ភ្នំពេញៈ សាធារណរដ្ឋឆែកបានឯកភាពធ្វើការកៀរគរសហគ្រាសធុនតូច មធ្យមនិងក្រុមហ៊ុនឯកជនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខណៈការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ នៅមានចំនួនតិចតួចនៅឡើយ។
ការឯកភាពនេះធ្វើឡើងក្នុងឱកាសប្រធានរដ្ឋសភាលោក ហេង សំរិន ទទួលជួបលោក ម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា កាលពីថ្ងៃទី ២៩ វិច្ឆិកា នៅវិមានរដ្ឋសភា ដើម្បីជួបសម្តែងការគួរសម និងជជែកពិភាក្សាការងារ។
ក្នុងជំនួបនោះ លោក ហេង សំរិន បានស្នើដល់សាធារណរដ្ឋឆែកឱ្យបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឱ្យកាន់តែល្អប្រសើរថែមទៀតមកកាន់កម្ពុជា ក្រោយជំងឺរាតត្បាតកូវីដ ១៩ បានធូរស្បើយ។
លោកបន្តទៀតថា៖ «ប្រទេសទាំងពីរកម្ពុជា និងឆែកបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំង ២ ទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះជារៀងរហូតមក»។
លោកគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ឆែកបានរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគីរហូតដល់បច្ចុប្បន្ន។
ជាការឆ្លើយតប លោក ម៉ាទីន វែវរ៉ា ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែក ប្រចាំកម្ពុជាសន្យានឹងខិតខំជំរុញអ្នកវិនិយោគឆែកមកបណ្តាក់ទុននៅកម្ពុជាឱ្យបានច្រើន។ លោកថា៖ «ក្រុមហ៊ុនរបស់ឆែកបានកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាម ដូច្នេះខ្ញុំនឹងសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែមានទំហំធំឡើង»។
លោក វែវរ៉ា បានថ្លែងថា ក្រៅពីការវិនិយោគសាធារណរដ្ឋឆែកក៏បានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំផងដែរ។ លោកបញ្ជាក់ថា៖ «កាលពីពេលថ្មីៗនេះជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក»។
លោក ហេង សំរិន មានប្រសាសន៍ថា ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែក ដែលមានប្រព័ន្ធអប់រំល្អ ប្រកបដោយគុណភាពខ្ពស់តាំងពីសម័យមុនមកម្ល៉េះ។ ប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មី នៅកម្ពុជាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ដែលមានស្រាប់ ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាលោក គិន ភា ធ្លាប់ថ្លែងថា ទំនាក់ទំនងរវាងប្រទេសទាំង ២ មានស្ថានភាពល្អប្រសើរ។ ប៉ុន្តែមិនទាន់ឈានដល់ទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឡើយទេ។
លោកថា៖ «បើនិយាយពីទំនាក់ទំនងគឺល្អ ប៉ុន្តែកម្រិតនៃការផ្លាស់ប្តូរពាណិជ្ជកម្ម ឬក៏ជាយុទ្ធសាស្ត្រខាងផ្នែកនយោបាយ និងផ្នែកការទូតជាទំនាក់ទំនងក្នុងកម្រិតធម្មតា»។ ជារួមទៅជាទិដ្ឋភាពនយោបាយថ្វីបើប្រទេសឆែកនៅក្នុងក្របខ័ណ្ឌអឺរ៉ុប ប៉ុន្តែគាត់ក៏សម្តែងការគាំទ្រនូវជំហរកម្ពុជាជាច្រើនពាក់ព័ន្ធជាមួយទំនាក់ទំនងកម្ពុជាជាមួយសហភាពអឺរ៉ុប។
លោកបន្តថា មូលហេតុដែលនាំឱ្យប្រទេសទាំង ២ មិនទាន់មានទំនាក់ទំនងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយគឺដោយសារភាពចាំបាច់នៃតម្រូវការផ្នែកពាណិជ្ជកម្មមិនទាន់មានតម្រូវការខ្ពស់។ លោកបញ្ជាក់ថា៖ «មិនមែនដោយសារស្ថានភាពនយោបាយឬទីតាំងភូមិសាស្ត្រទេ ប៉ុន្តែដោយសារភាពចាំបាច់ខាងពាណិជ្ជកម្មមិនសូវមានដូចយើងជាមួយរុស្ស៊ីមានទំនាក់ទំនងល្អមែន ប៉ុន្តែអត់សូវមានពាណិជ្ជកម្មជាមួយគ្នាទេ»។
សូមជម្រាបផងដែរថា ទំនាក់ទំនង ចំណងមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានចាប់ផ្ដើមឡើងដំបូងនៅឆ្នាំ ១៩៥៧។ ចំណែកពាណិជ្ជកម្មទ្វេភាគីកម្ពុជាឆែក នៅមានចំនួនតិចនៅឡើយគិតត្រឹមឆ្នាំ ២០១៨ ដោយទំហំពាណិជ្ជកម្មមានត្រឹមតែ ៩១ លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈភាគីទាំង ២ បានប្តេជ្ញានឹងខិតខំជំរុញការវិនិយោគទ្វេភាគីបន្ថែមទៀត៕