
លោក ហ៊ុន សែន និងមន្ត្រីកម្ពុជាក្នុងជំនួបជាមួយលោក ផនខាំ វីផាវ៉ាន់ និងមន្ត្រីឡាវនៅថ្ងៃ ២៩ វិច្ឆិកា។ រូបថត SPM
ភ្នំពេញៈ កម្ពុជា និងឡាវប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមកលើវេទិកាតំបន់ និងអន្តរជាតិ ខណៈឡាវ សន្យាផ្តល់កិច្ចសហការដល់កម្ពុជា ដើម្បីទទួលបានភាពជោគជ័យលើការដឹកនាំកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយ។
ការប្តេជារវាងប្រទេសទាំង ២ នេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ២៩ វិច្ឆិកា រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។
ហ្វេសប៊ុកលោក ហ៊ុន សែន បានបញ្ជាក់កាលពីយប់ថ្ងៃទី ២៩ វិច្ឆិកាថា លោក ផនខាំ វីផាវ៉ាន់ បានអបអរសាទររូបលោកដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើន និងបានដកស្រង់សម្ដីលោក ផនខាំ វីផាវ៉ាន់ ថា លោកបានឃើញកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានី-ភ្នំពេញ មានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំងផងដែរ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីឡាវបានអបអរសាទរ ចំពោះលោក ហ៊ុន សែន ដែលបានទទួលជោគជ័យលើគ្រប់វិស័យទាំងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបថ្មីៗនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។
ប្រភពដដែលបញ្ជាក់ថា៖ «ឯកឧត្តម [លោក វីផាវ៉ាន់] ក៏បានសម្ដែងនូវការគាំទ្រ នឹងសន្យាសហការជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ានឱ្យទទួលបានភាពជោគជ័យ»។
ភាគីទាំង ២ បានឯកភាពពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្តការផ្លាស់ប្ដូរទស្សនកិច្ចរវាងគ្នាទៅវិញទៅមកដើម្បីជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក និងបន្តពិភាក្សាគ្នា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។
នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ២ ក៏បានឯកភាពជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់ ជំរុញឱ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការ ធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំង ២ បានសម្រេចជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យដទៃទៀត ដែលជាសក្តានុពល សម្រាប់ប្រទេសទាំង ២។
ហ្វេសប៊ុកដដែលលើកឡើងថា៖ «ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានស្នើសុំសម្ដេចតេជោធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវេទិកាតំបន់ និងអន្តរជាតិ។ ជាការឆ្លើយតប សម្ដេចតេជោក៏បានគាំទ្រចំណុច [នេះ] ដែលឯកឧត្តម នាយករដ្ឋមន្ត្រីឡាវបានលើកឡើង»។
ដោយឡែកនៅក្នុងជំនួបរវាងលោក វីផាវ៉ាន់ និងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា លោក ហេង សំរិន បានអបអរសាទរ ចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំដែលប្រទេសទាំង ២ កម្ពុជា-ឡាវសម្រេចបាននាពេលកន្លងមក ទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។
លោក ហេង សំរិន បញ្ជាក់ក្នុងហ្វេសប៊ុករបស់លោកថា ទស្សនកិច្ចរបស់លោក វីផាវ៉ាន់ បានបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំង ២ កម្ពុជា-ឡាវឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេដងថែមទៀត។
លោកបន្តថា ស្ថាប័ននីតិប្បញ្ញតិ្តប្រទេសទាំង ២ បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីស្ថិតក្នុងដំណាក់កាលកូវីដ ១៩ ក៏ដោយ តាមរយៈការសន្ទនាផ្លាស់ប្តូរបទពិសោធអំពីការងារនីតិកម្ម ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ និងមន្ត្រីបច្ចេកទេសនៃស្ថាប័នទាំង ២។
លោក ហេង សំរិន បញ្ជាក់ថា៖ «រដ្ឋសភាទាំង ២ បានប្តេជ្ញាចិត្តក្នុងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយគ្នា និងគាំទ្រគ្នាទៅវិញ-ទៅមកនៅក្នុងគ្រប់កាលៈទេសៈ ជាពិសេសនៅលើវេទិកាអន្តរសភាក្នុងតំបន់ និងក្រៅតំបន់ផងដែរ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ថា កន្លងមក ឡាវ និងកម្ពុជាតែងគាំទ្រគ្នាទៅវិញទៅមកទៅលើកិច្ចការតំបន់ ក៏ដូចជាអន្តរជាតិនានា ទាំងនយោបាយ សន្តិសុខ និងការទូត ហើយមូលដ្ឋានដែលរឹងមាំសម្រាប់ទំនាក់ទំនងប្រទេសទាំង ២ គឺមិនមានការប្រែប្រួលទេ។ លោកថ្លែងថា៖ «ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់រវាងស្ថាប័ន និងស្ថាប័នរវាងប្រជាជន និងប្រជាជននៃប្រទេសទាំង ២ យើងឃើញថា មានភាពល្អប្រសើរជាប្រទេសជិតខាងដែលមានទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យើងក៏មិនដែលឃើញមានបញ្ហាជម្លោះល្អក់កករអីនឹងគ្នារវាងប្រទេសទាំង ២ ទេ តែងតែគោរពគ្នាទៅវិញទៅមក ឈរលើគោលការណ៍សន្តិសហវិជ្ជមានជាមួយគ្នា»៕