
ពិធីទទួល និងទទួលកំណល់ទ្រទំនិញចំនួន ២ ០០០ ឈុត កាលពីម្សិលមិញ។ រូបថត MPWT
រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ផ្តល់កំណល់ទ្រទំនិញចំនួន ២ ០០០ ឈុត ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលខ្លួនដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីគាំទ្រដល់គម្រោងផែនការមេភ័ស្តុភារកម្មស្តីពីការធ្វើទំនើបកម្មប្រព័ន្ធភ័ស្តុភារកម្ម និងប្រព័ន្ធកុំព្យូទ័រភ័ស្តុភារកម្ម។
ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំង ២ និងភាគីពាក់ព័ន្ធ។
ទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានអះអាងថា៖ «ពិធីនៃការប្រគល់ទទួលកំណល់ទ្រទំនិញនេះតំណាងឱ្យកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាលើការអភិវឌ្ឍវិស័យពាក់ព័ន្ធ ជាពិសេសវិស័យភ័ស្តុភារកម្មនៅកម្ពុជា និងបញ្ហាប្រឈមជាសកលមិនធ្លាប់កើតមាននៃការរាតត្បាតជំងឺកូវីដ ១៩»។
លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន ស្វាគមន៍ចំពោះជំនួយដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េបានផ្តល់ឱ្យកម្ពុជានៅពេលនេះ ដែលនឹងចូលរួមគាំទ្របន្ថែមទៀតដល់គម្រោងផែនការមេភ័ស្តុភារកម្មស្តីពីការធ្វើទំនើបកម្មប្រព័ន្ធភ័ស្តុភារកម្មរបស់ក្រសួង។
បន្ថែមពីនេះ លោកអះអាងថា កំណល់ទ្រទំនិញទាំងនេះ ក៏នឹងត្រូវជូនទៅអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលមានដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត-អូរនាង ដើម្បីប្រើប្រាស់នៅក្នុងឃ្លាំង ក៏ដូចជាដើម្បីចូលរួមក្នុងការសិក្សាអំពីការប្រើប្រាស់កំណល់ទ្រទំនិញស្តង់ដា ក្រោមការត្រួតពិនិត្យរបស់ក្រសួងផងដែរ។
លោកបញ្ជាក់ថា៖ «ការផ្ដល់កំណល់ទ្រទំនិញពីភាគីកូរ៉េនេះ គឺជាផ្នែកមួយនៃការសិក្សានៃគម្រោងផែនការមេកម្ពុជាឆ្នាំទី ១ ស្តីពីការធ្វើទំនើបកម្មប្រព័ន្ធភ័ស្តុភារកម្ម និងគម្រោងសាកល្បងនៃប្រព័ន្ធកុំព្យូទ័រភ័ស្តុភារកម្មដែលកំពុងត្រូវបានអនុវត្តដោយអគ្គនាយកដ្ឋានភ័ស្តុភារកម្ម ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានស្រាវជ្រាវកូរ៉េ KRIHS»។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកឡើងថា បើទោះជាជំនួយនេះ មិនជាប់ពាក់ព័ន្ធ និងការងារសុវត្ថិភាពចរាចរណ៍ ប៉ុន្តែក្នុងនាមជាពលរដ្ឋម្នាក់ លោកយល់ថា ការទទួលបានអំណោយក្នុងលក្ខណៈមិត្តភាពជារឿងល្អ និងគួរសាទរក្នុងគ្រាដែលកម្ពុជាកំពុងខ្វះខាត និងមានតម្រូវការ។
ទោះយ៉ាងណា លោក រតនៈ មើលឃើញ ១ ជ្រុងទៀតចំពោះជំនួយនេះ ដែលបង្ហាញថា កម្ពុជានៅមិនទាន់បានត្រៀមខ្លួនល្អនោះទេ រឿងភ័ស្តុភារកម្ម ដោយខ្វះខាតតាំងពីកំណល់ទំនិញ។ ជាពិសេស ស្របពេលដែលកម្ពុជាត្រូវការនូវទំនើបកម្ម កម្មវិធីគ្រប់គ្រងផ្នែកនេះផងដែរ។
លោកបញ្ជាក់ថា៖ «និយាយជារួម ខ្ញុំអរគុណសម្រាប់ការជូនអំណោយ តែខ្ញុំរឹតតែអរគុណខ្លាំងជាងនេះ បើសិនជាមិត្តខ្ញុំអាចជួយខ្ញុំឱ្យលែងត្រូវការអំណោយ ក្នុងពេលអនាគត»៕