ភ្នំពេញៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព្រៃឈើប្រចាំតំបន់ (RECOFTC) នៅពេលថ្មីៗនេះបានចេញរបាយការណ៍ពិសេសមួយដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងការគ្រប់គ្រងដីព្រៃរបស់ប្រជាសហគមន៍ព្រៃឈើនៅកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលគេរំពឹងថានឹងក្លាយជាឯកសារយោងសម្រាប់ដាក់បញ្ចូលក្នុងគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
របាយការណ៍ដែលមានជាង ២០ ទំព័រ និង ៦ ជំពូកនោះបានបង្ហាញពីវិធីសាស្ត្រគ្រប់គ្រងព្រៃឈើផ្សេងៗគ្នារបស់ប្រជាសហគមន៍ព្រៃឈើដោយផ្អែកលើបទពិសោធ និងការយល់ដឹងរបស់ពួកគេ។ វាត្រូវបានគេរំពឹងថានឹងក្លាយជាឯកសារយោងសម្រាប់អ្នកបង្កើតគោលនយោបាយយកទៅពិនិត្យពិចារណាចាប់យកចំណុចសំខាន់ៗ ដើម្បីដាក់បញ្ចូលក្នុងគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិសម្រាប់អនុវត្តប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។
លោក តុល សុខជា ប្រធានគម្រោងជាដៃគូសម្រាប់វិស័យព្រៃឈើ និងជលផលនៅកម្ពុជាដំណាក់កាលទី ៣ ដែលជាផ្នែកមួយរបស់ RECOFTC បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា របាយការណ៍នេះមិនផ្ដោតសំខាន់លើបច្ចុប្បន្នភាពនៃគម្របព្រៃឈើជាតិនោះទេ។ ប៉ុន្តែផ្ដោតលើទំនាក់ទំនងនៃការរស់នៅជាមួយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃរបស់ប្រជាសហគមន៍ជនបទនៅកម្ពុជាមុន និងក្រោយពេលបង្កើតនូវគោលនយោបាយ ច្បាប់ស្ដីពីការគ្រប់គ្រងព្រៃឈើ និងបទដ្ឋានគតិយុត្តមួយចំនួនទៀត ព្រមទាំងការបែងចែកផលលាភដែលបានពីការលក់កាបូន។
លោកបានបញ្ជាក់ថា៖ «របាយការណ៍នេះផ្តល់នូវការយល់ដឹងជាមូលដ្ឋានអំពីការអភិវឌ្ឍគំរូផ្សេងៗនៃសហគមន៍ព្រៃឈើក្នុងប្រទេសកម្ពុជាតាមរយៈសំឡេងរបស់អ្នកដែលធ្វើការផ្លាស់ប្តូរជាក់ស្តែង ដូចជា ប្រជាសហគមន៍ អង្គការក្រៅរដ្ឋាភិបាល មន្ត្រីរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត។ យើងសង្ឃឹមថា របាយកាណ៍នេះនឹងផ្តល់នូវភាពច្បាស់លាស់បន្ថែមទៀតអំពីរបៀបបង្កើតគោលនយោបាយ និងការអនុវត្តនាពេលអនាគត »។
បើតាមលោក សុខជា មុនពេលបង្កើតរបាយការណ៍នេះគឺក្នុងអំឡុងឆ្នាំ ២០១៨-២០១៩ លោក និងក្រុមការងារ ៣ នាក់ទៀតបាននាំគ្នាសិក្សាស្រាវជ្រាវប្រមូលទិន្នន័យពីប្រភពផ្សេងៗ និងបានចុះជួបធ្វើបទសម្ភាសជាមួយប្រជាសហគមន៍ព្រៃឈើ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីយកមកវិភាគផ្ទៀងផ្ទាត់ស្វែងរកភាពត្រឹមត្រូវ និងស៊ីចង្វាក់ទៅនឹងស្ថានភាពជាក់ស្ដែងដែលសហគមន៍នីមួយៗបានជួបប្រទះតាំងពីមុនមកទល់បច្ចុប្បន្ន ដោយបានចំណាយពេលប្រមាណ ២ ឆ្នាំបន្ថែមទៀតទើបចងក្រងរបាយការណ៍ពិសេសនេះបានជោគជ័យ និងបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ថ្មីៗនេះ។
