កំពង់ឆ្នាំងៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្កើតក្រុមការងារចំនួន ៦ ក្រុមចុះស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាបក្នុងខេត្តទាំង ៦ ខណៈរដ្ឋមន្ត្រីមួយចំនួនបានដឹកនាំក្រុមការងារ ចុះដកហូតដីជាង ២ ០០០ ហិកតាក្នុងខេត្តកំពង់ឆ្នាំង ក្នុងចំណោមដីព្រៃរាប់ម៉ឺនហិកតា ដែលត្រូវបានរំលោភបំពានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
វិធានការនៅថ្ងៃទី ២៩ វិច្ឆិកា បានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប និងស្ថាប័នពាក់ព័ន្ធរួមគ្នាបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកយកដី និងបញ្ជាឱ្យចាប់ខ្លួនភ្លាមៗដោយដកហូតទ្រព្យចំពោះមន្ត្រីណាដែលជាប់ពាក់ព័ន្ធ ក្រោយទទួលបានរបាយការណ៍ស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា។
ភ្លាមៗក្រោយចេញបទបញ្ជា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំកាលពីល្ងាចថ្ងៃទី ២៨ វិច្ឆិកា និងបានសម្រេចបង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាបស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ។
សេចក្តីសម្រេចរបស់ក្រសួងបានកំណត់ថា ចំពោះក្រុមទទួលបន្ទុកតាមខេត្តទាំង ៦ ក្រុមត្រូវសហការសម្របសម្រួលជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប អាជ្ញាធរដែនដី និងអង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ ចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប និងរាយការណ៍ពីវឌ្ឍនភាពការងារជាប្រចាំជូនក្រុមទទួលបន្ទុកសម្របសម្រួល និងបូកសរុប បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ថ្នាក់ដឹកនាំក្រសួង។
ចំណែកក្រុមទទួលបន្ទុកសម្របសម្រួល និងបូកសរុបត្រូវមានភារកិច្ចបូកសរុបលទ្ធផលការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាបក្នុងខេត្តទាំងនេះហើយរាយការណ៍ពីវឌ្ឍនភាពការងារជាប្រចាំជូនថ្នាក់ដឹកនាំក្រសួង ខណៈក្រុមការងារនីមួយៗមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ ឱ្យជួយការងារតាមការចាំបាច់។ នេះបើតាមសេចក្តីសម្រេច។
ក្រៅពីសម្រេចយ៉ាងដូច្នេះ នៅថ្ងៃទី ២៩ វិច្ឆិកា លោក ជា សុផារ៉ា ក៏បានដឹកនាំក្រុមការងារ និងមន្ត្រីមានសមត្ថកិច្ចជាន់ខ្ពស់របស់រដ្ឋាភិបាល ចុះទៅខេត្តកំពង់ឆ្នាំងមុនគេដើម្បីបើកយុទ្ធនាការបង្ក្រាប និងទប់ស្កាត់ចលនាកាប់ទន្ទ្រាន ឈូសឆាយដីព្រៃលិចទឹក។
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៩ វិច្ឆិកាថា តាមរយៈការចុះត្រួតពិនិត្យរបស់ថ្នាក់ដឹកនាំក្នុងពេលនេះ គឺបានសម្រេចដកហូតដីជាង ២ ០០០ ហិកតាស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ដែលមានជនជាប់ពាក់ព័ន្ធចំនួន ១៣ នាក់ក្នុងបទល្មើសនេះ។ យ៉ាងណាលោក បញ្ជាក់ថា ដោយសារតែជនទាំងនោះបានចូលសារភាព និងទទួលកំហុស ដូច្នេះពុំមានការចាប់ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនោះទេ ដោយគ្រាន់តែធ្វើការព្រមាន និងតម្រូវឱ្យធ្វើកិច្ចសន្យាតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «ជំនាញកំពុងធ្វើការបន្តដើម្បីដកហូតដីជាង ២ ០០០ ហិកតានេះមកវិញ។ ការចុះប្រតិបត្តិការនេះ គឺយើងបានធ្វើតែលើទីតាំងនេះមួយសិនទេ ហើយអ្នកជាប់ពាក់ព័ន្ធហ្នឹងគឺមាន ១៣ នាក់។ យើងកំពុងរៀបចំបន្តជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ដើម្បីរៀបចំកម្មវិធីដាំឡើងវិញ។ យើងកំពុងរកដើមឈើប្រភេទដែលអាចដាំក្នុងទឹកបាន ដូចជាដើមរាំងអី»។ បើតាមលោក សុវណ្ណារិទ្ធិ ការចុះត្រួតពិនិត្យ និងស្រាវជ្រាវការកាប់ទន្ទ្រានដីព្រៃលិចទឹកនេះ គឺបន្តធ្វើការស្រាវជ្រាវយូរតទៅមុខទៀត។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃទី ២៩ វិច្ឆិកាថា បន្ទាប់ពីចុះខេត្តកំពង់ឆ្នាំង លោក ជា សុផារ៉ា ក៏បានដឹកនាំក្រុមការងារបន្ដដំណើរទៅខេត្តកំពង់ធំ ដើម្បីស្រាវជ្រាវករណីកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ក្នុងខេត្តនេះចំនួន ៤០ ករណី។
