ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុបបន្ថែមទៀត ដើម្បីរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកលប្រកបដោយចីរភាព ព្រមទាំងមានការចែករំលែក។
លោកថ្លែងដូច្នេះ ខណៈលោកដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី ១៣ (ASEM13) តាមប្រព័ន្ធវីដេអូពីវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ វិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ហ៊ុន សែន ថ្លែងថា៖ «ជាការពិតនៅលើពិភពលោកក្រោយវិបត្តិនៃជំងឺកូវីដ ១៩ យើងពិតជាមានសេចក្តីត្រូវការក្នុងការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូអាស៊ី-អឺរ៉ុប ក្នុងគោលដៅរក្សាបាននូវពហុភាគីនិយមដ៏រឹងមាំមួយ ដែលនឹងនាំមកនូវកំណើនជាសកល មិនត្រឹមតែមានចីរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចែករំលែកផងដែរ»។
លោកនាយករដ្ឋមន្ត្រីកត់សម្គាល់ឃើញថា ចាប់ពីពេលបង្កើតឡើងនៅឆ្នាំ ១៩៩៦ មក កិច្ចប្រជុំកំពូល ASEM បានក្លាយជាវេទិកាដ៏សំខាន់មួយក្នុងការភ្ជាប់ទំនាក់ទំនង និងការលើកកម្ពស់ភាពជាដៃគូរវាងទ្វីបអាស៊ី និងអឺរ៉ុប។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ភាពខ្លាំងរបស់ ASEM គឺស្ថិតនៅលើគោលការណ៍ស្នូលរបស់ខ្លួនជាអាទិ៍: ភាពមិនផ្លូវការ ភាពបត់បែនបាន ការគោរពគ្នាទៅវិញទៅមក ក្នុងស្មារតីកុងសុងស៊ីស និងភាពជាដៃគូស្មើភាព។ ខ្ញុំមានជំនឿថា ក្នុងសភាពការណ៍បច្ចុប្បន្ន យើងត្រូវការនូវគោលការណ៍ទាំងនេះ កាន់តែខ្លាំងឡើងថែមទៀត ដោយសារតែយើងកំពុងតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើន ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបរួមគ្នារបស់យើងគ្រប់រូប»។
លោក ហ៊ុន សែន បានបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានកំណត់គោលដៅរបស់ខ្លួនដោយឈរលើគោលការណ៍នៃកំណើនរួមគ្នា ការអភិវឌ្ឍប្រកបដោយចីរភាព និងពហុភាគីនិយមផ្អែកលើវិធានច្បាប់។ ក្នុងនាមជាវេទិកាពហុភាគីដ៏សំខាន់មួយ ដែលតភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ASEM គឺជាកម្លាំងសកលដ៏សំខាន់ និងរឹងមាំ។
លោក ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំយល់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ របស់ ASEM ដើម្បីពហុភាគីនិយមមួយ ដែលរឹងមាំមានប្រសិទ្ធភាព និងមានសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើវិធានច្បាប់ គប្បីដើរតួជាត្រីវិស័យសម្រាប់គ្រប់សកម្មភាពរបស់ ASEM ទាំងមូល»។
លោកបន្ថែមថា៖ «ខណៈដែល ASEM កំពុងបន្តដំណើរឆ្ពោះទៅកាន់ទសវត្សរ៍បន្ទាប់នៃអត្ថិភាពរបស់ខ្លួន យើងទាំងអស់គ្នាមានការទទួលខុសត្រូវរួមក្នុងការធានាថា ASEM នៅបន្តជាវេទិកាអន្តរតំបន់ដ៏សំខាន់ និងរឹងមាំមួយ ដែលអាចនាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រជាជនរបស់ខ្លួន ព្រមទាំងអាចចូលរួមចំណែកកាន់តែទូលំទូលាយថែមទៀត ដល់ការធានា និងរក្សានូវសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍរបស់ពិភពលោក»។
លោក ឆាលស៍ មីឆែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងតំណាងឱ្យប្រទេសសម្របសម្រួលតំបន់អឺរ៉ុប បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះ តាមរយៈការបកប្រែថា ASEM គឺជាកន្លែងសម្រាប់កំណត់គោលការណ៍ និងបង្កើតពហុភាគីនិយម និងទំនាក់ទំនងជាមួយអាស៊ី។ ជាពិសេស ជាការសំខាន់សម្រាប់ការសា្តរឡើងវិញនូវសង្គម-សេដ្ឋកិច្ចដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ ១៩។
លោកមានប្រសាសន៍ទៀតថា៖ «យើងជឿថា ដៃគូរបស់យើងទាំងអស់គ្នានឹងកសាងឱ្យប្រសើរឡើង ឱ្យមានប្រព័ន្ធបៃតង បរិយាប័ន្ន និងនិរន្តរភាព។ នៅអឺរ៉ុប ចំពោះទៅមុខ យើងនឹងពង្រីកទំនាក់ទំនងជាមួយអ្នក គឺអាស៊ី អំពីបរិយាកាស និងពហុភាព។ អឺរ៉ុបគឺគោរពនូវដៃគូស្មោះត្រង់ ហើយយើងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង [ជាមួយ] អ្នកទាំងអស់គ្នា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋរបស់ [យើង] ទាំងអស់គ្នា»។
លោក ហេង គីមគង់ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ២៥ ខែវិច្ឆិកា ថា ការជំរុញពហុភាគីនិយម និងភាពជាដៃគូអាស៊ី-អឺរ៉ុប គឺជាកត្តាសំខាន់សម្រាប់ប្រទេសកម្ពុជា តំបន់ និងពិភពលោក។ ដើម្បីដោះស្រាយបញ្ហាជាសកល និងស្មុគស្មាញ ដូចជាជំងឺរាតត្បាតកូវីដ ១៩ និងការប្រែប្រួលអាកាសធាតុ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរួមគ្នាពីប្រទេសជាច្រើន។
លោក គីមគង់ បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាសមាជិកនៃស្ថាប័នពហុភាគី រួមជាមួយនឹងកិច្ចព្រមព្រៀងនានាអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ពហុភាគីនិយម និងភាពជាដៃគូអាស៊ី-អឺរ៉ុប។
លោក ហេង គីមគង់ ថ្លែងថា៖ «ក្នុងការលើកកម្ពស់ភាពជាដៃគូអាស៊ី-អឺរ៉ុប កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ពីការអនុវត្តល្អៗ ការផ្ទេរបច្ចេកវិទ្យា និងសាមគ្គីភាពអន្តរជាតិ ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាត។ ជាងនេះទៅទៀត ដោយសារសហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជាភាពជាដៃគូអាស៊ី-អឺរ៉ុបនឹងមានសារៈសំខាន់សម្រាប់ការស្តារឡើងវិញរបស់កម្ពុជាក្រោយជំងឺរាតត្បាត»៕