ក្នុងរបាយការណ៍ពិសេសនោះបានរំលេចពីសកម្មភាពរបស់សកម្មជនព្រៃឈើម្នាក់ក្នុងភូមិចំបក់ហោះក្នុងស្រុករវៀង ខេត្តព្រះវិហារ គឺលោក ឃា សុខជា ដែលជាទូទៅលោកតែងណែនាំឱ្យទេសចរជាតិ និងអន្តរជាតិ ស្វែងយល់ពីសារព្រមាននៅលើដើមឈើធំៗក្នុងព្រៃសហគមន៍របស់គាត់ ដែលមានខ្លឹមសារថា «សម្លាប់ខ្ញុំក្នុងនាមការអភិវឌ្ឍ»។«តើអ្នកនឹងរស់នៅដោយគ្មានខ្ញុំយ៉ាងដូចម្តេច?»។
ប្រជាជនកម្ពុជាជាង ៨០ ភាគរយរស់នៅក្នុងតំបន់ជនបទបានពឹងផ្អែកលើព្រៃឈើ និងធនធានធម្មជាតិដទៃទៀត។ ប៉ុន្តែសហគមន៍ទាំងនេះ ជាធម្មតាត្រូវបានទុកចោលពីការពិភាក្សានយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេស។ ជាលទ្ធផលព្រៃឈើជាច្រើនដែលពួកគេអាស្រ័យផលកំពុងរងគ្រោះ។ លោក សុខជា ឥឡូវនេះកំពុងរារាំងនិន្នាការនោះក្នុងនាមជាអ្នកត្រួសត្រាយនៃការគ្រប់គ្រងព្រៃឈើនៅតាមសហគមន៍។
លោក ឃា សុខជា ត្រូវបានក្រុមអ្នកស្រាវជ្រាវដកស្រង់សម្ដីមកចុះផ្សាយនៅក្នុងរបាយការណ៍ពិសេសនោះថា៖ «នៅពេលដែលភ្ញៀវទេសចរមកទស្សនាជាប្រចាំ ព្រៃអាចត្រូវបានការពារតាមរយៈប្រាក់ចំណូលដែលបានបង្កើត។ ពេលដែលខ្ញុំស្រមៃនេះវាធ្វើឱ្យខ្ញុំដឹងគុណចំពោះអ្វីដែលខ្ញុំបានធ្វើ»។
តាមរបាយការណ៍នេះ ព្រៃឈើ និងធនធានធម្មជាតិបានផ្តល់ប្រយោជន៍ច្រើនដល់ពួកឥស្សរជន ប៉ុន្តែព្រៃឈើដែលដឹកនាំដោយសហគមន៍បានបង្កើតក្តីសង្ឃឹមនៃឱកាសដើម្បីផ្លាស់ប្តូរការអភិវឌ្ឍមិនស្មើភាពជាច្រើនទសវត្សរ៍។
យ៉ាងណា នៅកម្ពុជា បញ្ហាប្រឈមជាមូលដ្ឋាននៅតែមានក្នុងនោះរាប់បញ្ចូលទាំងការអនុវត្តមិនត្រឹមត្រូវនៃច្បាប់ពាក់ព័ន្ធ គុណភាពអន់នៃដីព្រៃដែលបានបែងចែកដល់សហគមន៍ និងលទ្ធភាពទទួលបានប្រយោជន៍មិនស្មើគ្នា។
យ៉ាងណាក្ដី ប្រជាសហគមន៍ព្រៃឈើក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង លោក គង់ វុទ្ធី បានថ្លែងថា ព្រៃសហគមន៍របស់គាត់បានចៀសផុតពីនិន្នាការនេះ ដោយសារមានការដើរល្បាតជាប់រហូត ប៉ុន្តែសហគមន៍ជាច្រើននៅទូទាំងប្រទេសនៅតែបារម្ភពីអនាគត ។
លោក វុទ្ធី ជឿជាក់ថា ការអភិវឌ្ឍដែលមិនអាចគ្រប់គ្រងបានអាចបើកព្រៃសហគមន៍ដល់ការទន្ទ្រានយកដីខ្នាតតូច និងការកាប់ឈើខុសច្បាប់ជាពិសេសប្រសិនបើអាជ្ញាធរមូលដ្ឋានយល់ព្រមធ្វើផ្លូវឆ្លងកាត់ភូមិ។ ដោយគ្មានថវិកាសម្រាប់ដើរល្បាតប្រជាសហគមន៍ខ្លាចថា «ព្រៃសហគមន៍នឹងមិនស្ថិតស្ថេរ»។
នៅក្នុងរបាយការណ៍ពិសេសនោះ លោក គឹម សារិន នាយករងសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋមួយចំនួនភ័យខ្លាចថាព្រៃឈើសហគមន៍គឺជាការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីយកដីរបស់ពួកគេ។
លោកបានថ្លែងថា៖ «នៅពេលដែលពួកគេធ្វើ ពួកគេមានការភ្ញាក់ផ្អើលដោយបានរកឃើញសហគមន៍រស់នៅក្នុង និងក្បែរតំបន់ការពារ និងប្រើប្រាស់ព្រៃឈើសម្រាប់ជាអាហារ ឈើ ថ្នាំពេទ្យ និងប្រាក់ចំណូល»។
យោងតាមកម្មវិធីព្រៃឈើជាតិឆ្នាំ ២០១០ បានកំណត់គោលដៅព្រៃឈើសហគមន៍ចំនួន ២ លានហិកតានៅឆ្នាំ ២០២៩ ។ នេះគឺជាតំបន់ដែលនៅសេសសល់ បន្ទាប់ពីគោលដៅត្រូវបានកំណត់សម្រាប់ប្រភេទព្រៃឈើផ្សេងទៀតរួមទាំងព្រៃឈើការពារ និងផលិតកម្ម៕