កោះកុងៈ អាជ្ញាធរខេត្តកោះកុងកំពុងរៀបចំទិន្នន័យលម្អិតអំពីចំនួនកោះនៅលើលម្ហសមុទ្រនៅក្នុងខេត្តនេះចំនួន ២៣ ដើម្បីបង្កលក្ខណៈក្នុងការអភិវឌ្ឍកោះ ខណៈមានការកើនឡើងនូវចំនួនភ្ញៀវទេសចរ និងមានក្រុមហ៊ុនជាច្រើន បន្តវិនិយោគលើដែនកោះ។
លោក អ៊ុក ភ័ក្ត្រា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុងកាលពីថ្ងៃទី ២៥ វិច្ឆិកា បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំចងក្រង និងប្រមូលទិន្នន័យលម្អិតអំពីកោះក្នុងលម្ហសមុទ្រ ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរ និងអង្គភាពពាក់ព័ន្ធនៅក្នុងខេត្តនេះ។
លោកអភិបាលរងបានដាក់ចេញនូវផែនការបន្តមួយចំនួនដល់មន្ត្រី និងអង្គភាពនីមួយៗថា៖ «ត្រូវចាត់តាំងសមាសភាពចូលរួម និងសហការក្នុងការចុះពិនិត្យ និងប្រមូលទិន្នន័យជាក់ស្តែងនៅតាមទីតាំងកោះនីមួយៗ ដោយយកនូវទិដ្ឋភាពភូមិសាស្ត្រ និយាមកា រូបភាព និងវីដេអូ សំដៅជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកដាក់ទុនបន្ថែម»។
ក្រៅពីនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវធានាឱ្យមានមន្ត្រីចុះយកនិយាមកា ដោយប្រើប្រាស់ម៉ាស៊ីនប្រភេទ DGPS ជាមួយក្រុមការងារ។
លោក អ៊ុក ភ័ក្ត្រា បានបញ្ជាក់ទៀតថា សម្រាប់កាលបរិច្ឆេទនៃការចុះទៅតាមកោះនីមួយៗ ក្រុមការងារថ្នាក់ខេត្ត នឹងធ្វើការជូនដំណឹងលម្អិតបន្ថែមនៅពេលក្រោយ។
ប្រធានការិយាល័យនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកោះកុង លោក ហ៊ាង ប៊ុណ្ណា បានថ្លែងនៅថ្ងៃទី ២៨ វិច្ឆិកាថា ក្រុមការងារនឹងមានកិច្ចប្រជុំមួយទៀត ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើកិច្ចការងារនេះ ថាតើមន្ត្រីផ្នែកណានឹងត្រូវចុះស្រង់ទិន្នន័យ។
ការរៀបចំទិន្នន័យលម្អិតអំពីចំនួនកោះនាពេលនេះ ដើម្បីបង្កលក្ខណៈក្នុងការអភិវឌ្ឍកោះ ខណៈមានការកើនឡើងនូវចំនួនភ្ញៀវទេសចរ និងមានក្រុមហ៊ុនជាច្រើនបន្តវិនិយោគលើដែនកោះ។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នមានដូចជាកោះម្នាស់ និងកោះស្មាច់មានក្រុមហ៊ុនវិនិយោគ គេកំពុងវិនិយោគ ហើយកោះផ្សេងៗទៀត ឱ្យតែកោះធំៗ មានក្រុមហ៊ុនវិនិយោគគេចូលទៅបណ្តើរៗហើយ ដូចកោះកុងក្រៅ មានគេត្រៀមចូលវិនិយោគហើយ»។
លោកបានឱ្យដឹងថា តាមទិន្នន័យបឋមនៅខេត្តកោះកុងមានកោះសរុបចំនួន ២៣ កោះដែលក្នុងចំណោមកោះទាំងអស់នោះមានតែកោះស្តេចទេ ដែលរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនស្របច្បាប់ជាអ្នកវិនិយោគ។
លោកបញ្ជាក់ថា៖ «បើយើងរាប់ត្រួសៗមាន ២៣ កោះហើយ ២៣ កោះនោះភាគច្រើនគឺកោះធំៗ តំបន់ដែលមានមនុស្សរស់នៅដូចជាកោះស្តេច ដែលមានមនុស្សរស់នៅច្រើន ហើយកោះដែលយើងរាប់នេះភាគច្រើនមានមនុស្សរស់នៅ គ្រាន់តែថា មានតិចគ្រួសារ និងច្រើនគ្រួសារ តែយើងអាចអភិវឌ្ឍធ្វើជាតំបន់ទេសចរណ៍បាន»។
លោកបានឱ្យដឹងទៀតថា៖ «កោះទាំង ២៣ នោះរដ្ឋាភិបាលផ្តល់កម្មសិទ្ធិឱ្យតែកោះស្តេចមួយទេ សម្រាប់ការអភិវឌ្ឍ ក្រៅពីនោះ អត់ផ្តល់កម្មសិទ្ធិឱ្យទេ ហើយបើសិនជាមានអ្នកវិនិយោគគេចង់ទៅជួលកោះដើម្បីវិនិយោគត្រូវជួលពីរដ្ឋាភិបាល ហើយគេត្រូវដោះស្រាយគោលនយោបាយសម្រាប់អ្នករស់នៅលើកោះនោះ»។
លោក ហ៊ាង ប៊ុណ្ណា ឱ្យដឹងទៀតថា ការរៀបចំកោះនេះ ដោយសារអាជ្ញាធរខេត្តសង្កេតឃើញថាបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ មានភ្ញៀវទេសចរបានធ្វើដំណើរទៅលេងកោះក្នុងខេត្តកោះកុងច្រើន។ រីឯវិស័យសំណង់ និងវិស័យដីធ្លីក្នុងខេត្តនេះ នៅតែបន្តសកម្មភាពដូចធម្មតាទាំងមុន និងក្រោយការរីករាលដាលនៃជំងឺកូវីដ ១៩។
លោក ហូ វណ្ណឌី ជាសហប្រធានក្រុមការងារទេសចរណ៍កម្ពុជាបានថ្លែងថា ការរៀបចំផែនការមេនេះពិតជាល្អមែនទែន ដើម្បីស្រូបទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក។
លោកបានបញ្ជាក់ថា៖ «ក្នុងករណីយើងត្រៀមផែនការមេ និងទិន្នន័យច្បាស់លាស់ហើយការផ្តល់ព័ត៌មានដល់សាធារណជនក៏ដូចជាភ្ញៀវទេសចរ ក៏ដូចជាអ្នករកទទួលទានក្នុងវិស័យនេះ វាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ ទៅដល់តំបន់របស់ខ្លួន»៕
វីដេអូ៖