ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរគ្រប់ខណ្ឌត្រូវបង្កើតកម្មវិធីផ្ដល់អំណោយនូវអាវរងា ភួយ ក្រមា និងថវិកា ដល់មនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលា ដោយសារអាកាសធាតុបាននិងកំពុងចុះត្រជាក់បណ្តើរៗហើយ។
លោកបានលើកឡើងដូចនេះ កាលពីថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០២១ ក្នុងពេលលោកនាំយកអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់សមាជិក សមាជិកា សមាគមមនុស្សចាស់ ដែលមានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ។
លោក ឃួង ស្រេង បានថ្លែងថា៖ «ខ្ញុំសុំស្នើឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវបង្កើតកម្មវិធីផ្ដល់អំណោយជូនមនុស្សចាស់ដែលមានទាំងថវិកា អាវរងា ភួយក្រមា កុំឱ្យហួសសប្តាហ៍នេះ ដោយសារតែអាកាសធាតុបានចាប់ផ្ដើមចុះត្រជាក់ហើយ»។
លោកបានបញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញបានកសាងសមាគមមនុស្សចាស់បានទាំង១០៥សង្កាត់ហើយ។ ដូច្នេះអាជ្ញាធរខណ្ឌសង្កាត់ត្រូវចុះពិនិត្យតាមដាននិងសួរសុខទុក្ខមនុស្សចាស់នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយសារតែមនុស្សចាស់ជាអ្នកមានគុណហើយប្រពៃណីដូនតាខ្មែរក៏បានបន្សល់ទុកគឺត្រូវតែមានកតញ្ញូចំពោះមនុស្សចាស់ផងដែរ។
សមាជិក សមាជិកា សមាគមមនុស្សចាស់ មានជីវភាពក្រីក្រនៅក្នុងខណ្ឌដង្កោ ដែលទទួលអំណោយនេះ មានចំនួន ១២០ នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ចំនួន៥ម៉ឺនរៀល អាវរងា ១ ភួយ ១ និងក្រមា ១។
បន្ទាប់ពីមានការជំរុញពីអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២ ខែលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បាននាំយកអំណោយប្រគល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញដែលជាសមាជិក-សមាជិកាសមាគមមនុស្សចាស់ដែលមានជីវភាពក្រីក្រសរុបចំនួន ១១០ នាក់។
នាឱកាសនោះដែរ លោក សុខ ពេញវុធ ក៏បានក្រើនរំឭកទៅដល់ប្រជាពលរដ្ឋនិងអ៊ំពូមីងដែលជាចាស់ជរាត្រូវចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងវិធានសុខាភិបាលផ្សេងៗទៀត ដើម្បីការពារខ្លួនពីជំងឺឆ្លងកាចសាហាវកូវីដ១៩ ស្របពេលដែលអាកាសធាតុកំពុងចុះត្រជាក់នេះ។
គួរបញ្ជាក់ថា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានឆ្លងទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា កន្លងមកនេះលោក ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធររាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ផ្ដល់នូវអាវរងា ភួយ ជូនមនុស្សចាស់ដោយសារតែអាកាសធាតុនឹងចុះត្រជាក់រហូតដល់អំឡុងខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខ៕
វីដេអូ៖