ភ្នំពេញៈ ប្រធាន​សហជីព​កម្ពុជា លោក​ រ៉ុង ឈុន ដែល​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​សាកល្បង ពាក់ព័ន្ធ​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រកាស​ចូលរួម​សកម្មភាព​ទាមទារ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និង​បាន​រិះគន់​ប្រព័ន្ធតុលាការ​កម្ពុជា​ថា ជា​ទីផ្សារ ទិញ​លក់​សេរីភាព ប៉ុន្ដែ​មន្ត្រី​ថា​ការចោទប្រកាន់​នេះ​គ្មាន​ភ័ស្តុតាង​អាច​ប្រឈម​ផ្លូវច្បាប់​។

ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជំហរ​របស់​សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស​ដែល​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​ ២៣ វិច្ឆិកា លោក​ រ៉ុង ឈុន ប្រធាន​សហជីព​កម្ពុជា​ថ្លែងថា រយៈពេល​ជាង​ ១ ​ឆ្នាំ​ដែល​លោក​ស្ថិតក្នុង​ពន្ធនាគារ លោក​សង្កេត​ឃើញ​ថា អ្នក​ជាប់ទោស​មួយចំនួន​រង អយុត្តិធម៌​ដោយសារ​ការកាត់ក្តី​របស់​តុលាការ​។

លោក​ថ្លែងថា​៖ «​ពួកយើង​ជាប់​ពន្ធនាគារ​អស់​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ​យើង​ឃើញថា​ទទួលរង​នូវ​អំពើ​អយុត្តិធម៌​ធ្ងន់ធ្ងរ​មែនទែន​។ យើង​មើលឃើញ​ថា​ដូចជា​កញ្ចក់​ឆ្លុះបញ្ចាំង​នូវ​ទង្វើ​តុលាការ ទង្វើ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​»​។

លោក​បន្តថា​៖ «​ពីព្រោះ​យើង​មើលឃើញ​ទង្វើ​របស់​តុលាការ ដូចជា​កន្លែង​ទីផ្សារ ទិញ​លក់​សេរីភាព​។ យើង​មិន​ប្រើពាក្យ​ថា​ពុករលួយ​ទេ ដូចជា​ករណី ដូរ​បទល្មើស​ពី​ទោស​ស្ថាន​ទម្ងន់ទោស​មក​ទោស​ធម្មតា ឬមួយ​លួច​មាន​ស្ថាន ទម្ងន់ទោស ដូរ​បទល្មើស​មក​លួច​ធម្មតា​យក​តម្លៃ​ ៥ ​ពាន់​ទៅ ៦ ​ពាន់​ដុល្លារ នេះ​ជា​រឿង​មួយ​ធ្ងន់ធ្ងរ​»​។

លោក​ រ៉ុង ឈុន កត់សម្គាល់​ឃើញ​អ្នកទោស​មួយចំនួន​ក៏​រង​នូវ​ភាពអយុត្តិធម៌​ជាច្រើន ដោយសារ​តុលាការ​កាត់ក្តី​ដោយ​មិនបាន​ស៊ើបអង្កេត​ច្បាស់លាស់​។ លោក​ថា​តុលាការ​មិន​បាន​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់​ទេ​គ្រាន់តែ​នគរបាល​យុត្តិធម៌​ចាប់បញ្ជូន​មក​ចេញ​ដីកា​ឃុំ​។

លោក​ថ្លែងថា​៖ «​វា​ជា​រឿង​មួយ​អយុត្តិធម៌​ណាស់! ខ្ញុំ​និយាយ​នេះ មិនមែន​ចំពោះតែ​ពួក​ខ្ញុំ​ទេ​គឺ​និយាយ ជាទូទៅ​។ ប្រសិន​ជា​ប្រព័ន្ធ​តុលាការ​មិន​ធ្វើ​កំណែទម្រង់​ទេ ៣ ​ឆ្នាំ ឬ​ ៥ ​ឆ្នាំ​ទៅមុខ​ទៀត រក​គុក​ដាក់​យុវជន​ខ្មែរ​លែង​បាន​ហើយ​»​។

