ភ្នំពេញៈ ក្រសួងមហាផ្ទៃនៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ឡាវ បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្ដិការសម្រាប់ឆ្នាំ ២០២២ និងឯកភាពបន្តបង្កើនការយកចិត្ដទុកដាក់លើកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំង ២ ខណៈទំនាក់ទំនងក្នុងឆ្នាំ ២០២០-២០២១ មានលទ្ធផលល្អ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ។
ក្នុងជំនួបនៃកិច្ចប្រជុំរវាងលោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងលោក វីល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ស្ដីអំពីការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០២០-២០២១ និងចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ តាមប្រព័ន្ធវីដេអូនាថ្ងៃទី ២២ វិច្ឆិកា លោក ស ខេង និងលោក វីល័យ ឡាខាំហ្វង បានសាទរចំពោះទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង ២ ក្នុងស្មារតី មិត្តភាព ជាប្រពៃណី សាមគ្គីភាព និងភាពជាអ្នកជិតខាងល្អ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា តាមរយៈទំនាក់ទំនងនេះក៏បានជំរុញដល់ការកើនឡើងគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ឡាវ កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយបានរួមចំណែកយ៉ាងសំខាន់បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំង ២។ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក្នុងកាលៈទេសៈដ៏លំបាកដែលបង្កឡើងដោយជំងឺរាតត្បាតដ៏កាចសាហាវនេះ។
សេចក្ដីប្រកាសបញ្ជាក់ថា៖ «ក្នុងស្មារតីបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែសកម្ម និងខ្លាំងក្លាថែមទៀតរវាងភាគីទាំង ២ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វីល័យ ឡាខាំហ្វង បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២២ និងបានឯកភាពបន្តបង្កើនការយកចិត្តទុកដាក់លើការងារមួយចំនួនទៀត»។
កិច្ចសហប្រតិបត្ដិការនោះគឺ បានឯកភាពបន្តបង្កើន និងពង្រឹងបន្ថែមនូវយន្តការសហប្រតិបត្តិការបង្ក្រាបសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងពង្រីកវិសាលភាពការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបសកម្មភាពជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ដែលកើតឡើងតាមបណ្ដោយព្រំដែន។ ឯកភាពបន្តបង្កើនការគ្រប់គ្រង និងត្រួតពិនិត្យតាមបណ្ដោយព្រំដែនក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន និងចាត់វិធានការទាន់ពេលវេលាក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេស ការលួចឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ ការទន្ទ្រានកាប់ព្រៃធ្វើការដាំដុះ និងការបរបាញ់សត្វដោយខុសច្បាប់ និងសកម្មភាពផ្សេងទៀត ដែលផ្ទុយនឹងបទប្បញ្ញត្តិព្រំដែន។
ឯកភាពបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងសម្រួលការចេញ-ចូលតាមច្រកទ្វារអន្តរជាតិ ស្របតាមនីតិវិធីជាធរមាន រួមទាំងការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍។ ការពិនិត្យព្យាបាលជំងឺ ការសួរសុខទុក្ខបងប្អូន និងការចូលរួមពិធីផ្សេងៗតាមប្រពៃណី ព្រមទាំងសហការដោះស្រាយបាតុភាពនានាតាមបណ្ដោយព្រំដែន ឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាវិញទៅមក។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ភាគីទាំង ២ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្តជាប់ព្រំដែន និងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំង ២ ទោះបីស្ថិតក្នុងស្ថានភាពប្រឈមដ៏ស្មុគស្មាញ បង្កឡើងដោយជំងឺកូវីដ ១៩ ក៏នៅតែបន្តកិច្ចសហការជិតស្និទ្ធក្នុងការថែរក្សាបរិយាកាសសន្តិសុខតាមបន្ទាត់ព្រំដែនបានយ៉ាងល្អប្រសើរ។
ក្នុងនោះភាគីទាំង ២ ក៏បានរួមចំណែកបង្កលក្ខខណ្ឌអំណោយផលដល់ការប្រកបជីវភាពរបស់ប្រជាជន និងការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។ ជាពិសេសកិច្ចសហការដោះស្រាយបាតុភាពផ្សេងៗនៅតាមព្រំដែន ដោយឈរលើស្មារតីមិត្តភាព សាមគ្គីភាព និងការគោរពអធិបតេយ្យគ្នាទៅវិញទៅមក៕