ភ្នំពេញៈ កម្ពុជា និងឥណ្ឌូនេស៊ី ឯកភាពពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងការទូត រវាងប្រទេសទាំង ២ និងប្រកាសគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីក្នុងឆាកអន្តរជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។
ការបញ្ជាក់ជំហរបែបនេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី ១ ធ្នូ នៅទីស្តីការក្រសួងការបរទេស រវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោកស្រីរ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ៣០ វិច្ឆិកា ដល់ថ្ងៃទី ១ ធ្នូ ដើម្បីលើកកម្ពស់ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង ២។
សេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសកម្ពុជាបញ្ជាក់ នាថ្ងៃទី ២ ធ្នូ ថា៖ «រដ្ឋមន្រ្តីការបរទេសទាំង២បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាផ្សេងៗដែលជាចំណាប់អារម្មណ៍រួម និងបញ្ជាក់អំពីការគាំទ្រគ្នា ទៅវិញទៅមក ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន (ASEAN) ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក»។
លោក ប្រាក់ សុខុន បានរំឭកអំពីការគាំទ្ររបស់ឥណ្ឌូនេស៊ី ចំពោះកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយជោគជ័យ និងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២។ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី ក៏បានអរគុណដល់កម្ពុជា ចំពោះការគាំទ្រការធ្វើជាប្រធាននៃកិច្ចប្រជុំ G-20 របស់ឥណ្ឌូនេស៊ី នៅឆ្នាំ២០២២ ក្រោមមូលបទ «ងើបឡើងវិញជាមួយគ្នា ងើបឡើងវិញកាន់តែរឹងមាំ»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «រដ្ឋមន្រ្តីការបរទេសទាំង២ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំង២ និងរំពឹងថា កិច្ចប្រជុំគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៥ នឹងត្រូវរៀបចំឡើងនាពេលឆាប់ៗខាងមុខ នៅកម្ពុជា»។
ក្រសួងការបរទេសឱ្យដឹងថា លោកស្រី Retno L.P. Marsudi បានកោតសរសើរកម្ពុជាចំពោះការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រកបដោយជោគជ័យ ខណៈកម្ពុជាកំពុងបើកឡើងវិញជាបណ្តើរៗនូវសកម្មភាពសង្គមសេដ្ឋកិច្ចព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជាលើវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។
ប្រភពដដែលបន្តថា ទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី មានការរីកចម្រើនលើវិស័យនានាជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ សុខាភិបាល ទេសចរណ៍ និងការតភ្ជាប់ ដោយផ្អែកលើស្មារតី នៃការទុកចិត្តគ្នា យោគយល់គ្នា និងដើម្បីជាផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានផ្តល់ការឧបត្ថម្ភគាំទ្រដល់ការកសាងសមត្ថភាពកងទ័ព ក៏ដូចជា វគ្គបណ្តុះបណ្តាល ដល់កងយោធពលខេមរភូមិន្ទ និងអង្គភាពអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោក ប្រាក់ សុខុន បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី ១ ខែធ្នូថា កិច្ចប្រជុំទ្វេភាគី រវាងលោកនិងលោកស្រី Retno L.P. Marsudi បានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។ លោកបង្ហាញ នូវក្តីរំពឹង ដោយសុទិដ្ឋិនិយមថាទំនាក់ទំនងនៃប្រទេសទាំង ២ នឹងបន្តរីកចម្រើនរហូត។
ក្នុងជំនួបជាមួយលោកស្រី Retno L.P. Marsudi កាលពីថ្ងៃទី ៣០ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរតួនាទីដ៏សកម្មរបស់ឥណ្ឌូនេស៊ី ក្នុងវេទិកាតំបន់ និងអន្តរជាតិនានា។ លោកបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ី ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា។ លោកលើកឡើងថាដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងទំនាក់ទំនង រវាងកម្ពុជា និងឥណ្ឌូនេស៊ី។
លោក ហ៊ុន សែន និងលោកស្រី Retno L.P. Marsudi បានជជែកគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិក្នុងពេលថ្មីៗនេះដែលជាកង្វល់រួម ក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២ ខែធ្នូថា ឥណ្ឌូនេស៊ី គឺជា «បងធំ» មួយនៅក្នុងអាស៊ាន។ ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ីនៅពេលនេះ គឺជាចំណែកមួយនៃការរឹតបន្តឹងទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។ ជាពិសេសក្នុងកាលៈទេសៈខាងមុខដែលកម្ពុជានឹងក្លាយជាប្រធានអាស៊ានប្តូរវេន គឺក្នុងឆ្នាំ ២០២២។
លោកថ្លែងថា៖ «ក្នុងនាមជាសមាជិកដែលមានឥទ្ធិពលមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហ្នឹង ខ្ញុំជឿថា ឥណ្ឌូនេស៊ីនឹងព្យាយាម Engage [ចូលរួម] ជាមួយនឹងប្រទេសកម្ពុជា ដើម្បីធានាបាននូវដំណើរប្រព្រឹត្តទៅនៃកិច្ចការងារអាស៊ានដូចអ្វីដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះចង់បាន ក៏ដូចជាចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាទាំងនៅក្នុងតំបន់ និងបញ្ហាមួយចំនួនទៀតនៅក្នុងពិភពលោក ដែលមានភាពពាក់ព័ន្ធគ្នាចាក់ស្រេះដូចពេលបច្ចុប្បន្ននេះ បាទ»៕