ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធផ្លូវ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ នេះបានប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកធ្វើជានាយករដ្ឋមន្ត្រីបន្ត នៅពេលខាងមុខ។
លោក ហ៊ុន សែន ប្រកាសគាំទ្រ យ៉ាងដូច្នេះ ឆ្លើយតបទៅនឹងការវិភាគ និងការលើកឡើងជាបន្តបន្ទាប់ថា លោកនឹងដាក់លោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ត។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការគាំទ្រលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជានាយករដ្ឋមន្រ្តីបន្តនេះ ត្រូវធ្វើឡើងតាមរយៈការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ «និយាយឱ្យច្បាស់ថ្ងៃហ្នឹងតែម្តងទៅ បណ្តុះបណ្តាលកូន មិនមែនយកមកឱ្យធ្វើមេចោរទេ។ ហ៊ុន ម៉ាណែត ជាបេក្ខភាពមួយក្នុងចំណោម បេក្ខភាពនាយករដ្ឋមន្ត្រី ហើយ ឪពុកវាគាំទ្រកុំឱ្យហ្អែងពិបាកវិភាគពេក»៕