ព្រះសីហនុៈ មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ឆ្នាំនេះ ដែល​កម្ពុជា​រៀបចំ​ឡើង​ពីថ្ងៃ​ទី​ ១-២ ខែធ្នូ ក្នុង​ខេត្ដ​ព្រះសីហនុ គឺ​ដើម្បី​បង្ហាញ​អន្តរជាតិ​ពី​សក្តានុពល​នៃ​ខេត្ត​នៅជាប់​មាត់សមុទ្រ​។ អភិបាលខេត្ដ​ព្រះសីហនុ លោក គួច ចំរើន ក៏​រំពឹង​ដែរ​ថា តាមរយៈ​នេះ​នឹង​ផ្ដល់​ពុទ្ធិ បទពិសោធ និង​ផែនការ​មួយចំនួន សម្រាប់​យកមក​កែលម្អ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ដ​ប្រកបដោយ​ចីរភាព​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត ថា ដំណើរ​ឆ្ពោះ​ទៅកាន់​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ឆ្នាំ​ ២០២១ ​នៅ​ខេត្ត​ព្រះសីហនុ ក្រសួងបរិស្ថាន និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​ ៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ប្រព្រឹត្តទៅ នា​ថ្ងៃទី​ ១-២ ខែធ្នូ ឆ្នាំ​ ២០២១ ក្រោម​ប្រធានបទ​ «​បង្កើត​ទសវត្សរ៍​ថ្មី​សម្រាប់​សុខុមាលភាព​មហាសមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​»​។

បើតាម​លោក​ នេត្រ ភក្ត្រា ខេត្ដ​ព្រះសីហនុ​ជា​ខេត្ដ​មួយ​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់ ជា​ទិសដៅ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល ប្រែក្លាយ​ខេត្ដ​នេះ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​។ តំបន់​ខេត្ដ​ព្រះសីហនុ​ក៏​ជា​ខេត្ដ ដែលមាន​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​រីកចម្រើន និង​ជា​ខេត្ដ​ដែលមាន​កំពង់ផែ​ទឹកជ្រៅ​ជាងគេ​នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ព្រលានយន្តហោះ​អន្តរជាតិ មាន​ផ្លូវ High way និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ដ ដែល​ទើបតែ​ធ្វើ​ទំនើបកម្ម​ធ្វើឱ្យ​ខេត្ដ​នេះ​ក្លាយជា​ខេត្ដ​ទំនើប​មួយ កំពុង​បោះជំហាន​ទៅមុខ ក្នុង​ទិសដៅ​ដែល​រាជរដ្ឋាភិបាល​កំណត់​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង​។

លោក​បញ្ជាក់ថា​៖ «​នេះ​ក៏​ជា​ឱកាស​មួយ​ដែល​រាជរដ្ឋាភិបាល​ជ្រើសរើស​យក​ខេត្ដ​ព្រះសីហនុ​ក្នុង​ការរៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា ដើម្បី​បង្ហាញ​ទៅដល់​បណ្ដា​ប្រទេស​នានា ដែលជា​សមាជិក​នៃ​អង្គការ PEMSEA មាន សិង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំង​មាន​អង្គការ​ដៃគូ​ជាច្រើន​ទៀត​ឱ្យឃើញ​ពី​សក្តានុពល​ខេត្ដ​នៅជាប់​មាត់សមុទ្រ​របស់​កម្ពុជា​»​។

លោក​បន្តថា​៖ «​ប្រទេស​កម្ពុជា​របស់​យើង ក្រោម​ការដឹកនាំ​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ខេត្ដ​នៅជាប់​មាត់សមុទ្រ ដែលជា​ផ្នែក​មួយ​សំខាន់​លើ​ផ្នែក​សេដ្ឋកិច្ច គឺមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការរៀបចំ​មហាសន្និបាត​នេះ​»​។

