលទើបទទួលបានការតែងតាំងក្នុងមុខតំណែងដឹកនាំនៅក្នុងធនាគារ ពិភពលោកប្រចាំកម្ពុជា និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែល បានផ្ដល់ការគាំទ្រ និងទំនាក់ទំនងល្អលើការងារស្ដារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមានការរីកចម្រើន។
ទន្ទឹមនេះដែរលោករដ្ឋមន្ត្រី ក៏បានស្នើឱ្យធនាគារពិភពលោកបន្តតាមដានសកម្មភាពរបស់ខ្លួនផងដែរទាក់ទងនឹងគម្រោងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ដែលបានអនុវត្តតាំងពីរយៈពេល ១៥ ឆ្នាំកន្លងទៅ ជាពិសេស ពិនិត្យនិងប្រៀបធៀបភាពខុសគ្នានៃលក្ខណៈបច្ចេកវិទ្យាពីមុន និងបច្ចេកវិទ្យាបច្ចុប្បន្ន ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្តាលឱ្យផ្លូវឆាប់ខូចមុនអាយុកាល។
លោកក៏បានស្នើឱ្យធនាធនាគារពិភពលោកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជិតស្និទ្ធទៅថ្ងៃខាងមុខបន្តទៀតនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ លោកក៏បានស្នើដែរឱ្យធនាគារពិភពលោកពិនិត្យលើជំនួយបច្ចេកទេសលើគម្រោងមួយចំនួនរួមមាន ការកសាងសមត្ថភាពមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោក និងក្រសួងលើការសិក្សាដល់ទីកន្លែងដើម្បីកំណត់ទំហំថវិកាឱ្យបាន ជាក់លាក់សំដៅសាងសង់ផ្លូវឱ្យបានរឹងមាំ និងផែនការមេទាក់ទងទឹកកខ្វក់ទូទាំងប្រទេស និងបានស្នើដែរឱ្យធនាគារពិភពលោក បញ្ជូនអ្នកជំនាញការរបស់ខ្លួនមកសិក្សាឱ្យបានច្បាស់លាស់ដើម្បីឈានទៅបង្កើតផែនការមេចម្រោះទឹកកខ្វក់នេះ។
ក្នុងជំនួបនោះដែរ លោកស្រី Mariam Sharman តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងការកោតសរសើរដល់ក្រសួង ដែលបានសហការល្អជាមួយធនាគារពិភពលោកទាក់ទងនឹងការអនុវត្តគម្រោង RAMP II ដែលរួមមានគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៣ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៧ និងបានលើកឡើងផងដែរទាក់ទងនឹងការគ្រប់គ្រងទឹកកខ្វក់ ការដឹកជញ្ជូនបៃតងដោយប្រើថាមពលកកើតឡើងវិញនៅទីក្រុងសៀមរាប ច្រករបៀងសេដ្ឋកិច្ចសំខាន់ៗ និងការតភ្ជាប់តំបន់ផងដែរ។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងផងដែរទាក់ទងនឹងការរៀបចំគោលនយោបាយ និងការគាំទ្រពេញលេញសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងការធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូល សម្រាប់ EVs នៅកម្ពុជា។ លោកថា៖ «ជាពិសេសស្ថានីយសាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងសេវាពាក់ព័ន្ធផ្សេងទៀត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋកម្ពុជា ឱ្យមកពិចារណាលើរថយន្តដើរដោយថាមពលកកើតឡើងវិញ ជំនួសឱ្យរថយន្តដើរដោយឥន្ធនៈ»៕