ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គឺស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ហើយក៏ស្ថិតនៅក្នុងយុទ្ធសាស្ត្រនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរបស់ចិន។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីមូលហេតុដែលរាជរដ្ឋាភិបាលបានយកចិនធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ដើម្បីទប់ស្កាត់ជំងឺកូវីដ ១៩ ដែលបានរីករាលដាលខ្លាំងក្លានាពេលកន្លងមកផងដែរ។
លោកថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មាររវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ២៣ វិច្ឆិកា។
លោកបន្តថា ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាក៏មិនបានបដិសេធជាមួយគម្រោងដទៃទៀត ដូចជា B3 (កសាង ឡើងវិញប្រសើរជាង) នោះដែរ។
លោក ហ៊ុន សែន ប្រកាសស្វាគមន៍ និងកំពុងទន្ទឹងរង់ចាំការមកដល់របស់ B3 និងសង្ឃឹមថា រដ្ឋមន្ត្រីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេស ប្រទេសរីកចម្រើនលូតលាស់ទាំង ៧ (G7) នឹងផ្តល់ឱកាសឱ្យកម្ពុជាទទួលបាននូវគម្រោងមួយចំនួន ដូចជាស្ពាន និងផ្លូវដែលកម្ពុជានៅខ្វះខាត។
លោកបន្ថែមថា នៅក្នុងកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-ចិន កាលពីថ្ងៃទី ២២ វិច្ឆិកា ចិនបានប្រកាសទឹកប្រាក់ ១ ៥០០ លានដុល្លារ សម្រាប់អាស៊ាន យកមកប្រើប្រាស់ទៅលើការអភិវឌ្ឍ ដែលក្នុងនោះក៏មានកម្ពុជាដែរ ដែលត្រូវយកចំណែកប្រាក់នេះមកប្រើប្រាស់។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីបានរំឭកពីក្តីសង្ឃឹមរបស់លោកក្នុងការទទួលបានវ៉ាក់សាំងពីចិន ដោយលោកមានប្រសាសន៍ថា៖ «អ្វីដែល ហ៊ុន សែន សង្ឃឹមជាងគេគឺវ៉ាក់សាំង។ ខ្ញុំបានប្រាប់ទៅសហការីរបស់ខ្ញុំ ត្រង់ថា ឥឡូវយើងត្រូវតែយកចិន ធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ឯប្រភពផ្សេងទៀត គឺជាប្រភពគាំទ្រ។ ឱ្យ (វ៉ាក់សាំង) គឺយក។ យើងពិនិត្យអំពីខូវ៉ាក់។ យើងអរគុណអង្គការសុខភាពពិភពលោក ដែលគិតដល់យើង។ ខូវ៉ាក់ មកដល់ពេលនេះ ទើបនឹងផ្តល់ឱ្យយើងក្នុងបរិមាណមិនទាន់ដល់ ១ លានដូសទេ។ អ៊ីចឹង បើយើងរង់ចាំខូវ៉ាក់តើពេលណា»។
លោកនាយករដ្ឋមន្ត្រីបន្តថា រដ្ឋាភិបាលមិនអាចរកទិញវ៉ាក់សាំងប្រភេទ Pfizer, Moderna និង AstraZeneca បាននោះទេ ដោយសារ មិនមានប្រទេសណាលក់ឱ្យ ទើបរដ្ឋាភិបាលត្រូវតែទទួលយកវ៉ាក់សាំងពីចិន។
លោកធ្លាប់បានប្រាប់មន្ត្រីរបស់លោកថា ឱ្យតែចិនសម្រេចចិត្តថា លក់វ៉ាក់សាំងឱ្យកម្ពុជាគឺរដ្ឋាភិបាលនឹងចុះកុងត្រាទិញវ៉ាក់សាំងពីចិនភ្លាម។ ឥឡូវនេះរដ្ឋាភិបាលបានបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិនចំនួន ២៨ លានដូស។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គ សម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៣ វិច្ឆិកាថា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងការយកចិនជាបង្អែកវ៉ាក់សាំងយុទ្ធសាស្ត្រនេះគឺជាការបញ្ជាក់អំពីការគិតគូរពីសុខុមាលភាពប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិជាធំ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងតំបន់នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ។
លោកបញ្ជាក់ថា៖ «គុណសម្បត្តិរបស់វ៉ាក់សាំងចិន គឺជាវ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកមានតម្លៃថោក ងាយស្រួលស្តុកទុក និងដឹកជញ្ជូនជាងវ៉ាក់សាំងផ្សេង»។
លោក ថុង ម៉េងដាវិត បន្តថា ដោយសារតែទំនាក់ទំនងល្អរវាងកម្ពុជា និងចិន កម្ពុជាជាប្រទេសទី ១ ដែលទទួលបានជំនួយវ៉ាក់សាំង ហើយចិននៅតែបន្តជួយកម្ពុជាបន្ថែមទៀតក្នុងការផ្តល់ជំនួយ និងបរិក្ខារពេទ្យដែលអាចអនុញ្ញាតឱ្យកម្ពុជាចាក់វ៉ាក់សាំងដល់ប្រជាជន និងជាជំនួយដល់បណ្តាប្រទេសនានានៅក្នុងតំបន់ ដើម្បីធានាបានការបើកប្រទេស និងតំបន់ឱ្យបានឆាប់រហ័ស និងជំរុញសកម្មភាពសេដ្ឋកិច្ចតំបន់ឡើងវិញប្រកបដោយចីរភាព និងធន់។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេសកាលពីថ្ងៃទី ២២ វិច្ឆិកា បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-ចិននេះមេដឹកនាំអាស៊ាន-ចិន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-ចិនក្រោយជំងឺកូវីដ ១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរយៈពេលវែង រួមទាំងតាមរយៈការគាំទ្រក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ផងដែរ។
មេដឹកនាំអាស៊ាន-ចិនក៏បានចែករំលែកទស្សនៈដែលថាការផ្ដល់សច្ចាប័ន និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ឱ្យបានឆាប់រហ័សនឹងពន្លឿនដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។
សេចក្តីប្រកាសព័ត៌មានបន្តថា មេដឹកនាំអាស៊ាន និងចិនក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូ អាស៊ាន-ចិន ដល់កម្រិតថ្មី តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យនានា ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំឭកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន៕