​ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ និង​អង្គការ​កាកបាទក្រហម​អន្តរជាតិ ​(ICRC) បាន​ជួបពិភាក្សា​ការងារ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ ​២០២១ នៅ​សាល​ពហុ​ជំនាញ​នៃ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ដែល​ក្នុងនោះ​រួមមាន​និយាយ​ពីបទ​ពិសោធន៍​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ ​ក្នុង​ពន្ធនាគារ​ក្នុង​រយៈពេល​កន្លងមក​នេះ​ផងដែរ​។

​យោងតាម​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បានឱ្យដឹងថា លោក ​ឆែម សាវុធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ដឹកនាំ​ប្រតិភូ​ដែលជា​ថ្នាក់ដឹកនាំ​ក្រោម​ចំណុះ​អគ្គនាយកដ្ឋាន មណ្ឌល​អប់រំ​កែប្រែ​ទី​១ មណ្ឌល​អប់រំ​កែប្រែ​ទី​២ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ នៃ​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ដែល​ដឹកនាំ​ដោយ​លោក ​Barnabe Reaud នាយក​កម្មវិធី​ទស្សនកិច្ច​ពន្ធនាគារ របស់​អង្គការ ​ICRC​។​

​កិច្ចពិភាក្សា​នោះ​គឺ​បាន​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​មួយចំនួន​រួមមាន​៖​ បទពិសោធន៍​គ្រប់គ្រង​ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩​ ក្នុង​ពន្ធនាគារ​, វិធានការ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​, សេចក្តីព្រាង ប្រកាស​អន្តរក្រសួង ស្តីពី​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​ពន្ធនាគារ និង​ប្រកាស ស្តីពី​បទដ្ឋាន​អប្បបរមា នៃ​សំណង់​ក្នុង​ពន្ធនាគារ​។

​ក្រៅពីនោះ​ភាគី​ទាំង​ ២ ​ក៏បាន​ពិភាក្សា​ផងដែរ​ពី​ការសាងសង់​ពន្ធនាគារ​ថ្មី និង​ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​, ការត្រៀម​លក្ខណៈ​ដើម្បី​ទប់ស្កាត់​ជំនន់​ជន់​លិច​ពន្ធនាគារ​, ការរៀបចំ និង​ប្រព្រឹត្តទៅ របស់​ក្រុមការងារ​ត្រួតពិនិត្យ​ការផ្គត់ផ្គង់​របប​អាហារ​ជន​ជាប់ឃុំ និង​គោលការណ៍​ណែនាំ​នានា ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​សុខភាព និង​អនាម័យ ក្នុង​មណ្ឌល​អប់រំ​កែប្រែ និង​ពន្ធនាគារ​រាជធានី-ខេត្ត​។

​ក្រុម​ប្រតិភូ​ក៏​ពិភាក្សាគ្នា​ពី​ការត្រៀម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​នៅ​ដើមខែ ​ធ្នូ ឆ្នាំ​ ២០២១​ ខាងមុខនេះ ដែល​កិច្ចប្រជុំ​នោះ​រៀបចំ​ដោយ​វិទ្យាស្ថាន​យុត្តិធម៌​ថៃ និង​ UNODC៕