រតនគិរី/មណ្ឌលគិរីៈ មន្ត្រីឧទ្យានុរក្ស​បរិស្ថាន​ចំនួន ១០ រូប នៅ​ដែន​ជម្រក​សត្វព្រៃ​ លំផាត់ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​រយៈពេល ២ ថ្ងៃ​លើ​ការ​ប្រើប្រាស់​កម្មវិធី SMART Mobile ដើម្បី​ពង្រឹង​សមត្ថភាព និង​គាំទ្រ​សកម្មភាព​ល្បាត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា (Bird Life International Cambodia Program) បាន​លើក​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ ខែ​វិច្ឆិកា​នេះ ថា មន្ត្រី​ឧទ្យានុរក្ស គឺជា​កម្លាំង​ជួរ​មុខ​ក្នុង​ការ​អភិរក្ស​និង​ការពារ​ធនធាន​ធម្មជាតិ។ ដូចនេះ​ការ​កសាង​សមត្ថភាព ចំណេះ​ដឹង ក៏​ដូចជា បច្ចេក​វិទ្យា​ក៏​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការងារ​របស់​ពួកគាត់​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

ដោយ​មើល​ឃើញ​ពី​សារៈសំខាន់​ទាំង​នេះ​ហើយ ទើប​អង្គការនេះ​បាន​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​អំពី កម្មវិធី​កត់ត្រា​ទិន្នន័យ​ពី​ការ​ល្បាតតាមទូរស័ព្ទ​ដៃ SMART mobile patrol system ដល់​មន្ត្រី​ឧទ្យានុរក្ស ក្នុង​ដែន​ជម្រក​សត្វ​ព្រៃលំផាត់ ភូមិសាស្រ្ត​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី ចំនួន ១០ រូប កាល​ពី​ថ្ងៃទី​០៨ និង​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ ២០២១។

មន្រ្តី​ទាំង ១០ នាក់​នោះ ត្រូវ​បាន​ជ្រើស​រើស​មក​ពី​ស្នាក់ការចំនួន ៤ ផ្សេងៗ​គ្នា។ នៅ​ក្នុង​ការ​បណ្តុះ​បណ្តាល​នោះ ក៏​មាន​ការ​ប្រគល់​ជូន​ទូរស័ព្ទ​ដៃ (Smart mobile) ចំនួន ១ គ្រឿង​ដល់​ស្នាក់ការនីមួយៗ ដែល​សរុប​មាន ៤ គ្រឿង ដើម្បី​ដំឡើង​កម្មវិធី​កត់ត្រា​ទិន្នន័យ​ល្បាត​តាម​ទូរស័ព្ទ​ដៃ SMART Mobile Patrol System សម្រាប់​ប្រើប្រាស់​គាំទ្រ​ដល់​ការងារ​ល្បាត​អនុវត្ត​ច្បាប់​ប្រចាំ​ខែ។

អង្គការជីវិត​សត្វ​ស្លាប បាន​គូស​បញ្ជាក់​ថា៖ «ជាលទ្ធផល ក្រោយ​ពី​បាន​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល​អស់​រយៈពេល​ពីរ​ថ្ងៃ​តាម​រយៈ​សំណួរ​វាយតម្លៃ និង​ការ​ចុះ​អនុវត្តន៍​លើ​ទី​វាល​ផ្ទាល់ យើង​ទទួល​បាន​លទ្ធផល​ល្អ​ពោល​គឺ​មន្ត្រី​ឧស្យានុរក្ស​យើង​មាន​លទ្ធភាព​អាច​ប្រើ​ប្រាស់​កម្មវិធី​នេះបាន​គ្រប់ៗ​គ្នា។ ដូចនេះ កម្មវិធី SMART Mobile នឹង​ចាប់​ផ្ដើម​ប្រើប្រាស់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ លំផាត់ ចាប់​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា ឆ្នាំ ២០២១ នេះ​តទៅ»។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​បន្ថែម​នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​ នេះ​ថា មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន​មាន​ប្រមាណ​ជា ២០ រូប នៅ​ដែន​ជម្រក​សត្វព្រៃ​លំផាត់​នោះ។ ប៉ុន្តែ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ១៩ ទើប​អង្គការ​បាន​ជម្រើសរើស​តែ​តំណាងៗ​ចំនួន ១០ រូប​ឱ្យ​ចូលរួម​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ដ៏​មាន​សារៈសំខាន់​មួយ​នេះ។

លោក​បាន​បញ្ជាក់​ថា៖ «កម្មវិធី​ហ្នឹង​គាំទ្រ​ដល់​ការងារ​ល្បាត​របស់​គាត់​ឱ្យ​បញ្ចូល​ទិន្នន័យ​បាន​ស្រួល។ ពេល​បញ្ចូល​នៅ​ទូរស័ព្ទ​ហ្នឹង វា​លោតចូល​នៅ​ក្នុង​ប្រព័ន្ធ​យើង​តែ​ម្តង... កាល​ពី​មុន គាត់​ប្រើ GPS និង​កត់​លើ​សៀវភៅ។ [កម្មវិធីនេះ] វា​លឿន​ជាង​មុន ហើយ​វា​ចេញ​ជា​របាយការណ៍​លឿន​ជាង​មុន។ វា​ចំណេញ​ពេល។ វា​មាន​ប្រសិទ្ធភាព​ជាង​មុន»។

លោក​បន្ថែម​ថា ក្នុង​ការ​ល្បាត​នេះ មន្រ្តី​ឧទ្យានុរក្ស​ធ្វើ​កំណត់​ត្រា និង​បង្រ្កាប​បទល្មើស​ផ្សេងៗ ធ្វើ​កំណត់​ត្រា​ជីវៈចម្រុះ និង​សត្វ​ព្រៃ​ដែល​ជួបប្រទះ​ជាដើម។

លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន កាល​ពី​ថ្ងៃពុធ ទី១៧ ខែ​វិច្ឆិកា ក៏​បាន​សរសរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ផង​ដែរ​ថា៖ «ការ​កសាង​សមត្ថភាព ចំណេះដឹង ព្រម​ទាំង​បច្ចេក​វិទ្យា​ក៏​ជា​កត្តា​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ការងារ​របស់​មន្រ្តី​ឧទ្យានុរក្ស​បរិស្ថាន​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់»៕