លោក​ថា មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​ឆ្នាំ​ ២០២១ ​នេះ រួមមាន កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៃ​បណ្តា​ខេត្ត​របស់​ប្រទេស​សមាជិក PEMSEA សន្និសីទ​អន្តរជាតិ និង​វេទិកា​រដ្ឋមន្ត្រី គឺជា​មហាសន្និបាត​លើក​ទី​ ៧ បន្ទាប់ពី​បានរៀបចំ​ជា​លើក​ទី​ ១ ​នៅ​ឆ្នាំ​ ២០០៣ នៅ​ប្រទេស​ម៉ាឡេស៊ី​។ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​ត្រូវបាន​រៀបចំ​ឡើង​រៀងរាល់​ ៣ ​ឆ្នាំ​មកហើយ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាពជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ីបូព៌ា​។

លោក​ នេត្រ ភក្ត្រា និង​លោក គួច ចំរើន ថ្លែង​នៅក្នុង​សន្និសីទកាសែត​។ រូប រ៉ាស់ហ៊ីម

លោក​បន្តថា​៖ «​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ឆ្នាំ​ ២០២១ ​នេះ កម្ពុជា​របស់​យើង​ចាប់តាំងពី​បាន​ចូល​ជា​សមាជិក​នៅក្នុង​អង្គការ​ភាព​ជា​ដៃគូ​នៃ​ការគ្រប់គ្រង​បរិស្ថាន​អាស៊ីបូព៌ា (PEMSEA) នៅ​ឆ្នាំ​ ១៩៩៤ នេះ​គឺជា​លើក​ទី​ ១ ​ហើយ​ដែល​កម្ពុជា​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​មហាសន្និបាត​នេះ​។ អង្គការ PEMSEA គឺ​បាន​ដំណើរការ​នៃ​ការរៀបចំ​មហាសន្និបាត​របស់ខ្លួន​តាំងពី​ឆ្នាំ ​២០០៣ រហូតមក​។ ការរៀបចំ​មហាសន្និបាត​នេះ គឺធ្វើឡើង​ជា​រៀងរាល់​ ៣ ​ឆ្នាំ​ម្ដង ទៅ​តាម​បណ្ដា​ប្រទេស ទៅ​តាម​អក្ខរក្រម​»​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា​៖ «​កម្ពុជា​របស់​យើង គឺ​ទើបតែ​បាន​រៀបចំ​មហាសន្និបាត​នេះ​លើក​ទី​ ១ ព្រោះ​កន្លងមក​ប្រទេស​យើង​នៅ​មិនទាន់​រៀបចំ​គ្រប់​លក្ខខណ្ឌ ដោយសារ​យើង​ត្រូវការ​ពេលវេលា​បន្ថែម​ក្នុង​ការកសាង​ពង្រឹង​ប្រទេស ហើយ​ឥឡូវនេះ គឺជា​ពេលវេលា​មួយ​សមស្រប ដែល​កម្ពុជា​មានលទ្ធភាព និង​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​អាស៊ីបូព៌ា​នេះ​»​។

លោក​ឱ្យដឹងថា ការដែល​រាជរដ្ឋាភិបាល​សម្រេច​ជ្រើសរើស​ខេត្ដ​ព្រះសីហនុ ធ្វើជា​កន្លែង​រៀបចំ​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​នេះ គឺ​ដោយសារ​ខេត្ដ​ព្រះសីហនុ គឺជា​ខេត្ដ​ ១ ក្នុងចំណោម​ខេត្ដ​ ៤ ​នៃ​ខេត្ដ​ដែលមាន​ព្រំប្រទល់​ជាប់​នឹង​សមុទ្រ ក្នុង​នោះ​មាន​ខេត្ដ​កំពត កែប កោះកុង និង​ខេត្ដ​ព្រះសីហនុ​នេះ​។

លោក​បន្ថែមថា ប្រទេស​កម្ពុជា​មាន​ឆ្នេរសមុទ្រ​ប្រវែង ៤៤០ ​គីឡូម៉ែត្រ​ក្នុង​នោះ​ឆ្នេរសមុទ្រ​នៅក្នុង​ខេត្ដ​ព្រះសីហនុ មាន​ជាង​ ១៧០ ​គីឡូម៉ែត្រ ហើយ​ខេត្ដ​ព្រះសីហនុ​ក៏​ជា​ខេត្ដ​មួយ​ដែល​កំពុងមាន​ការរីក​ចម្រើន​ខ្លាំង​។

