ភ្នំពេញៈ តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជាបានលើកឡើងថា កម្ពុជាគួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីប្រភេទ B.1.1.529 ដែលត្រូវបានគេដាក់ឈ្មោះថា អូមីក្រុង (Omicron) ដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជា សម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ ខ្ពស់ក៏ដោយ ខណៈក្រសួងសុខាភិបាលបានក្រើនរំឭកជាថ្មីចំពោះវិធានការការពារពីវីរុសកូវីដ ១៩ នេះ។
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានមួយនាយប់ថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំនេះ ដោយបង្ហាញពីការបារម្ភចំពោះការរកឃើញវីរុសកូវីដបំប្លែងថ្មីឈ្មោះអូមីក្រុងនេះ ដោយអង្គការនេះបានក្រើនរំឭកដល់កម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនូវករណីជំងឺកូវីដ ១៩។
«អូមីក្រុង» ជាវីរុសបំប្លែងខ្លួនថ្មីគួរឱ្យបារម្ភសម្រាប់ការឆ្លើយតបជាសកលចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។ អូមីក្រុងអាចបំប្លែងខ្លួនជាវីរុសចំនួនច្រើន ហើយការបំប្លែងខ្លួនមួយចំនួនក្នុងចំណោមនោះបង្កឱ្យមានការព្រួយបារម្ភ។
WHO បានបញ្ជាក់ថា ភ័ស្តុតាងបឋមបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីនេះបង្កឱ្យមានហានិភ័យខ្ពស់ជាងវីរុសបំប្លែងថ្មីដែលគួរឱ្យបារម្ភដទៃទៀតក្នុងការឆ្លងជំងឺកូវីដ ១៩ ឡើងវិញ។ អូមីក្រុង ក៏ត្រូវបានគេរកឃើញក្នុងអត្រាឆ្លងលឿនជាងអត្រានៃការកើនឡើងជាគំហុកនៃការឆ្លងនានាកន្លងមកដែលនេះបង្ហាញថា វីរុសបំប្លែងខ្លួនថ្មីមួយនេះអាចឆ្លងដល់មនុស្សបានយ៉ាងងាយ ហើយធ្វើឱ្យវាជាវីរុសដែលងាយឆ្លងជាងវីរុសបំប្លែងខ្លួនថ្មីមុន។
អង្គការដដែលនេះបានបន្តថា «យើងមិនដឹងអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចំពោះវីរុសបំប្លែងខ្លួនថ្មីនេះទេ។ អ្នកស្រាវជ្រាវកំពុងពិនិត្យមើលឥទ្ធិពលរបស់វីរុសបំប្លែងខ្លួនថ្មីនេះទៅលើវ៉ាក់សាំង និងឧបករណ៍ផ្សេងៗទៀត។ អ្នកវិទ្យាសាស្ត្រក៏កំពុងធ្វើការដើម្បីស្វែងយល់បន្ថែមអំពីថា តើការបំប្លែងខ្លួន និងផលប៉ះពាល់នឹងមានប៉ុនណា ដោយសារលទ្ធភាពចម្លងរបស់វីរុសថ្មីនេះ ថាតើវាខ្លាំងហើយឆាប់រាលដាលកម្រិតណា?»។
អង្គការនេះបានលើកឡើងថា ដោយសារតែពិភពលោកមានទំនាក់ទំនងគ្នាទៅវិញទៅមក វាមានហានិភ័យខ្ពស់ដែលអូមីក្រុងនឹងត្រូវបាននាំចូល និងត្រូវបានរកឃើញក្នុងពេលឆាប់ៗនេះនៅក្នុងសហគមន៍ប្រទេសកម្ពុជា។
លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាគួរតែបារម្ភអំពីវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងដែលទើបរកឃើញថ្មីៗនេះ បើទោះបីជាកម្ពុជាសម្រេចបានអត្រានៃការចាក់វ៉ាក់សាំងកូវីដ ១៩ ខ្ពស់ក៏ដោយ។
លោកស្រីមានប្រសាសន៍ថា៖ «បុគ្គលគ្រប់រូបគួរតែត្រៀមខ្លួនសម្រាប់ការកើនឡើងជាគំហុកជាយថាហេតុនៃករណីជំងឺកូវីដ ១៩ ហើយយើងគួរតែបន្តរៀនសូត្រ និងកែតម្រូវវិធានការឆ្លើយតបរបស់យើង»។
អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ថា វិធីការពារខ្លួនអ្នកមនុស្សជាទីស្រឡាញ់របស់អ្នក និងសហគមន៍កម្ពុជាទាំងមូលដែលមានប្រសិទ្ធភាពបំផុតនោះគឺការបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុខភាពសាធារណៈ និងសង្គម។ វិធានការ៣កុំ និង៣ការពារ របស់កម្ពុជានៅតែមានសារៈសំខាន់។
ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលានូវការចម្លងវីរុសប្រភេទថ្មីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំឭកដល់ប្រជាពលរដ្ឋសាជាថ្មីអំពីវិធីការពារដែលក្រសួងធ្លាប់បានណែនាំក្នុងពេលកន្លងមក។
លោក ម៉ម ប៊ុនហេង បានស្នើសុំឱ្យពលរដ្ឋបន្តអនុវត្តវិធានការ «៣ការពារ និង៣កុំ» ឱ្យបានហ្មត់ចត់ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងវីរុសកូវីដ ១៩ រួមទាំងអនុវត្តវិធានការសុខភាពសាធារណៈ និងសង្គមចាំបាច់នានាដូចជា ការពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ១,៥ ម៉ែត្រឡើង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬគ្រូពេទ្យដែលនៅជិតលោកអ្នកអំពីករណីសង្ស័យណាមួយដែលពាក់ព័ន្ធទៅនឹងភាពខុសប្លែកធម្មតានៃរោគសញ្ញា ឬជំងឺ និងត្រូវនៅដាច់ដោយឡែក ដើម្បីកុំឱ្យមានការចម្លងបន្តទៅអ្នកដែលនៅជិតខ្លួន ឬក្រុមគ្រួសារខ្លួនក្នុងអំឡុងពេលរង់ចាំការវិភាគដើម្បីរកវីរុសកូវីដ ១៩ ថ្មីនេះ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ផងដែរ ដោយសារថាវីរុសនេះនឹងធ្វើចរាចរណ៍នៅពេលដែលមានដំណើរឆ្លងកាត់ ឬការធ្វើចរាចរណ៍របស់មនុស្ស។
លោកស្រីថា៖ «នៅពេលណាដែលមានការធ្វើចរាចរណ៍របស់មនុស្សមកពីគ្រប់ទិសទីច្រើន ដូចនេះលទ្ធភាពនៃការចម្លងក៏វាអាចមាន។ ដូចនេះយើងត្រូវតែមានការប្រុងប្រយ័ត្ន និងបង្កើននូវការប្រុងប្រយ័ត្នរបស់យើងឱ្យកាន់តែខ្ពស់ជាប់ជាប្រចាំ»។
នៅពេលប្រទេសកម្ពុជាបាន និងកំពុងវិលត្រឡប់ទៅរកការរស់នៅក្នុងប្រក្រតីភាពថ្មី សុំប្រជាពលរដ្ឋបន្តនូវការអនុវត្តនូវការការពារខ្លួនឱ្យបានហ្មត់ចត់ជាទីបំផុត ហើយសុំឱ្យទីតាំងនានាដែលជាទីតាំងប្រមូលផ្តុំនូវមនុស្ស ឬជួបជុំគ្នាសុំឱ្យមានការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែប្រកាសរួចមកហើយគឺវិធានការ៣ ការពារ និង៣កុំ។ នេះជាការបញ្ជាក់បន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។
លោកស្រីថា ការដែលវិលត្រឡប់ទៅរកប្រក្រតីភាពថ្មីនេះក៏ត្រូវស្ថិតក្នុងបែបបទមួយដែលគ្រប់គ្នាត្រូវរៀនរស់ជាមួយនឹងវត្តមានវីរុសកូវីដ ១៩ ហើយជាពិសេសត្រូវប្រុងប្រយ័ត្ននូវការឆ្លង ឬការកើតឡើងនូវវីរុសនៃពពួកបំប្លែងថ្មីដែលអ្នកវិទ្យាសាស្ត្រកំពុងបារម្ភ និងកំពុងតាមដានទាំងអស់គ្នាលើវីរុសប្រភេទ B.1.1.529 នេះ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «សូមមេត្តាកុំភ្លេច កុំភ័យពេក កុំហ៊ានពេក ហើយបុគ្គលម្នាក់ៗត្រូវតែទទួលខុសត្រូវឱ្យបានច្បាស់លាស់នូវសុខភាពរបស់ខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍ និងចូលរួមតាមដាន និងអនុវត្តនូវវិធានការ៣ ការពារ៣ កុំនេះ ដើម្បីនិរន្តរភាពនៃការវិលត្រឡប់ការរស់នៅរបស់យើងក្នុងប្រក្រតីភាពថ្មីនេះគឺមាននិរន្តរភាពបានយូរអង្វែង»។
យ៉ាងណាក្តី លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានរបាយការណ៍បង្ហាញថា មានការចម្លងចូលនូវវីរុសបំប្លែងថ្មីប្រភេទអូមីក្រុងនេះទេ ដោយសារវីរុសនេះទើបតែបានរកឃើញ និងប្រកាសដោយអង្គការសុខភាពពិភពលោកនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមក៕