សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​កែលម្អ​សោភ័ណភាព​បរិស្ថាន​នៃ​តូប​លក់ដូរ និង​ចំណត​រថយន្ត​នៅ​ភ្នំ​បាក់ខែង ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​នៅ​ទីតាំង​នេះ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ និង​រៀបរយ​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃទី​ ១៨ វិច្ឆិកា​ថា​៖ «​អាជ្ញាធរ​ជាតិ​អប្សរា ចាប់ផ្តើម​ការងារ​កែលម្អ​សោភ័ណភាព​បរិស្ថាន​តូប​លក់ដូរ​ និង​ចំណត​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​មុខ​ប្រាសាទភ្នំ​បាក់​ខែង​ឱ្យ​មាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ និង​ងាយស្រួល​ក្នុង​ការមក​ទស្សនា​ប្រាសាទ​ភ្នំ​បាក់ខែង​»​។

ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា អាជ្ញាធរ​ជាតិ​អប្សរា​ក៏​នឹង​រៀបចំ​បរិស្ថាន​នៅ​ផ្នែក​ខាងកើត ដើម្បី​លើក​កម្ពស់​តម្លៃ​ប្រវត្តិសាស្ដ្រ​ប្រាសាទ​ភ្នំ​បាក់ខែង​ឡើងវិញ​ផងដែរ​។

អាជីវករ​លក់ដូរ​នៅ​ទីនោះ​បាន​ស្ម័គ្រចិត្ត​ប្តូរ​ទៅ​ទីតាំង​បណ្តោះអាសន្ន​ ដើម្បី​បន្ត​លក់ដូរ​ក្នុង​ពេល​រៀបចំ និង​ចូលទៅក្នុង​ទីកន្លែង​នោះ​វិញ​នៅ​ពេល​រៀបចំ​រួចរាល់​៕