ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុខុន នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន ពីថ្ងៃទី ៣-៥ ខែធ្នូ តបតាមការអញ្ជើញរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២។
ក្រសួងការបរទេសកម្ពុជាបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ថា ក្នុងដំណើរទស្សនកិច្ចនេះលោក ប្រាក់ សុខុន នឹងមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យផ្សេងៗ រួមមានវិស័យការស្តារឡើងវិញ ក្រោយជំងឺរាតត្បាតកូវីដ ១៩ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល កសិកម្ម និងការពារជាតិ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្លូវការនេះនឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំង ២ ទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការជាក់លាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំង ២»។
កាលពីខែកញ្ញាកន្លងទៅ លោក វ៉ាង យី បានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ លោកក៏បានចូលរួមពិធីសម្ពោធដាក់ឱ្យដំណើរការ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកប្រមុខការទូតកម្ពុជាក៏បានប្រកាសតាមបណ្តាញហ្វេសប៊ុករបស់លោកនៅពេលនោះថា ភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី គឺជាចំណុចប្រវត្តិសាស្ត្រសំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជា-ចិន។ កម្ពុជាទន្ទឹងរង់ចាំប្រើប្រាស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាអំណោយរបស់ចិន ដើម្បីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ កីឡាធំៗ។ ជាពិសេសការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំ ២០២៣។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា នៅពេលនោះភាគីចិន ក៏បានចុះហត្ថលេខាផ្តល់នូវសម្ភារមនុស្សធម៌ នៅក្នុងវិស័យបោសសម្អាតមីន និងផ្តល់បរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរវាងប្រទេសទាំង ២។ ជាមួយគ្នានោះផងដែរ ភាគីកម្ពុជា និងចិនព្រមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីអំពីការគាំទ្រមន្ទីរពេទ្យដៃគូរវាងប្រទេសទាំង ២ និងកិច្ចព្រមព្រៀងស្ដីពីការអនុវត្តលើគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេស មេគង្គ-ឡានឆាង៕