លោក វេង សាខុន បញ្ជាក់ថា៖ «ការកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់មានចំនួន ៤០ ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ ហិកតាចាប់ពីឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២១ ស្ថិតនៅក្នុងស្រុកចំនួន ៤ មានក្រុងស្ទឹងសែន មាន ៣ ករណី ស្រុកបារាយណ៍ មានចំនួន ២ ករណី ស្រុកស្ទោង មាន ៦ ករណី និងស្រុកកំពង់ស្វាយ មាន ១៩ ករណី»។
បើតាមលោក វេង សាខុន ក្នុងទំហំដីជាង ៣ ៥០០ ហិកតានេះ គឺមានការកាប់ទន្ទ្រានក្នុងឆ្នាំ ២០២១៩ មាន ១៤ ករណី មានចំនួនជិត ១ ០០០ ហិកតាស្ថិតក្នុងស្រុក ស្ទោង និងស្រុកកំពង់ស្វាយ និងឆ្នាំ ២០២០ មានចំនួន ១២ ករណីមានចំនួន ជិត ២០០ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ ព្រមទាំងឆ្នាំ ២០២១ មានចំនួន ១៤ ករណី មានចំនួនជាង ១ ០០០ ហិកតា ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ស្រុកស្ទោង និងក្រុងស្ទឹងសែន។
លោក វេង សាខុនបញ្ជាក់បន្ថែមថា៖ «ករណីទាំងអស់នេះ គឺត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ។ ក្នុងចំណោម ៤០ ករណី គឺមានតែ ១ ករណីប៉ុណ្ណោះ ដែលបានធ្វើការជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជម្រះក្តីនៅឡើយដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអាជ្ញារងខេត្តកំពង់ធំ»។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៩ វិច្ឆិកា ក្នុងស្ថានភាពដែលបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនយ៉ាងដូច្នេះថា ការដកហូតដីព្រៃលិចទឹកដែលបានកាប់ទន្ទ្រានក្នុងពេលនេះគឺគ្រាន់តែជាចំនួនតូចមួយដែលបានរំលោភបំពានប៉ុណ្ណោះ។
លោកបន្តថា តាមការចុះស្រាវជ្រាវរបស់លោកផ្ទាល់ ដោយគ្រាន់តែខេត្តកំពង់ឆ្នាំងមួយ គឺមានការរំលោភបំពានដល់ទៅរាប់ម៉ឺនហិកតា ខណៈខេត្តកំពង់ធំ ខេត្តពោធិ៍សាត់ ក៏មានការរំលោភបំពានធ្ងន់ធ្ងរផងដែរដែលសកម្មភាពរំលោភបំពាននេះ គឺបានធ្វើឡើង ឬមានជាប់ពាក់ព័ន្ធសុទ្ធតែមន្ត្រីមានអំណាច។
លោកបានបញ្ជាក់ថា៖ «ការដកហូត ២ ០០០ ហិកតានេះ គឺគ្រាន់តែជ្រុង ១ តូចទេ។ រឿងដែលខ្ញុំបានរកឃើញ គឺលើសហ្នឹងទៀត នៅមានរាប់ម៉ឺនហិកតាណា៎ អ៊ីចឹងបានខ្ញុំឆ្ងល់ យើងត្រូវដកហូតមកទាំងអស់។ ចំណែកនៅខេត្តពោធិ៍សាត់ក៏មានការកាប់ទន្ទ្រានដូចគ្នា រហូតដល់មានភូមិ ១ នៅកណ្តាលព្រៃនេះទៀត។ ដកហូតប៉ុន្មានហិកតានេះ គឺមនុស្សតែម្នាក់ទេ គឺនៅមានម្ចាស់ (អ្នកបំពាន) រាប់រយនាក់ឯណោះ»។
លោក សុខ ទូច ទទូចស្នើដល់រដ្ឋាភិបាលឱ្យធ្វើការដកហូតដីព្រៃលិចទឹកទាំងអស់ត្រឡប់មកវិញឱ្យខាងតែបាន ដើម្បីរក្សាព្រៃលិចទឹក រក្សាត្រី រក្សាប្រភពស្បៀងរបស់កម្ពុជា ព្រោះបើមិនដូច្នេះទេ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បឹងទន្លេសាបនេះ ដោយសារតែការគោករាក់ ហើយបាត់បង់ប្រភពត្រី។ តាមរយៈការស្រាវជ្រាវរបស់លោក ដើម្បីរក្សាប្រភពធនធានទាំងនេះ គឺត្រូវរក្សាព្រៃលិចទឹក ហាមការធ្វើស្រែដោយប្រើប្រាស់ជីគីមីនៅតាមមាត់ទន្លេ និងរក្សាជម្រៅទ្វារទឹកទាំងអស់របស់បឹងទន្លេសាបកុំឱ្យគោករាក់តាមរយៈការស្តារឡើងវិញ៕
វីដេអូ៖