
អាជ្ញាធរចុះត្រួតពិនិត្យដីព្រៃលិចទឹកនៅបឹងទន្លេសាប កាលពីថ្ងៃទី ២៩ វិច្ឆិកា។ រូបថត GRK
ភ្នំពេញៈ យ៉ាងហោចណាស់មានមនុស្សជាង ៦០ នាក់ ត្រូវបានកំណត់អត្តសញ្ញាណ និងត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការពាក់ព័ន្ធនឹងបទល្មើសកាប់ទន្ទ្រានឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ ដោយគ្រាន់តែខេត្តបាត់ដំបង និងខេត្តសៀមរាប មានការរំលោភបំពានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបជាង ១ ម៉ឺនហិកតា។
កាលពីថ្ងៃទី ២៨ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរខេត្តជុំវិញបឹងទន្លេសាប និងស្ថាប័នពាក់ព័ន្ធរួមគ្នាបង្ក្រាបបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹកយកដី និងបញ្ជាឱ្យចាប់ខ្លួនភ្លាមៗដោយដកហូតទ្រព្យសម្បត្តិចំពោះមន្ត្រីណាដែលជាប់ពាក់ព័ន្ធ ក្រោយទទួលបានរបាយការណ៍ស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ធ្នូថា មកដល់ពេលនេះក្រុមការងារខេត្តបានបន្តធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនជាប់ពាក់ព័ន្ធដើម្បីមានចំណាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីរបាយការណ៍ទូទាំងស្រុកជាប់នឹងបឹងទន្លេសាបបានបង្ហាញថា ផ្ទៃដីជាង ១២ ០០០ ហិកតា ក្នុងចំណោមផ្ទៃដីជាង ២០ ម៉ឺនហិកតាក្នុងតំបន់ ៣ ត្រូវបានរំលោភបំពាន។
លោក សុខ លូ បញ្ជាក់ថា ក្នុងប្រតិបត្តិការភ្លាមៗនេះ គឺមានមនុស្ស ៧ នាក់ត្រូវបានឃាត់ខ្លួន និងបញ្ចូនទៅតុលាការដោយសារតែបានប្រព្រឹត្តបទល្មើសជាក់ស្តែងក្នុងការកាប់ទន្ទ្រានដីព្រៃលិចទឹកនេះ ខណៈក្រុមការងារបន្តស្រាវជ្រាវបន្ថែម ដើម្បីដកហូតដីដែលបានបាត់បង់ត្រឡប់មកវិញ។ លោកថា៖ «តាមការប្រជុំវាយតម្លៃក្នុងគណៈកម្មការ និងស្រុកដែលរាយការណ៍មកនេះ គឺឃើញមានល្បាក់ ១២ ០០០ ហិកតា ជារួម។ ប៉ុន្តែយើងគិតករណីមិនទាន់ច្បាស់ថា មានការកាន់កាប់ពីឆ្នាំណា ដល់ឆ្នាំណាទេ នៅក្នុងតំបន់ទាំងនោះ គ្រាន់តែយើងបាត់ក្នុងល្បាក់ប៉ុណ្ណឹង»។
លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឱ្យដឹងក្នុងពេលចុះពិនិត្យព្រៃលិចទឹកក្នុងបឹងទន្លេសាបនៅថ្ងៃទី ៣០ វិច្ឆិកាថា អាជ្ញាធរខេត្ដសៀមរាបបានរកឃើញព្រៃលិចទឹកជាង ១០០ ហិកតា នៅខាងជើងបឹងទន្លេសាបស្ថិតនៅក្រុងសៀមរាបត្រូវបានកាប់ទន្ទ្រានយកដី ធ្វើជាកម្មសិទ្ធិឯកជន និងធ្វើការជួញដូរ។ ក្នុងបទល្មើសនេះ អាជ្ញាធរបានកំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យជិត ៥០ នាក់បញ្ចូនទៅតុលាការ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។
