ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប និងស្ថាប័នពាក់ព័ន្ធ រួមគ្នាបង្រ្កាបបទល្មើសកាប់ទន្រ្ទានព្រៃលិចទឹក យកដីយ៉ាងអនាធិបតេយ្យ ដើម្បីការពារធនធានទាំងនេះ ទុកជាជម្រកត្រី ដោយលោកបានបញ្ជាឱ្យចាប់ខ្លួនភ្លាមៗ ចំពោះមន្ត្រីណា ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសនេះ។
ការប្រកាសខ្លាំងៗយ៉ាងដូច្នេះ បានធ្វើឡើងនៅថ្ងៃទី ២៨ វិច្ឆិកា តាមរយៈសារសំឡេងរបស់លោក ដែលមានរយៈពេលជិតកន្លះម៉ោង ក្រោយទទួលបានរបាយការណ៍ ពីក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានរកឃើញពីការកាប់ទន្រ្ទានព្រៃលិចទឹកយ៉ាងអនាធិបតេយ្យក្នុងតំបន់បឹងទន្លេសាប។
លោកនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា ក្រោយការចុះស្រាវជ្រាវនេះ គឺរាជបណ្ឌិត្យសភាកម្ពុជា បានរកឃើញពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ នោះគឺការកាប់ទន្រ្ទានព្រៃលិចទឹក ដែលជាតំបន់ស្នូល តំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យ នៅក្នុងខេត្តមួយចំនួន ជាពិសេសគឺក្នុងខេត្តកំពង់ឆ្នាំង។
លោក បានបញ្ជាក់ថា៖ «អនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ។ សម្រាប់មន្ត្រី ដែលធ្វើការងារពាក់ព័ន្ធ ជាមួយនឹងការគ្រប់គ្រងដែនដី ជាខេត្ត ជាស្រុក ឬមន្ត្រីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្រ្ទានយកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលបានទេនូវការកាប់ទន្រ្ទានព្រៃលិចទឹកដើម្បីយកដីនៅក្នុងបឹងទន្លេសាប»។
លោក បានបញ្ជាក់ថា៖«សមត្ថកិច្ចទាំងអស់សុទ្ធតែជាមន្ត្រីនគរបាលយុត្តិធម៌ ដូច្នេះត្រូវតែចាប់ខ្លួន ចំពោះអ្នកណា ដែលបានបំពានជាមួយនឹងបទប្បញ្ញត្តិទាំងឡាយ ដែលយើងធ្លាប់បានដាក់ចេញ រារាំងចំពោះបទល្មើសទៅនឹងការកំណត់របស់រដ្ឋ»៕