​ភ្នំពេញៈ បន្ទាប់ពី​មានការ​រិះគន់​និង​ចោទប្រកាន់​របស់​អតីត​អ្នក​ជាប់ឃុំ​ជា​សកម្មជន​នយោបាយ សកម្មជន​ការពារ​សិទ្ធិមនុស្ស សង្គម និង​បរិស្ថាន តាម​បណ្តាញសារព័ត៌មាន មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​នៃ​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ដោយបាន​បញ្ជាក់ថា​ ពន្ធនាគា​រ​ គឺជា​ទីកន្លែង​ឃុំឃាំង​មនុស្ស​ឱ្យ​កែ​ប្រែជា​ពលរដ្ឋ​ល្អ មិនមែនជា​ទីកន្លែងរ​ស់​នៅ​សុខ​ស្រួល​មាន​អាហារ​ឆ្ងាញ់ៗ ដូច​នៅ​ខាងក្រៅ​ឡើយ​។​

លោក នុត សវ​នា អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​បានឱ្យដឹង​តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​ ១៦ ​ខែវិច្ឆិកា​ថា ​អតីតជន​ជាប់ឃុំ​មួយចំនួន​ដែល​តុលាការ​ទើបបាន​ដោះលែង​ពី​ពន្ធនាគារ​ថ្មីៗ​នេះ​បានលើកឡើង​ប្រកបដោយ​ចេតនា​មិន​ស្មោះត្រង់​ឆ្លៀតឱកាស​កេងចំណេញ​នយោបាយ​ដោយ​ចោទ​មកលើ​ពន្ធនាគារ ដែល​លោក​បាន​បដិសេធ ​និង​ច្រានចោល​ទាំងស្រុង​។

ចំណុច​ដែល​អតីត​អ្នក​ជាប់ឃុំ​ទាំងនោះ​បានលើកឡើង​មានដូចជា បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​កង្វះ​ទឹកស្អាត​, ការព្រមាន និង​គំរាម​សម្លាប់​ដោយ​មន្ត្រី​, បញ្ហា​ខ្វះខាត​ក្នុងការ​ផ្គត់ផ្គង់​ថ្នាំសង្កូវ និង​សេវា​គាំពារ​សុខភាព និង​បញ្ហា​អំពើពុករលួយ​ជាដើម​។​

​លោក នុត សវ​នា បាន​លើកឡើងថា ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ មិនមែនជា​រឿង​ថ្មី​សម្រាប់​កម្ពុជា ឬ​បណ្តា​ប្រទេស​ជាច្រើន​នៅលើ​សកលលោក​ឡើយ​។ អាជ្ញាធរ​ពន្ធនាគារ​ក​ម្ពុ​ជា​តែង​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

​លោក​ថា៖ «​ជា​លទ្ធផលភាព​ចង្អៀត​ណែន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ ជាពិសេស​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​កាត់បន្ថយ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​ ២០២០ ឈាន​មក​ឆ្នាំ ​២០២១ នេះ តាមរយៈ​ការអនុវត្ត​គោលនយោបាយ កំណែទម្រង់ ពន្ធនាគារ គួបផ្សំ​នឹង​ប្រសិទ្ធភាព​នៃ​យុទ្ធនាការ​ព​ន្លឿ​ន​សំណុំរឿង​នៅ​តុលាការ​របស់​ក្រសួងយុត្តិធម៌​»​។

អ្នកនាំពាក្យ​រូបនេះ​បាន​បន្តថា ជាក់ស្តែងចំនួន​ជន​ជាប់ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ បាន​ថយចុះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ពី ​៩ ៤១២ ​នាក់ មក​នៅត្រឹម ៧ ៧០០ ​នាក់ (​ថយចុះ ១៩%) និង​នៅ​ខែវិច្ឆិកា ឆ្នាំ​ ២០២១ នេះ បាន​ថយចុះ​នៅត្រឹម ៦ ៦១៦ ​នាក់ ( ថយចុះ ១៤%)​។

​សម្រាប់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ចំនួន​ជន​ជាប់ឃុំ​បាន​ថយចុះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​ ២០២០ ពី ១ ៨៤៨​ នាក់ មក​នៅត្រឹម ១ ៣៩៩ ​នាក់ (​ថយចុះ ២៤%) និង​នៅ​ខែវិច្ឆិកា ឆ្នាំ ​២០២១ នេះ ចំនួន​ជន​ជាប់ឃុំ​បាន​ថយ​ចុះមក​នៅត្រឹម ១ ១២៦​ នាក់ (​ថយចុះ​ ១៩,៥០%)​។ ដោយឡែក​ចំនួន​ជន​ជាប់ឃុំ​សរុប​នៅ​ពន្ធនាគារ​រាជធានី ភ្នំពេញ (PJ)​ សម្រាប់​ខែវិច្ឆិកា ឆ្នាំ​ ២០២១ នេះ​ក៏មាន​ការធ្លាក់ចុះ​ប្រមាណ ​២៩% ធៀប​នឹង​ខែវិច្ឆិកា ឆ្នាំ ​២០២០ ពោលគឺ​បាន​ថយចុះ​ពី ១ ៧៣៨​ នាក់ មក​នៅត្រឹម ១ ២២៧​ នាក់​ប៉ុណ្ណោះ​។​