លោកបញ្ជាក់ថា៖ «ដីព្រៃលិចទឹកប្រហែល ១០០ ហិកតាត្រូវបានមនុស្ស ៤៧ នាក់កាប់ទន្ទ្រានយកចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះនេះគ្រាន់តែក្នុងក្រុងសៀមរាបមួយទេ។ ក្រោយពីរកឃើញ និងកំណត់ជនល្មើសហើយ អាជ្ញាធរបានប្ដឹងទៅតុលាការរួចហើយដែរ។ យើងនៅឱ្យអាជ្ញាធរស្រុកទាំង ៥ ជាប់បឹងទន្លេសាបនេះចុះពិនិត្យមើលបន្ថែមទៀត»។
បើតាមលោក ទៀ សីហា ដីព្រៃលិចទឹកនៅខាងជើងបឹងទន្លេសាបជាប់ខេត្ដសៀមរាបមានជាង ១២ ម៉ឺនហិកតា ក្នុងនោះមាននៅក្នុងស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុកក្រឡាញ់។ លោកបន្តថា៖ «ក្នុងនោះយើងបានកាត់ឆ្វៀលដីជូនបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើការបង្កបង្កើនផលជាក់ស្តែងក្នុងតំបន់អភិរក្សលិចទឹកចំនួន ៨ ៦៨៦ ហិកតា ចំនួន ៥ ស្រុក ស្មើនឹង ១៨ ឃុំ (ក្រឡាញ់ ពួក បាគង សូទ្រនិគម និងស្រុកជីក្រែង)»។
លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ធ្នូថា រដ្ឋបាលស្រុកដែលស្ថិតនៅជាប់តំបន់បឹងទន្លេសាប មានស្រុកបាកាន ស្រុកក្រគរ និងកណ្តៀង កំពុងបន្តស្រាវជ្រាវ និងកំណត់មុខសញ្ញាអ្នកជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃលិចទឹក។ ចំពោះលទ្ធផលនៃការកាប់ទន្ទ្រានព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាបក្នុងស្រុកទាំងនោះ នៅមិនទាន់បានបញ្ចប់នៅឡើយទេដែលមិនទាន់អាចដឹងថា មានប៉ះពាល់កម្រិតណានោះទេ។
ប៉ុន្តែលោក ជាវ តាយ បញ្ជាក់ថា៖ «យើងមិនទាន់ច្បាស់នៅឡើយដែរ គ្រាន់តែក្នុងរបាយការណ៍ផ្ទៃដីទាំងមូលពាក់ព័ន្ធនឹងបឹងទន្លេសាប នៅតំបន់ ២ មានជាង ៩ ម៉ឺនហិកតា និងតំបន់ ៣ មានជាង ១៣ ០០០ ហិកតា។ ជារបាយការណ៍ជាក់លាក់ យើងនឹងពិនិត្យមើលឡើងវិញ»។
កាលពីថ្ងៃទី ២៩ វិច្ឆិកា លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះដកហូតដោយផ្ទាល់លើផ្ទៃដីជាង ២ ០០០ ហិកតា ដែលស្ថិតក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈលោក ហ៊ុន សែន បានប្រកាសថា ដីទាំងជាង ២ ០០០ ហិកតានេះ គឺសុទ្ធតែមានជាប់ពាក់ព័ន្ធនឹងមន្ត្រីធំៗនៅក្នុងខេត្ត។
រដ្ឋាភិបាលបានចេញអនុក្រឹត្យកាលពីឆ្នាំ ២០១១ ដើម្បីកំណត់តំបន់ជុំវិញបឹងទន្លេសាបដោយតំបន់ ១ តំបន់ ២ និងតំបន់ ៣ ហើយក្នុងតំបន់ ៣ គឺជាតំបន់មួយ ដែលបានកំណត់ដោយព្រំប្រទល់ច្បាស់លាស់ព្រោះជាតំបន់ព្រៃលិចទឹកដែលហាមឃាត់ដាច់ខាត ការរំលោភបំពាន៕