
លោក យិត បុណ្ណា ក្នុងកម្មវិធីពីថ្ងៃទី ២៩ វិច្ឆិកា។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ចូនបារម្ភពីការកើនឡើងនៃការរំលោភបំពានយកដីចំណីផ្លូវ និងការចាក់ដីលុបចង្អូរបង្ហូរទឹកនៅតាមដងផ្លូវបណ្តាលឱ្យលិចផ្លូវបង្កឱ្យមានការខូចខាតដល់ផ្លូវថ្នល់យ៉ាងឆាប់រហ័សដែលបញ្ហានេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ។
ការបង្ហាញក្តីបារម្ភនេះបានធ្វើឡើងក្នុងកម្មវិធី MPWT LIVE SHOW ដែលរៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូនពីថ្ងៃ ២៩ វិច្ឆិកា ២០២១ ក្រោមប្រធានបទ “ការថែទាំផ្លូវថ្នល់ និងការចូលរួមពីប្រជាពលរដ្ឋ” ដើម្បីឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះលោក យិត បុណ្ណា រដ្ឋលេខាធិការក្រសួងនេះបានលើកឡើងថា ការសាងសង់ផ្លូវថ្នល់នីមួយៗ គឺក្រសួងតែងគិតគូរអំពីផាសុកភាពដល់អ្នកបើកបរក៏ដូចជាបរិស្ថានជុំវិញផ្លូវថ្នល់ផងដែរ។ ប៉ុន្តែលោកថាការបំពានរបស់អ្នកដែលរស់នៅតាមបណ្តាយផ្លូវមានការកើនឡើងយ៉ាងគំហុក ដូចជា ការចាក់ដីខ្ពស់ជាងផ្លូវថ្នល់ ការចាក់ដីលុបចង្អូរបង្ហូរទឹកផ្លូវ ដែលធ្វើឱ្យទឹកមិនអាចហូរចេញពីផ្លូវធ្វើឱ្យផ្លូវថ្នល់ដែលសង់រួចឆាប់ខូចខាតទៅវិញយ៉ាងរហ័ស។
លោកបានបញ្ជាក់ថា៖ «នៅពេលចាប់ផ្តើមរចនាផ្លូវថ្នល់ យើងគិតគ្រប់ជ្រុងជ្រោយទាំងអស់ យើងគិតតាំងពីចង្អូររំដោះទឹកភ្លៀង ចង្អូរអ្វីផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុដែលបណ្តាលឱ្យមានទឹកជំនន់មកពីភ្លៀងខ្លាំងពេក ដើម្បីបញ្ចៀសការខូចខាតផ្លូវថ្នល់»។
លោកបានបន្តថា៖ «នៅពេលយើងធ្វើផ្លូវថ្នល់គឺប្រជាជនមិនទាន់មកដល់ទេ ឬមិនបានប្រជ្រៀតចូលមកតួផ្លូវថ្នល់នោះទេ ផ្ទះរបស់លោកនៅឆ្ងាយ។ ប៉ុន្តែពេលយើងធ្វើផ្លូវថ្នល់ហើយ ចរាចរណ៍ចាប់ផ្តើមកើនឡើងផលប្រយោជន៍នៃការប្រើប្រាស់ផ្លូវថ្នល់ និងអត្ថប្រយោជន៍ផ្សេងៗក៏ជំរុញឱ្យគាត់ចាក់ដីចូលដីចំណីផ្លូវរបស់យើង។ ទាំងនេះគឺជាកត្តាមួយដែលខុសប្លែកពីមុនឆ្នាំ ១៩៧០ មកទៀត នៅពេលនោះប្រជាជនគោរព និងថែរក្សាដីចំណីផ្លូវ គន្លងផ្លូវថ្នល់ក៏ត្រូវការពារ»។
ជាមួយគ្នានេះ លោក យិត បុណ្ណា ស្នើដល់អ្នកដែលរស់នៅតាមបណ្តាយផ្លូវទាំងអស់ឱ្យបញ្ឈប់សកម្មភាពទាំងនោះ និងរួមគ្នាថែរក្សាផ្លូវថ្នល់ឱ្យបានល្អ ដោយលោកក៏បានជំរុញដល់អាជ្ញាធរដែនដីឱ្យចូលរួមផ្សព្វផ្សាយ និងទប់ស្កាត់សកម្មភាពបំពានទាំងនេះផងដែរ ព្រោះការទប់ស្កាត់សកម្មភាពទាំងនេះបានគឺមានតែការរួមគ្នាអនុវត្តប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «នេះគឺជាបញ្ហាមួយដែលត្រូវទាំងអស់គ្នាមិនមែនតែក្រសួងសាធារណការ ឬអាជ្ញាធរផ្លូវថ្នល់ ដែលត្រូវតែរកមធ្យោបាយនោះទេ។ តែការចូលរួមជាងគេគឺប្រជាជន ត្រូវមានការយល់ដឹងអំពីបញ្ហានេះ និងថែរក្សាទាំងអស់គ្នា ដើម្បីដោះស្រាយបញ្ហារួម។ អាជ្ញាធរដែនដីក៏ជាអាជ្ញាធរផ្លូវថ្នល់ដែរ ដូច្នេះបណ្តាមន្ត្រីរាជការយើងតាមដែនដីសុំយល់ដឹងអំពីច្បាប់ផ្លូវថ្នល់ និងជួយពង្រឹងប្រជាជនវិញ»។
បើតាមលោក យិត បុណ្ណា ប្រព័ន្ធបណ្តាញផ្លូវថ្នល់នៅកម្ពុជាសម្រាប់បម្រើដល់វិស័យដឹកជញ្ជូនមានផ្លូវ ១ លេខ ផ្លូវ ២ លេខ និងផ្លូវ ៣ លេខ [ផ្លូវចាក់កៅស៊ូ] ហើយផ្លូវថ្នល់ដែលគ្រប់គ្រងដោយក្រសួងសាធារណការមានប្រមាណ ១៨ ១២៥ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលកៅស៊ូមានប្រមាណ ៥៥ ភាគរយ។ លោកបានឱ្យដឹងថា ផ្លូវ ១ លេខ ត្រូវក្រសួងសាងសង់បានចំនួន ២ ២៥០ គីឡូម៉ែត្រ ដោយក្រាលកៅស៊ូបាន ១០០ ភាគរយ ចំណែកផ្លូវ ២ លេខ មានប្រវែង ៥ ០០០ គីឡូម៉ែត្រ ក្រាលកៅស៊ូបានជាង ៣ ០០០ គីឡូម៉ែត្រ ស្មើនឹងប្រមាណ ៧៤ ភាគរយ។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា ការរំលោភបំពានទៅលើផ្លូវថ្នល់ គឺពិតជាមានការកើនឡើងខ្លាំងដោយសារកំណើនប្រជាជនហើយបញ្ហានេះក៏បានក្លាយជាជំងឺមហារីក ដែលជាជំងឺរ៉ាំរ៉ៃជាយូរលង់មកហើយ។
លោកបន្តថាដើម្បីដោះស្រាយបញ្ហាទាំងនេះ ការប្រើវិធានការអំពាវនាវឱ្យមានការចូលរួមពីពលរដ្ឋតែមួយមុខ គឺមិនអាចដោះស្រាយបានភ្លាមទេ ផ្ទុយទៅវិញទាមទារឱ្យមានការចូលរួមពីអាជ្ញាធរដែនដីផងដែរ ខណៈការរំលោភបំពានបែបនេះនៅតែបន្តកើតដោយសារកត្តាច្រើន។
លោកថា៖ «យើងឃើញថាប្រជាជនគាត់ចាក់បំពានផ្លូវបានគឺដោយសារអាជ្ញាធរគាត់អត់ឃាត់ និងមួយទៀត គាត់អត់ចេះច្បាប់ ហើយអត់ដឹងថា ត្រូវហាមគេរបៀបម៉េច? មួយទៀត អាជ្ញាធរគាត់ដឹងដែរ ក៏ប៉ុន្តែអនុញ្ញាតឱ្យចាក់សិន ពេលគេត្រូវការចាំកាយមកវិញ ឬក៏អីជាដើម ដែលនេះជាបញ្ហា»។
លោកបានពន្យល់បន្ថែមថា៖ «រឿងដែលបណ្តាលឱ្យកាន់តែរីករាលដាលហ្នឹងគឺដោយសារឃើញប្រជាពលរដ្ឋមួយធ្វើបាន អ្នកផ្សេងទៀតក៏ធ្វើការបានដែរ។
បញ្ហានេះគឺបង្ហាញអំពីកង្វះខាតការទទួលខុសត្រូវរបស់អាជ្ញាធរផង ជាមួយនឹងប្រជាពលរដ្ឋគាត់មិនបានគិតអំពីផលប្រយោជន៍សាធារណៈផង»។
សម្រាប់ជាមធ្យោបាយ លោក គង់ រតនៈ បានថ្លែងថា ការអំពាវនាវឱ្យពលរដ្ឋចូលរួមគឺជារឿងត្រឹមត្រូវ ហើយត្រូវការបង្កើតយុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ក្នុងការទប់ស្កាត់សកម្មភាពល្មើសទាំងនេះឱ្យបានទាន់ពេលវេលា៕