ទន្ទឹម​នឹងនេះ លោក​ រ៉ុង ឈុន ស្នើ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ចំពោះ​រូប​លោក និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត​។ លោក​ថា រូបលោក​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​មែន ប៉ុន្តែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ ៣ ​ឆ្នាំ​ដែល​ហាក់ដូចជា​គូស​រង្វង់​សេរីភាព​ឱ្យ​លោក​ដើរ​។

លោក​ ឈុន ​បញ្ជាក់ថា​៖ «​យើង​ចង់ឃើញ​កម្ពុជា​មាន​ការគោរព​សិទ្ធិមនុស្ស​ផ្តល់​សេរីភាព​ឱ្យ​ពលរដ្ឋ​ពេញលេញ​»​។

ប៉ុន្តែ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក​ ជិន ម៉ាលីន ថ្លែងថា ធម្មតា ជនល្មើស​តែងតែ​មាន​គំនុំ​ជាមួយ​សមត្ថកិច្ច និង​តុលាការ ហើយ​តែងតែ​មាន​ការចោទប្រកាន់​គ្រប់បែបយ៉ាង គឺជា​សិទ្ធិសេរីភាព​របស់គាត់​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់​ថា រាល់​ការចោទប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង​ច្បាស់លាស់​អាច​ប្រឈម​ផ្លូវច្បាប់​។

លោក​ថ្លែងថា​៖ «​គ្រាន់​ថា ការចោទប្រកាន់​ក្នុង​ចេតនា​ទុច្ចរិត ដោយ​មិនមាន​ភ័ស្តុតាង មួលបង្កាច់ បង្ខូច វា​ប៉ះពាល់​ដល់​កិត្តិយស​ស្ថាប័ន​ជាតិ​នាំ​ឱ្យ​មាន​ការទទួល​ខុសត្រូវ​ទៅតាម​ផ្លូវច្បាប់​»​។

ពាកព័ន្ធ​បញ្ហា​ក្នុង​ពន្ធនាគារ​នេះដែរ អគ្គនាយកដ្ឋាន​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ១៦ វិច្ឆិកា បាន​ចេញ​សេចក្តី​បំភ្លឺថា សិទ្ធិ​ជា​មូលដ្ឋាន​អប្បបរមា​របស់​ជន​ជាប់ឃុំ​គ្រប់​រូបភាព ត្រូវ​បាន​គោរព និង​ធានា​ការពារ​។ ប៉ុន្តែ​អាជ្ញាធរ​ពន្ធនាគារ​ក៏​ទទួលស្គាល់​ផងដែរ​ថា ពន្ធនាគារ គឺជា​ទីកន្លែង​ឃុំឃាំង​មនុស្ស ដើម្បី​អនុវត្ត​ទោស​ព្រហ្មទណ្ឌ និង​ជា​កន្លែង​អប់រំ​កែប្រែ​អ្នកទោស ដើម្បី​កែប្រែ​ខ្លួន​ជា​ពលរដ្ឋ​ល្អ មិនមែន​ជា​កន្លែង​រស់នៅ​សុខស្រួល​មាន​អាហារ​ឆ្ងាញ់​នោះទេ​។

សូមជម្រាបថា ប្រធាន​សហជីព​កម្ពុជា​លោក រ៉ុង ឈុន ត្រូវបាន​ចាប់ខ្លួន​កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​ ២០២០ ជុំវិញ​អត្ថាធិប្បាយ​របស់លោក​លើ​បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម​។ ក្រោយមក តុលាការក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៨ ខែសីហា ឆ្នាំ​ ២០២១ បាន​កាត់ទោស​លោក រ៉ុង ឈុន ឱ្យ​ជាប់​ពន្ធនាគារ ២ ​ឆ្នាំ ពីបទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។

លោក​ក៏​ត្រូវបាន​សាលាឧទ្ធរណ៍​ដោះលែង​ឱ្យនៅ​ក្រៅឃុំ​សាកល្បង​កាលពី​ដើម​ខែវិច្ឆិកា ឆ្នាំ​ ២០២១ ប៉ុន្តែ​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​រយៈពេល​ ៣ ​ឆ្នាំ​៕

វីដេអូ៖