លោក​ថ្លែងថា​៖ «​ដូច​អ្នកសារព័ត៌មាន​យើង​បាន​ឆ្លងកាត់ បើសិនជា​អ្នក​ដែល​មិន​បានមក​រយៈពេល​ ២ ​ទៅ​ ៣ ​ឆ្នាំមុន ហើយ​ទើបតែ​មក​នៅពេល​នេះ គឺអាច​នឹង​វង្វេងផ្លូវ​ខ្លះៗ ដោយសារ​តែ​កម្រិត​នៃ​ការអភិវឌ្ឍ​ខ្លាំង​»​។

អភិបាលខេត្ត​ព្រះសីហនុ លោក​ គួច ចំរើន សម្តែង​នូវ​ក្តី​រំពឹង​បែបនេះ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី​ ២៩ វិច្ឆិកា មុនពេល​ចាប់ផ្តើម​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា​លើក​ទី​ ៧ ដើម្បី​ជម្រាបជូន​អ្នកសារព័ត៌មាន​អំពី​ការត្រៀមខ្លួន​រួចជាស្រេច​របស់​កម្ពុជា​ក្នុង​ការរៀបចំ​ដឹកនាំ​មហាសន្និបាត​សមុទ្រ​អាស៊ីបូព៌ា ២០២១ និង​បង្ហាញ​ពី​សមិទ្ធផល​នានា​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន​សម្រាប់​ខេត្ត​ព្រះសីហនុ រៀបចំ​ដោយ​ក្រសួង​បរិស្ថាន និង​រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​សាលា​ខេត្ដ​។

លោក​ថ្លែងថា​៖ «​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ PEMSEA នាពេល​ខាងមុខ យើង​និយាយ​ពី​ឆ្នេរសមុទ្រ ខ្ញុំ​ក៏​នឹងចូលរួម​ដើម្បី​បាន​ការស្វែងយល់​បន្ថែម​តាមរយៈ​កិច្ចប្រជុំ​នេះ សង្ឃឹមថា​បានផ្ដល់​ពុទ្ធិ​ខ្លះ ឬក៏​បទពិសោធ​ខ្លះ ឬក៏​ផែនការ​មួយចំនួន​ណាខ្លះ ដែល​ខ្ញុំ​នឹង​ទទួល​បាន​ដើម្បី​យកមក​ខិតខំ​បន្តទៀត​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​របស់​យើង ក្នុងការ​ខិតខំ​កែលម្អ​ជា​បន្តបន្ទាប់​»​។

បើតាម ក្រសួង​បរិស្ថាន​មហាសន្និបាត​សមុទ្រ​ឆ្នាំនេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ទី​១ ​ចែករំលែក​មេរៀន​ជា​បទពិសោធ​តាមដាន​វឌ្ឍនភាព​ការងារ​កន្លងមក និង​ពង្រីក​បន្ថែម​នូវ​ការអនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ទី​២ ​បង្កើត​ និង​រៀបចំ​ឡើងវិញ​នូវ​យន្តការ​គ្រប់គ្រង ដែលមាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱកាស​ថ្មីៗ​បន្ថែមទៀត សម្រាប់​ភាព​ជា​ដៃគូ​ក្នុង​តំបន់ តាមរយៈ​បច្ចេកវិទ្យា​នវានុវត្តន៍ ការវិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្តរភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ​។ ទី​៣ ​កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏ច្បាស់លាស់​មួយ​សម្រាប់​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​សមុទ្រ​នាទសវត្សរ៍​ខាងមុខ ដោយ​អនុលោម​ទៅតាម​ផែនការ​ ១ ​ទសវត្សរ៍ របស់​អង្គការ​សហប្រជាជាតិ​នៃ​វិទ្យាសាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​សហប្រជាជាតិ​ឆ្នាំ​ ២០៣០ អនុសញ្ញា ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវចម្រុះ​សកល​ក្រោយ​ឆ្នាំ​ ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ​ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​៕

វីដេអូ៖