លោក នុត សវ​នា បាន​បន្ថែមទៀតថា ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​សម្រាប់​អនីតិជន​ប្រព្រឹត្តល្មើស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា​នឹង​បើក​ឱ្យ​ដំណើរការ​មុន​ដំណាច់ឆ្នាំ ​២០២១ ដែល​នឹង​រួមចំណែក​ជួយ​កាត់បន្ថយ​ចំនួន​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទូទាំងប្រទេស យ៉ាងតិច​បាន ចំនួន ​១ ៤០០​នាក់​ទៀត​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹកស្អាត​វិញ លោក នុត សវ​នា បាន​បញ្ជាក់ដែរថា មណ្ឌល​អប់រំ​កែប្រែ​ទី​១ មាន​ជន​ជាប់ឃុំ​ជិត ​១ ​ម៉ឺន​ ក្នុង​ឆ្នាំ ​២០១៩ រហូត​ទើបតែ​ក្នុង​ឆ្នាំ ​២០២១ ​នេះ​បាន​ថយ​ចុះមក​នៅត្រឹម​ជាង ​៦ ​ពាន់​នាក់​។ ដូច្នេះ​តម្រូវការ​ប្រើប្រាស់​ទឹក​របស់​ជន​ជាប់ឃុំ បូក​រួមទាំង​មន្ត្រី​កំពុង​នៅ​បម្រើ​ការងារ​ផ្ទាល់ រាប់រយ​នាក់​ផង ធ្វើឱ្យ​បរិមាណ​ទឹកស្អាត​សម្រាប់​ផ្គត់ផ្គង់​នៅមានកម្រិត​។

​ចំណែក​បញ្ហា​ដែល​អតីតជន​ជាប់ឃុំ​បានលើកឡើង​ទាក់ទង​នឹង​ការព្រមាន​និង​គំរាម​សម្លាប់​ដោយ​មន្ត្រី​វិញ លោក នុត សវ​នា បានឱ្យដឹងថា វា​ជាការ​ចោទប្រកាន់​ដែល​ប្រាសចាក​ការពិត​ទាំងស្រុង សបញ្ជាក់​ពី​គំនិត​ទុច្ចរិត​គ្មាន​សច្ចធម៌ ក្នុង​ខ្លួន​របស់​បុគ្គល ដែល​មិនចេះ​បែងចែក​រវាង​គុណ និង​ទោស​។

លោក​ថា ការគ្រប់គ្រង​ជន​ជាប់ឃុំ​គ្រប់រូប​ត្រូវបាន​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ពន្ធនាគារ នីតិវិធី​ពន្ធនាគារ បទបញ្ជាផ្ទៃក្នុង​ពន្ធនាគារ និង​បទដ្ឋាន​អប្បបរមា​អង្គការសហប្រជាជាតិ ដោយមាន​ការធ្វើ​អធិការកិច្ច​យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​ស្ថាប័ន​អយ្យការ​ជា​រៀងរាល់ខែ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ទារុណកម្ម និង​អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជាប្រចាំ​ផងដែរ​។​

​លោក នុត សវ​នា បាន​បញ្ជាក់ថា៖ «​ក្នុងនាម​ជា​អ្នកនាំពាក្យ ដែល​បាន​ចុះទៅពិនិត្យ​ដោះស្រាយ​បញ្ហា​ផ្ទាល់​របស់​ជន​ជាប់ឃុំ ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល នឹកស្មាន​មិន​ដល់ និង​សោកស្តាយ​បំផុត​ចំពោះ​ទង្វើ​ប្រកបដោយ​ល្បិចកល​បំភ្លៃ​ការពិត​ទាំង​គ្មាន​អៀនខ្មាស​របស់​អតីតជន​ជាប់ឃុំ អេង ម៉ាឡៃ ហៅ សូ មេត្តា នេះ​»​។

ដើម្បី​ធានា​សិទ្ធិ​ស្មើគ្នា​ចំពោះមុខ​ច្បាប់ ប្រសិនបើ​មានការ​គំរាម​សម្លាប់​ពី​សំណាក់​មន្ត្រី​ណា​ម្នាក់ អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​លើកទឹកចិត្ត​ឱ្យ​អតីតជន​ជាប់ឃុំ​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ​ប្រញាប់​ដាក់ពាក្យ​បណ្តឹង​ និង​សហការ​ជាមួយ​សមត្ថកិច្ច​ ដើម្បី​រក​យុត្តិធម៌​ទាំងអស់គ្នា​នៅ​ចំពោះមុខ​ច្បាប់​។​

​លោក នុត សវ​នា បានឱ្យដឹង​ដែរ​ថា សិទ្ធិ​ជា​មូលដ្ឋាន​អប្បបរមា​របស់​ជន​ជាប់ឃុំ​គ្រប់រូប​ត្រូវបាន​គោរព និង​ធានា​ការពារ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី អាជ្ញាធរ​ពន្ធនាគារ​ក៏​ទទួលស្គាល់​ផងដែរ​ថា ពន្ធនាគារ​ គឺជា​ទីកន្លែង​ឃុំឃាំង​មនុស្ស​ដើម្បី​អនុវត្ត​ទោស​ព្រហ្មទណ្ឌ​ និង​ជាទី​កន្លែង​អប់រំ​កែប្រែ​អ្នកទោស​ ដើម្បី​កែប្រែ​ខ្លួន​ជា​ពលរដ្ឋ​ល្អ មិនមែនជា​ទីកន្លែងរ​ស់​នៅ​សុខ​ស្រួល មាន​អាហារ​ឆ្ងាញ់ៗ និង​មាន​ការផ្តល់សេវា​សុខាភិបាល​បាន​ប្រសើរ​ដូច​នៅក្នុង​សហគមន៍​នោះទេ​៕​

វីដេអូ៖